គណៈប្រតិភូសមាជិកសភាកៀហ្ស៊ីស៊ីស្ថាន និងគណៈប្រតិភូសមាជិកសភាជាន់ទាបអាល្លឺម៉ង់
អង្គភាពសេវាព័ត៌មាននៃសភាកៀហ្ស៊ីស៊ីស្ថានបានថ្លែងឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៣ សមាជិកសភានៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន បានជួបពិភាក្សាការងារជាមួយសមាជិកសភាជាន់ទាបនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ភាគីទាំងពីរបានពិភាក្សាគ្នាពីការអភិវឌ្ឍចំណងទាក់ ទង នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងមនុស្សធម៌ ដោយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការសភា រវាងប្រទេសទាំងពីរ។
លោកស្រី Gulia Kojokulova សមាជិកសភា និងជាប្រធានក្រុមមិត្តភាពសភាកៀហ្ស៊ីស៊ីស្ថាន-អាល្លឺម៉ង់បានថ្លែងថា ជំនួបរវាងសមាជិកសភានៃប្រទេសទាំងពីរនឹងផ្តល់នូវផលវិជ្ជមានលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ “កៀហ្ស៊ីស៊ីស្ថានមានចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការដ៏សកម្មជាមួយសហភាពអឺរ៉ុប និងជាពិសេស ជាមួយភាគីអាល្លឺម៉ង់។ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយសភាជាន់ទាបអាល្លឺម៉ង់ គឺពិតជាសំខាន់សម្រាប់សភាកៀហ្ស៊ីស៊ីស្ថាន ព្រោះអាល្លឺម៉ងមានបទពិសោធក្នុង ការពង្រឹងប្រជាធិបតេយ្យ ការផ្តល់អំណាចដល់គណបក្សនយោបាយ សកម្មភាពតាក់តែងច្បាប់ និងការអនុវត្តមុខងារត្រួតពិនិត្យ”។
លោកស្រី Kojokulova បានទទូចឱ្យបញ្ចូលប្រទេសកៀហ្ស៊ីស៊ីស្ថានទៅក្នុងបញ្ជីអ្នកមានសិទ្ធិចូលរួមក្នុងកម្មវិធីអាហារូបករណ៍អ្នកជំនាញវ័យក្មេងរបស់សភាជាន់ទាបអាល្លឺម៉ង់។ លោកស្រីបានសម្តែងនូវ ការដឹងគុណដល់អាល្លឺម៉ង់ ចំពោះការលុបចោលបំណុលសាធារណៈចំនួន ១៤.៩លានអឺរ៉ូ និងបានពិភាក្សាការពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានវិទ្យា អប់រំ ការថែទាំសុខភាព និងគម្រោងរួមគ្នាក្នុងវិស័យទាំងនេះ ។ សម្រាប់ភាគីអាល្លឺម៉ង់ លោក Eugen Schmidt សមាជិកសភាអាល្លឺម៉ង់ និងជាប្រធានក្រុមមិត្តភាពសភាអាល្លឺម៉ង់-អាស៊ីកណ្តាលបានថ្លែងថា អាល្លឺម៉ង់ក៏មានចំណាប់អារម្មណ៍ក្នុង ការអភិវឌ្ឍចំណងទាក់ទងទ្វេភាគីជាមួយកៀហ្ស៊ីស៊ីស្ថានផងដែរ។
លោក Schmidt បានថ្លែងបន្តថា ដោយសារតែតួនាទីរបស់សមាជិកសភាមានសារៈសំខាន់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូច្នេះយើងគួរតែផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរសភាដ៏សកម្មមួយ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៤-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://akipress.com/news:695632:Members_of_Parliament_of_Kyrgyzstan,_Bundestag_discuss_bilateral_cooperation/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម