logo logo
banner1
សភាជប៉ុនអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនចូលរួមក្នុង​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសចតុភាគី នៅប្រទេសឥណ្ឌា
 

លោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ឆ្លើយសំណួរក្នុងអំឡុងពេល                                                         នៃកិច្ចប្រជុំគណៈកម្មាធិការថវិកានៃសភាជាន់ខ្ពស់ នាថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣

បន្ទាប់ពី សភាជប៉ុនពិភាក្សាសម្រេចរកមធ្យោបាយជូនលោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដែលមិនអាចចូលរួមក្នុងកិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រីការ​បរទេសនៃប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេទាំង ២០ (G20) រយៈពេល២ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅសាធារណរដ្ឋឥណ្ឌារួចមក លោក Hayashi ត្រូវបានសភា​អនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសចតុភាគី (Quad) នៅថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣ នេះ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសចតុភាគីនេះ គឺជា​ក្របខណ្ឌមួយនៃក្រុមប្រទេស ដែលរួមមាន ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ក៏នឹងបើកកិច្ចប្រជុំរបស់ខ្លួនក្នុងប្រទេសឥណ្ឌានេះ ផងដែរ។

លោក Hayashi មិនបានចូលរួមក្នុងកិច្ចប្រជុំនៃក្រុមប្រទេស G20 នេះឡើយ ពីព្រោះលោកត្រូវមានវត្តមានក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើ​សេចក្តីព្រាងច្បាប់​ថវិកា​ជាតិឆ្នាំសារពើពន្ធ ២០២៣ នៅឯ​គណៈកម្មាធិការ​ថវិកានៃសភាជាន់ខ្ពស់។ លោក Kenji Yamada ទេសរដ្ឋមន្ត្រីក្រសួងការបរទេស នឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស  G20 នេះ ជំនួសលោក Hayashi ។

នីតិវិធីសភាដែលភ្ជាប់លោក Hayashi ទៅនឹងកិច្ចប្រជុំសភាជាន់ខ្ពស់នោះ បានធ្វើឡើងក្រោម​ការរិះគន់ថា​ បានបំផ្លាញជំហរការទូតរបស់ជប៉ុន។ ដូច្នេះហើយបានជាប្រធាន​គណៈកម្មាធិការកិច្ចការសភានៃសភាជាន់ខ្ពស់ មកពីគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញជប៉ុន បានបើកកិច្ចប្រជុំ កាលពីថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ ដោយបានឯកភាពគ្នាថា គណបក្សរបស់ខ្លួន នឹងមិនតម្រូវឱ្យមានវត្តមានរដ្ឋមន្ត្រីការបរទេស​ក្នុងកិច្ចប្រជុំគណៈកម្មាធិការថវិកា នាថ្ងៃសុក្រ​ ទី០៣ ខែមីនា ឆ្នាំ២០២៣ នេះឡើយ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសចតុភាគីនេះ ត្រូវបានគេរំពឹងថា នឹងបញ្ជាក់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិច ក្នុងកិច្ចប្រជុំនាថ្ងៃសុក្រនេះ ជាមួយនឹងការឃ្លាំមើលប្រទេសចិន ដែលបានកំពុងបង្កើនសកម្មភាពដោយកម្លាំង៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០៣-០៣-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://japannews.yomiuri.co.jp/politics/politics-government/20230302-94494/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`