logo logo
banner1
សភាអឺរ៉ុបហាមឃាត់ការប្រើកម្មវិធី TikTok របស់ចិនលើឧបករណ៍បំពេញការងារ
 

កម្មវិធីចែករំលែកវីដេអូតាមបណ្តាញទំនាក់ទំនងសង្គម TikTok ដ៏ពេញនិយមរបស់ក្រុមហ៊ុនចិន ByteDane

សភាអឺរ៉ុបបានប្រាប់បុគ្គលិករបស់ខ្លួនឱ្យលុបចោលកម្មវិធី TikTok ពីឧបករណ៍ដែលប្រើសម្រាប់បំពេញ​ការងារ ដោយសារព្រួយបារម្ភពីសុវត្ថិភាពទិន្នន័យ បន្ទាប់ពី​វិធានការដូចគ្នានេះ ត្រូវបានធ្វើឡើងដោយអង្គនីតិប្រតិបត្តិដ៏សំខាន់របស់សហភាពអឺរ៉ុបកាលពីសប្តាហ៍មុន។ លោកស្រី Roberta Metsola Tedesco Triccas ប្រធានសភា​អឺរ៉ុប និងលោក​ Alessandro Chiocchetti អគ្គលេខាធិការសភាអឺរ៉ុប បានសម្រេចថា កម្មវិធី TikTok មិនត្រូវឱ្យប្រើ ឬតម្លើងនៅលើឧបករណ៍របស់បុគ្គលិក  ដូចជា  ទូរសព្ទដៃ កុំព្យូទ័របញ្ជាលើអេក្រង់(tablet) និងកុំព្យូទ័រយួរដៃ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣តទៅ។

សភាអឺរ៉ុបបានចេញអនុសាសន៍ខ្លាំងៗឱ្យ សមាជិកសភាអឺរ៉ុប និងបុគ្គលិកសភាលុបចោលកម្មវិធី TikTok ចេញពីឧបករណ៍ផ្ទាល់ខ្លួនទាំងអស់។ គួររំលឹកថា កាលពីថ្ងៃ​ព្រហស្បតិ៍សប្តាហ៍មុន គណៈកម្មការអឺរ៉ុបដែលជាអង្គនីតិប្រតិបត្តិ និងក្រុមប្រឹក្សាអឺរ៉ុប ដែលតំណាងឱ្យរដ្ឋចំនួន២៧ ជាសមាជិកសហភាពអឺរ៉ុបបានចេញបញ្ជាដូចគ្នានេះ  ដោយព្រួយបារម្ភពាក់ព័ន្ធនឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ វិធានការដូចគ្នា នេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន​បានចាត់វិធានការប្រឆាំងនឹងកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមមួយដែលមានក្រុមហ៊ុនចិន ByteDane ជាម្ចាស់កម្មសិទ្ធិ។ ក្រុមប្រទេសលោកខាងលិចកំពុងតែ​ព្រួយបារម្ភ​ជាពិសេស អំពីអ្វីដែលប្រទេសចិនអាចចូលយក ទិន្នន័យដ៏រសើបរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក ប៉ុន្តែយ៉ាងណាក៏ដោយក្រុមហ៊ុនមួយនេះបានបដិសេធ​យ៉ាងដាច់​ខាតថា  ទីក្រុងប៉េកាំងមិនបានគ្រប់គ្រង  ឬចូលយកទិន្នន័យណាមួយនោះឡើយ។​

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន TikTok បានទទួលស្គាល់ថា បុគ្គលិកខ្លះនៅក្នុងប្រទេសចិន ពិតជាអាចចូលយកទិន្នន័យរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបពិតមែន។  កាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣សេតវិមានបានទុកពេល៣០ថ្ងៃ ឱ្យទីភ្នាក់ងារ-ស្ថាប័នទាំងអស់របស់សហព័ន្ធលុបចោលកម្មវិធី TikTok ចេញពីឧបករណ៍​បំពេញការងាររបស់រដ្ឋាភិបាល បន្ទាប់ពីសភាសហរដ្ឋអាម៉េរិកបានចេញបម្រាមមួយកាលពីចុងឆ្នាំ២០២២។  ក្នុងថ្ងៃដដែលនោះរដ្ឋាភិបាលកាណាដាក៏បានហាមឃាត់​ការ​ប្រើកម្មវិធី TikTok នៅលើទូរសព្ទ និងឧបករណ៍ទាំងអស់​ ក្នុងហេតុផលដូចគ្នា ដោយព្រួយបារម្ភពីសុវត្ថិភាពទិន្នន័យ នៅចំពេល ដែលចំណងទាក់ទងរវាងចិន និងកាណាដា​នៅតែមានភាពរកាំរកូសនឹងគ្នា។

ភ្លាមៗនេះ ក្រុមហ៊ុន TikTok​ មិនទាន់បញ្ចេញយោបល់យ៉ាងណាចំពោះបម្រាមរបស់សភាអឺរ៉ុប នៅឡើយទេក៏ប៉ុន្តែកាលពីសប្តាហ៍មុន ក្រុមហ៊ុនមួយនេះបានអះអាងថា​ខ្លួនបាន​ការពារទិន្នន័យរបស់អ្នកប្រើប្រាស់ប្រចាំខែប្រមាណ ១២៥លាននាក់ នៅក្នុងសហភាពអឺរ៉ុប៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០២-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105681962/EU-Parliament-Bans-Tiktok-On-Work-Devices



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`