logo logo
banner1
សភាដាណឺម៉ាកទទូចឱ្យសមាជិកសភា និងបុគ្គលិកសភា លុបចោលកម្មវិធី ចែករំលែកវីដេអូ TikTok របស់ចិន ដោយបារម្ភពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត
 

កម្មវិធីចែករំលែកវីដេអូតាមបណ្តាញទំនាក់ទំនងសង្គមរបស់ចិន TikTok ដ៏កំពុងពេញនិយម

សភានៃព្រះរាជាណាចក្រដាណឺម៉ាក បានទទូចឱ្យអ្នកនយោបាយ និងបុគ្គលិករបស់ខ្លួនលុបចោល កម្មវិធីចែករំលែកវីដេអូតាមបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមមួយ ឈ្មោះ TikTok ចេញពីទូរស័ព្ទរបស់ខ្លួនដើម្បីជាវិធានការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ព្រោះតែហានិភ័យនៃចារកម្ម(ការលួចយកទិន្ន ន័យ)។ កម្មវិធី TikTok ដែលមាន​ជនជាតិចិនជាម្ចាស់កម្មសិទ្ធិ បានប្រឈមនឹងការរឹតបន្តឹងសន្តិសុខនៅក្នុងទ្វីបអឺរ៉ុប  និងនៅសហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងសន្តិសុខ និងទិន្នន័យឯកជន ដោយសារមាន​ក្តីព្រួយ​បារម្ភថា កម្មវិធី TikTok មួយនេះអាចនឹងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់ទស្សនៈគាំទ្ររដ្ឋាភិបាលទីក្រុង ប៉េកាំង ឬលួចយកព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់។

លោក Søren Gade ប្រធានសភាដាណឺម៉ាកបានថ្លែងថា សំបុត្រអេឡិចត្រូនិក(e-mail)មួយត្រូវបានផ្ញើចេញ កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ទៅកាន់​សមាជិកសភាទាំង ១៧៩រូប និងបុគ្គលិកសភា​ ជាមួយនឹងការផ្តល់អនុសាសន៍ខ្លាំងៗឱ្យលុបចោលកម្មវិធី TikTok ប្រសិនបើអ្នកបានតម្លើងកម្មវិធីមួយនេះ។ វិធានការ​របស់សភាបានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃមួយចេញពីមជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់ដាណឺម៉ាកបានរកឃើញពីហានិភ័យនៃចារកម្ម។  មជ្ឈមណ្ឌលមួយនេះ គឺជាផ្នែកមួយនៃទីភ្នាក់ងារស៊ើបការសំងាត់បរទេសរបស់ដាណឺម៉ាក។

ភ្លាមៗនេះ គេនៅមិនទាន់ដឹងថាតើ មានសមាជិកសភាដាណឺម៉ាកច្រើនប៉ុណ្ណា ដែលបានតម្លើង  កម្មវិធី TikTok។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ​ មានអ្នកនយោបាយ​ជាច្រើនរូបបានប្រកាសជាសាធា  រណៈថា ពួកគាត់បានលុបចោលកម្មវិធីមួយនេះពីទូរសព្ទការងាររបស់ពួកគាត់ព្រោះហេតុផលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ គួរបញ្ជាក់​ផងដែរថា កាលពីដើមខែកុម្ភៈ អង្គនីតិប្រតិបត្តិរបស់សហភាពអឺរ៉ុបបានថ្លែងថា ខ្លួនបានហាមឃាត់បុគ្គលិកពីការប្រើប្រាស់កម្មវិធី TikTok នៅលើទូរសព្ទជាបណ្តោះអាសន្ន​ដើម្បីជា វិធានការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។

វិធានការរបស់សហភាពអឺរ៉ុប បានដើរតាមវិធានការដូចគ្នានេះដែលធ្វើឡើងនៅសហរដ្ឋអាម៉េរិក ដែលក្នុងនោះជាងពាក់កណ្តាលនៃ៥០រដ្ឋ នៅទូទាំងប្រទេស  និងសភា​សហរដ្ឋអាម៉េរិកបានហាមឃាត់ការប្រើប្រាស់កម្មវិធីចែករំលែកវីដេអូតាមបណ្តាញសង្គម TikTok នៅលើឧបករណ៍ផ្លូវការរបស់រដ្ឋាភិបាល៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០១-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euronews.com/2023/02/28/denmarks-parliament-urges-politicians-to-delete-tiktok-over-cybersecurity



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`