logo logo
banner1
ប្រធានសភាអេហ្ស៊ីប និងសមាជិកសភាអារ៉ាប់ ចូលជួបពិភាក្សាការងារជាមួយប្រធានាធិបតីស៊ីរី
 

លោក Bashar al-Assad ប្រធានាធិបតីស៊ីរីទទួលជួបប្រធានសភាអេហ្ស៊ីប និងប្រតិភូសភាអារ៉ាប់

កាលពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Hanafy el-Gebaly ប្រធានសភានៃសាធារណ   រដ្ឋអារ៉ាប់អេហ្ស៊ីបបានដឹកនាំគណៈប្រតិភូ​សមាជិកសភាមកពីមជ្ឈិម​បូព៌ា ឆ្ពោះទៅបំពេញទស្សនកិច្ចទៅកាន់សាធារណរដ្ឋអារ៉ាប់ស៊ីរី ដើម្បីជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Bashar al-Assad។ ទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពី​កិច្ចប្រជុំពាក់កណ្តាលកំពូល នៅក្នុងរដ្ឋធានីបាកដាដ នៃសាធារណរដ្ឋអ៊ីរ៉ាក់ ដែលបានគូសបញ្ជាក់ពី​ចេតនារបស់សម្ព័ន្ធអារ៉ាប់ក្នុងការនាំយកស៊ីរីត្រឡប់មកកាន់ផ្ទះវិញ បើទោះ បីជាប្រទេសមួយនេះកំពុងតែហិនហោចខ្ទេចខ្ទី ដោយសារសង្រ្គាមស៊ីវិលក៏ដោយ។

លោក el-Gebaly គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់អេហ្ស៊ីបដែលបានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសស៊ីរី ក្នុងពេលជាង ១ទសវត្សរ៍មកនេះ បន្ទាប់ពីបណ្តាប្រទេស​អារ៉ាប់ភាគច្រើនបានកាត់ផ្តាច់ចំណងទាក់ទងជាមួយលោកប្រធានាធិបតី al-Assad។ ប្រទេសស៊ីរីត្រូវបានព្យួរសមាជិកភាពពីសម្ព័ន្ធអារ៉ាប់ នៅក្នុងឆ្នាំ២០១១ ក្រោយពី​រដ្ឋាភិបាលរបស់លោក al-Assad បានបង្ក្រាបយ៉ាងឃោរឃៅលើមហាបាតុកម្មប្រឆាំងនឹងការដឹកនាំរបស់លោក។ ការងើបបះបោររបស់ប្រជាជនស៊ីរីបានធ្លាក់ទៅក្នុង​សង្រ្គាម​ស៊ីវិលដ៏ឃោរឃៅមួយយ៉ាងឆាប់រហ័ស។ ជម្លោះក្នុងប្រទេសមួយនេះ បានសម្លាប់មនុស្សជាង ៣០០,០០០នាក់ ហើយក្នុងចំនួនប្រជាជនស៊ីរី ២៣លាននាក់ មានពាក់​កណ្តាល​បានបាត់បង់ទីជម្រក។

សមាជិកសភាប៉ាឡេស្ទីន និងលីបង់ ព្រមទាំងសមាជិកសភាអារ៉ាប់ជាច្រើនរូបទៀត បានអមដំណើរលោក el-Gebaly ក្នុងដំណើរទស្សនកិច្ចនេះ​ បន្ទាប់ពីកិច្ចប្រជុំរបស់​សហភាពអន្តរសភាអារ៉ាប់ ធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅក្នុងរដ្ឋធានីបាកដាដ ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បណ្តាប្រទេសអារ៉ាប់ជាច្រើនបានបង្កើតចំណងទាក់ទងឡើងវិញ​ជាមួយ​លោក al-Assad ជាពិសេស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហាប្រល័យកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរី បានសម្លាប់មនុស្សជាង ៥១,០០០នាក់។ គ្រោះរញ្ជួយដីនេះបានធ្វើឱ្យវិបត្តិសេដ្ឋកិច្ចប្រទេសស៊ីរីកាន់តែធ្ងន់ធ្ងរថែមទៀត។

លោក el-Gebaly បានថ្លែងប្រាប់អ្នកសារព័ត៌មាន​ បន្ទាប់ពីយន្តហោះចុះចតនៅក្នុងរដ្ឋធានីដាម៉ាស ថា គណៈប្រតិភូសភាអារ៉ាប់ មកបំពេញទស្សនកិច្ចក្នុងប្រទេសស៊ីរី​ជាបងប្អូន ដើម្បីគាំទ្រដល់ប្រជាជនស៊ីរី ក្រោយជួបគ្រោះរញ្ជួយដី។ លោក el-Gebaly បានលើកឡើងពីសេចក្តីថ្លែងការណ៍រួមចេញពីកិច្ចប្រជុំទីក្រុង បាកដាដ ពីភាពចាំបាច់ក្នុង​ការចាប់ផ្តើមនីតិវិធី “ក្នុងការនាំយកស៊ីរីត្រឡប់ចូលផ្ទះអារ៉ាប់វិញ”។ យើងសង្ឃឹម ថាស៊ីរីនឹងត្រឡប់មកវិញនៅថ្ងៃណាមួយ៕

http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ២៧-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.devdiscourse.com/article/politics/2362959-egypt-speaker-arab-lawmakers-visit-syrian-president-assad



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`