លោក Ibrahim Bouderbala ប្រធានសភានៃសាធារណរដ្ឋទុយនីស៊ី និងអនុប្រធានសភាទាំងពីរ
រដ្ឋធានីទុយនីស៖ សភាតំណាងប្រជាជននៃសាធារណរដ្ឋទុយនីស៊ីបានបើកសម័យប្រជុំដំបូងនៃសភានីតិកាលថ្មីរបស់ខ្លួន ក្រោយពីត្រូវបានលោកប្រធានាធិបតី Kais Saied បង្កកសភានីតិកាលមុន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២១ និងក្រោយមករំលាយសភាចោល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កន្លងមក។
នៅចំពេលដែលមានវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង សមាជិកសភាតំណាងប្រជាជនសរុប ១៥៤រូប នៃសមាជិកសភា១៦១រូប បានធ្វើពិធីសច្ចាប្រណិធានស្បថចូលកាន់តំណែងនៅឯសម័យប្រជុំសភា កាលពីថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីហួរ បានធ្វើសេចក្តីរាយការណ៍។ ៧អាសនៈដែលនៅទំនេរ ទុកសម្រាប់សមាជិកសភាមកពីបរទេស នឹងត្រូវបោះឆ្នោតបំពេញអាសនៈនាពេលក្រោយ នៅក្នុងមណ្ឌលបោះឆ្នោតពាក់ព័ន្ធ។ សភានីតិកាលថ្មី ក៏បានបោះឆ្នោតជ្រើសតាំងលោក Ibrahim Bouderbala ជាប្រធានសភាផងដែរ។
លោក Bouderbala អតីតប្រធានសមាគមវិជ្ជាជីវៈមេធាវីទុយនីស៊ី ទទួលបានសំឡេងគាំទ្រ ៨៣សំឡេង នៅក្នុងការបោះឆ្នោតជុំទី២ ខណៈដែលគូប្រជែងរបស់លោក គឺលោក Abdessalem Dahmani ទទួលបានការគាំទ្រ ៦៧សំឡេង។ លោកប្រធានសភាវ័យ ៧១ឆ្នាំរូបនេះនឹងត្រូវបានលោកស្រី Saou ssen Mabrouk និងលោក Anouer Marzouki ជួយការងារក្នុងនាមជាអនុប្រធានសភាដែលបានជាប់ឆ្នោត នៅក្នុងសម័យប្រជុំតែមួយ។
លោក Bouderbala បានថ្លែងបន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភាថា “ចាប់ពីថ្ងៃនេះ នៅក្នុងប្រវត្តិសាស្រ្តទុយនីស៊ី យើងបានរួបរួមយ៉ាងរឹងមាំ ពួតដៃគ្នាក្នុងការទទួលយកបញ្ហាប្រឈម សំខាន់ៗ ពោលគឺដើម្បីសេចក្តីពេញចិត្ត ដែលជាបំណងប្រាថ្នារបស់ប្រជាជនទុយនីស៊ី”។ គួរបញ្ជាក់ផងដែរថា សភាទុយនីស៊ីនីតិកាលថ្មី បានជាប់ឆ្នោតកាលពីខែធ្នូ ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣ នៅក្នុងការបោះឆ្នោតមួយដែលមានចំនួនអ្នកចេញទៅបោះឆ្នោតតែប្រមាណជា ១១% ប៉ុណ្ណោះ៕
http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ១៥-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105771112/Tunisia-Holds-1St-Session-Of-New-Parliament-After-19-Months
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម