
យោងតាមរបៀបវារៈ ដែលប្រកាសឱ្យដឹងនៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣ នៅប៉ុន្មានថ្ងៃខាងមុខនេះ សភាប្រជាជនចិន នឹងបោះឆ្នោតអនុម័តលើផែនការកែទម្រង់ស្ថាប័នក្រោមចំណុះក្រុមប្រឹក្សារដ្ឋ ឬហៅម៉្យាងទៀតថាគណៈរដ្ឋមន្រ្តី ព្រមទាំងសម្រេចលើសមាសភាពគណៈរដ្ឋមន្រ្តីសម្រាប់៥ឆ្នាំបន្ទាប់ ដែលក្នុងនោះក៏រួមមានផងដែរ នូវការជ្រើសរើសនាយករដ្ឋមន្រ្តី នៃគណៈរដ្ឋមន្រ្តីថ្មី។
លោកWang Choa អ្នកនាំពាក្យសភាប្រជាជនចិន បានថ្លែងថា កិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជា-ជនចិនឆ្នាំនេះ ក៏នឹងពិនិត្យផងដែរលើរបាយការណ៍ជាច្រើន ស្តីពីលទ្ធផលការងាររបស់នាយករដ្ឋមន្រ្តីបច្ចុ-ប្បន្ន។ សេចក្តីព្រាងវិសោធនកម្មមួយចំនួន នៃច្បាប់ស្តីពីនីតិកម្ម(The Legislative Law) ដែលជាវិធីសាស្រ្តបង្កើតច្បាប់ ក៏ស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំសភា ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣ នេះដែរ។ ក្រៅពីការបោះឆ្នោតអនុម័តលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី សមាជិកសភាប្រជាជនចិនដែលមានចំនួនជិត៣,០០០នាក់ ក៏នឹងបោះឆ្នោតអនុម័តផងដែរ លើសមាសភាពមន្រ្តីថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសចិន ជាពិសេស គឺការជ្រើសរើសប្រធានាធិបតី សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់។ លោកXi Jinping ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងនៅតែបន្តទទួលបានការគាំទ្រពីសមាជិកសភា ក្នុងការបោះឆ្នោតថ្ងៃទី១០ ខែមីនា ឱ្យបន្តកាន់តំណែងជាប្រធានាធិបតីដដែល សម្រាប់អាណត្តិទី៣របស់លោក រយៈពេល៥ឆ្នាំបន្តទៀត។ ក្នុងសប្តាហ៍នេះ លោកXi បានលើកឡើងសាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការរៀបចំបែបស៊ីជម្រៅឡើងវិញនូវស្ថាប័នរដ្ឋ និងអង្គភាពចំណុះបក្សកុម្មុយនីស្តចិន ដោយបញ្ជាក់បន្ថែមថា លោកនឹងបង្ហាញជូនសភាអំពីផែនការកំណែទម្រង់ស្ថាប័នរដ្ឋ។
នៅថ្ងៃទី១០ ខែមីនា សមាជិកសភាប្រជាជនចិន ក៏គ្រោងនឹងបោះឆ្នោតអនុម័តផងដែរលើផែនការកំណែទម្រង់ស្ថាប័នចំណុះក្រុមប្រឹក្សារដ្ឋ។ ការទាមទារឱ្យមានកំណែទម្រង់ស្ថាប័ននេះ កើតឡើងពីព្រោះក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចរបស់សាធារណរដ្ឋប្រជាមានិតចិន មានកំណើនតែ៣%ប៉ុណ្ណោះ ដែលជាកំណើន ទាបបំផុត មិនធ្លាប់មានក្នុងពាក់កណ្តាលសតវត្សរ៍ចុងក្រោយនេះ កំណើនទាបដោយសារវិធានការតឹងរ៉ឹងរបស់លោកXi ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលក្រោយមក វិធានការនេះត្រូវបានលើកលែងវិញក្នុង ខែធ្នូ ឆ្នាំ២០២២។
នៅថ្ងៃអាទិត្យ ទី៥ ខែមីនា នេះ នៅពេលចាប់ផ្តើមបើកកិច្ចប្រជុំសភា លោកនាយករដ្ឋមន្រ្តីLi Keqi ang នឹងថ្លែងជម្រាបជូនសភា អំពីរបាយការណ៍ស្តីពីការងាររបស់រដ្ឋាភិបាល ដែលក្នុងនោះក៏រួមមានផងដែរនូវគោលដៅកំណើនសេដ្ឋកិច្ចផ្លូវការឆ្នាំ២០២៣ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធសេដ្ឋកិច្ច និងសង្គម។ យោងតាមប្រភពដែលថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានReutersនៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលចិនមានគោលដៅបង្កើនផលិតផលក្នុងស្រុកសរុប(GDP) ៦%សម្រាប់ឆ្នាំ២០២៣ ដែលកាលពីខែវិច្ឆិកាឆ្នាំ២០២២ គឺគ្រោងបង្កើនប្រហែល ពី៤.៥%ដល់៥.៥% ប៉ុណ្ណោះ។
ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីសម្រាប់៥ឆ្នាំបន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ហើយ នៅថ្ងៃទី១២ ខែមីនា សភានឹងបោះឆ្នោតជ្រើសរើសមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ដូចជា ឧបនាយករដ្ឋមន្រ្តី ទីប្រឹក្សារដ្ឋ (State Councillors) រដ្ឋមន្រ្តី និងទេសាភិបាលធនាគារប្រជាជនចិន។
សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីច្បាប់នីតិកម្ម ដែលសភាគ្រោងពិនិត្យនិងអនុម័ត គឺជាសេចក្តីព្រាងវិសោធនកម្ម ដែលនឹងអនុញ្ញាតឱ្យគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន អាចអនុម័តយល់ព្រមលើសេចក្តីព្រាង ឬសេចក្តីស្នើច្បាប់ ក្នុងស្ថានភាពគ្រាអាសន្ន បន្ទាប់ពីបានពិនិត្យ និងពិភាក្សាតែមួយលើក។ គណៈកម្មាធិការអចិន្រ្តៃយ៍ ដែលមានតួនាទីអនុម័ត និងធ្វើវិសោធនកម្មច្បាប់ ក្នុងពេលដែលសភាមិនស្ថិតក្នុងសម័យប្រជុំ ធ្លាប់បានបោះឆ្នោតអនុម័ត ក្នុងខែមិថុនា ឆ្នាំ២០២០ បង្កើតច្បាប់ដ៏ល្បីល្បាញមួយ ស្តីពីសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង បន្ទាប់ពីបានពិភាក្សាចំនួនពីរជុំ។ សមាជិកសភា នឹងបោះឆ្នោតអនុម័តលើសេចក្តីព្រាងវិសោធនកម្មនេះ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣៕
http://ព័ត៌មានពីអង្គការសភា ០៥-០៣-២៣- តូនី ប្រែសម្រួលពី៖ https://www.reuters.com/world/china/china-parliament-review-state-entity-reform-plan-legislative-law-2023-03-