logo logo
banner1
បណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) និងសន្និបាតអន្តរសភា អាស៊ាន (AIPA) ចុះអនុស្សរណៈនៃការយោគយល់គ្នា
 

បណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ និងសន្និបាតអន្តរសភាអាស៊ានចុះអនុស្សរណៈនៃការយោគយល់គ្នា

លោកស្រី Sahiba Gafarova ប្រធានសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានបណ្តាញ  សភានៃចលនាមិនចូលបក្សសម្ព័ន្ធ(NAM) បានចួបជាមួយលោកស្រី Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារ ទៅកាន់រាជធានីម៉ាណាម៉ា នៃព្រះរាជាណាចក្របារ៉ែន។

កិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងសភាអាស៊ែបៃហ្សង់ និងសន្និបាតអន្តរសភាអាស៊ាន (AIPA) ត្រូវបានកត់សម្គាល់ក្នុងអំឡុងពេលនៃជំនួប។ ការផ្តល់ឋានៈជា​អ្នក​សង្កេតការណ៍ដល់សភាអាស៊ែបៃហ្សង់ក្នុង AIPA កាលពីឆ្នាំ២០២២ ក៏ត្រូបានលើកឡើងផងដែរ។ គួរកត់សម្គាល់ថា ជាទូទៅសភាត្រូវរង់ចាំពី ២ ទៅ៣ឆ្នាំ ទើបទទួលបាន​ឋានៈមួយនេះ ប៉ុន្តែការដាក់ពាក្យរបស់សភាអាស៊ែបៃហ្សង់ត្រូវបានអនុម័តភ្លាមៗតែម្តង។

លោកស្រី  Gafarova  ក្នុងនាមជាប្រធានបណ្តាញសភា NAM បានកត់សម្គាល់ថា បណ្តាញសភាមានចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមសកម្មភាពចំណង​ទាក់ទងជាមួយ​ស្ថាប័នអន្តរសភា ក្នុងនោះរួមទាំង AIPAផងដែរ។ ពាក់ព័ន្ធនឹងសកម្មភាពរបស់បណ្តាញសភា ​NAM លោកស្រីបានកត់សម្គាល់ពីការគាំទ្រជាទូទៅពី អន្តរជាតិចំពោះគំនិ​ត​ផ្តួចផ្តើមដ៏សំខាន់ លេចជារូបរាងឡើងពីសំណាក់លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ក្នុងនាមលោកជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធ (NAM)។ លោកស្រី Gafarova ក៏បានលើកឡើងផងដែរ ពីកិច្ចប្រជុំបង្កើតបណ្តាញសភា  NAM  នៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ២០២១ ហើយសន្និសីទលើកទី១ ធ្វើឡើងនៅក្នុង​ទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ និងត្រៀមរៀបចំធ្វើសន្និសីទលើកទី២ នៅក្នុងទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។

លោកស្រីអគ្គលេខាធិការសន្និបាតអន្តរសភាអាស៊ាន (AIPA) បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ របស់អាស៊ែបៃហ្សង់ក្នុងនាមជាប្រធានបណ្តាញសភា NAM និងបាន​កត់សម្គាល់ពីការគាំទ្រជាទូទៅពីអន្តរជាតិ នៃការចាត់វិធានការរបស់អាស៊ែបៃហ្សង់ដើម្បីធានាការអភិវឌ្ឍស្ថាប័នបណ្តាញសភា NAM។ លើសពីនេះទៀត ការផ្លាស់ប្តូរ​ទស្សនៈ​គ្នាទៅវិញទៅមកបានធ្វើឡើងលើកិច្ចការនៃផលប្រយោជន៍ទៅវិញទៅមក។ ជំនួបខាងលើបានបញ្ចប់ដោយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងបណ្តាញ សភានៃចលនាមិនចូលបក្សសម្ព័ន្ធ NAM និងសន្និបាតអន្តរសភាអាស៊ាន (AIPA)៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៤-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105759710/NAM-Parliamentary-Network-ASEAN-Inter-Parliamentary-Assembly-Sign-Mou



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`