logo logo
banner1
ប្រធានាធិបតីកូរ៉េខាងត្បូងគាំទ្រលោក Kim Gi-hyeon សមាជិកសភា ដែលត្រូវបានជាប់ឆ្នោតជាប្រធានគណបក្សអំណាចប្រជាជនថ្មី
 

លោក Kim Gi-hyeon សមាជិករដ្ឋសភាកូរ៉េខាងត្បូងលើកដៃសប្បាយរីករាយ​ ខណៈលោកជាប់ឆ្នោត​ ជាប្រធានគណបក្សអំណាចប្រជាជនថ្មី ក្នុងមហាសន្និបាតបក្ស នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣

លោក Kim Gi-hyeon សមាជិករដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានជាប់ឆ្នោតជាប្រធានគណបក្សអំណាចប្រជាជនថ្មី នៅក្នុងមហាសន្និបាតបក្ស កាលពីថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣។

មហាសន្និបាតបក្សលើកដំបូងដែលត្រូវបានប្រារព្ធធ្វើឡើង ចាប់តាំងពីលោក Yoon Suk-yeol ចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីឆ្នាំ ២០២២ មកនោះ លោក Kim បានទទួលសំឡេងគាំទ្រភាគច្រើ​ន នាំឱ្យលោកក្លាយជាថ្នាក់ដឹកនាំគណបក្សនយោបាយនេះ។

ក្នុងអំឡុងពេលដំណើរការមហាសន្និបាតបក្សនោះ ការគាំទ្រលោក Kim យ៉ាងពេញទំហឹង ដែលទទួលបានពីលោកប្រធានាធិបតី Yoon នោះ បានបង្កឱ្យមានការចោទ​ប្រកាន់ ពីបទជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគណបក្ស។ ឥឡូវនេះ លោក Kim ប្រឈមមុខនឹងភារកិច្ចត្រូវបង្កើតទំនាក់ទំនងឱ្យមានតុល្យភាពគ្នា រវាងគណបក្សអំណាច​ប្រជាជន និងតំណែងប្រធានាធិបតី និងរួបរួមគណបក្សនយោបាយនានា នៅមុនការបោះឆ្នោតសកលនាខែមេសា ឆ្នាំ២០២៤ ខាងមុខ។

នៅឯមហាសន្និបាតបក្ស ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិកូរ៉េ (Korea International Exhibition Center) ក្នុងទីក្រុង Goyang-si       នៃខេត្ត Gyeonggi នោះ​ លោក​ Kim បានទទួលសំឡេងគាំទ្រ ២៤៤,១៦៣ សំឡេង ស្មើនឹង ៥២,៩៣% ខណៈគូប្រជែងរបស់លោក គឺលោក Ahn Cheol-soo ទទួលបានសំឡេងគាំទ្រតែ ១០៧,៨០៣ សំឡេង ស្មើនឹង ២៣,៣៧% ប៉ុណ្ណោះ។

លោក Kim បានថ្លែងសុន្ទរកថាក្នុងអំឡុងពេលចូលកាន់តំណែងរបស់លោកថា «លោកនឹងចូលរួមជាមួយសមាជិកគណបក្សនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាព​សាធារណៈ ហើយនាំយើងឆ្ពោះទៅរកជ័យជំនះពិតប្រាកដមួយនៅក្នុងការបោះឆ្នោតសកលនាឆ្នាំ២០២៤ ខាងមុខ។ ចូរយើងចូលរួមទាំងអស់គ្នាដើម្បីសម្រេចជ័យ​ជំនះ​ដ៏ភ្លូកទឹកភ្លូកដីមួយ នៅក្នុងការបោះឆ្នោតនេះ»។

ក្នុងសន្និសីទសារព័ត៌មានជាបន្តបន្ទាប់ លោក Kim ក៏បានសន្យាផងដែរថា នឹងជួបពិភាក្សាការងារជាមួយប្រធានគណបក្សប្រឆាំងផ្សេងៗ រួមទាំង លោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យ ផងដែរ ដើម្បីស្តាប់មតិយោបល់នានារបស់ពួកគាត់ តាមដែលអាចធ្វើបាន។

លោក Kim Jae-won អតីតសមាជិករដ្ឋសភា, លោក Kim Byeong-min អតីតសមាជិកក្រុមប្រឹក្សាបណ្តោះអាសន្ន, និងសមាជិកសមាជិការដ្ឋសភា ២ រូប ទៀតរួមមាន លោកស្រី​ Cho Su-jinនិងលោក Tae Young-ho ដែលនឹងដឹកនាំគណបក្សនេះ រួមជាមួយលោក Kim ខណៈលោកស្រី Jang Ye-chan ប្រធានមូលនិធិយុវជនកូរ៉េ ជាប់ឆ្នោត​ជា​តំណាងយុវជនក្រុមប្រឹក្សាកំពូល។   ថ្នាក់ដឹកនាំគណបក្សនយោបាយទាំងនេះ ត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោកប្រធានាធិបតី Yoon៕

http://ព័ត៌មានសភាទ្វីបអាស៊ី ១០-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://english.hani.co.kr/arti/english_edition/e_national/1082899.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`