ទង់ជាតិនៃព្រះរាជាណាចក្រស៊ុយអែត
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រស៊ុយអែតបានថ្លែងថា ខ្លួនបានបញ្ជូនសេចក្តីព្រាងមួយស្តីពីការសុំចូលជាសមាជិកអង្គការណាតូ ទៅកាន់សភា។ តាមរយៈសេចក្តីថ្លែងការណ៍មួយរាជរដ្ឋាភិបាលបានថ្លែងថា “ពេលនេះ រាជរដ្ឋាភិបាលបានបញ្ជូនសេចក្តីព្រាងច្បាប់មួយ ស្នើឱ្យសភាអនុម័តគាំទ្រឱ្យស៊ុយអែតចូលអង្គការណាតូ។ សេចក្តីច្បាប់នេះគឺជាជំហានដ៏សំខាន់មួយ លើមាគ៌ាឆ្ពោះទៅរកសមាជិកភាពណាតូ”។
លោក Tobias Billstrom រដ្ឋមន្រ្តីក្រសួងការបរទេសស៊ុយអែតបានថ្លែងថា ការចូលអង្គការណាតូ គឺជាមធ្យោបាយដ៏ល្អបំផុតមួយ ដើម្បីធានាសន្តិសុខជាតិ និងរួមចំណែកក្នុងការពង្រឹងសន្តិសុខតំបន់អឺរ៉ូ-អាត្លង់ទិកទាំងមូល។ “សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាលស្តីពីការចូលជាសមាជិកអង្គការណាតូ គឺជា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយ និងជាជំហានដ៏សំខាន់មួយលើមាគ៌ាឆ្ពោះទៅជាសមាជិកភាព។ មានន័យថា យើងបានត្រៀមរួចរាល់ដើម្បីចូលអង្គការណាតូ រួមជាមួយសាធារណរដ្ឋហ្វាំងឡង់ នៅពេលណាដែល បណ្តាប្រទេសជាសមាជិកអង្គការណាតូទាំងអស់បានផ្តល់សច្ចាប័នលើពិធីសារចូលជាសមាជិករបស់ពួកយើង”។ ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ កាលពីខែឧសភា ឆ្នាំ២០២២ តែប៉ុន្មានខែ បន្ទាប់ពីសហព័ន្ធរុស្ស៊ីបានបើកប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន។
កិច្ចខិតខំប្រឹងប្រែងចូលជាសមាជិកណាតូ ដើមឡើយត្រូវបានរារាំងពីប្រទេសតួកគី ដោយបានចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងស្តុកខុល និងទីក្រុងហែលស៊ិនគីបានគាំទ្រក្រុមភេរវករ ដោយសំដៅដល់ការគាំទ្រគណបក្សកម្មករជនជាតិឃើត ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ាចាត់ទុកថាជា អង្គការភេរវករ។ ក្រោយមក តួកគីបានដកការជំទាស់របស់ខ្លួន បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងបី បានជួបគ្នានៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីខែមិថុនា ឆ្នាំ២០២២ ជាទីដែលពួកគេបានចុះហត្ថលេខាលើអនុស្សរណៈមួយស្តីពីសន្តិសុខ ដើម្បីរៀបចំនីតិវិធីចូលជាសមាជិកអង្គការទ័ពសម្ព័ន្ធមិត្តសម្រាប់ប្រជាជាតិទាំងពីរ។
ប៉ុន្តែយ៉ាងណាក៏ដោយ នីតិវិធីនៃការចូលជាសមាជិកអង្គការណាតូ បាននៅទ្រឹងកាលពីខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានឧបត្ដិហេតុដុតគម្ពីរគូអាន (គម្ពីរសាសនាឥស្លាម) នៅប្រទេសស៊ុយអែត។ លោក Recep Tayyip Erdogan ប្រធានាធិតីតួកគីបានថ្លែងថា ទីក្រុងស្តុកខុលមិនគួរត្រូវបានទីក្រុងអង់ការ៉ាគាំទ្រឱ្យចូលជាសមាជិកណាតូនោះឡើយ។ ប្រទេសតួកគីក៏បានពិភាក្សាជាមួយបណ្តាប្រទេសជាសមា ជិកអង្គការណាតូពីលទ្ធភាពនៃការអនុម័តលើពាក្យស្នើសុំចូលជាសមាជិករបស់ហ្វាំងឡង់ ដាច់ដោយឡែក។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយមកកិច្ចពិភាក្សាជាមួយប្រទេសស៊ុយអែតក៏បានបន្តឡើងវិញ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១០-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/swedish-government-sends-draft-law-on-nato-me-1655619.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម