logo logo
banner1
ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ និងប្រធានព្រឹទ្ធសភាកាណាដា ពិភាក្សាអំពីវិធីសាស្រ្តពង្រឹងទំនាក់ទំនងសភា
 

លោក Saqr Ghobash (ស្តាំ) ក្នុងអំឡុងពេលជួបពិភាក្សាការងារជាមួយលោក George Furey

លោក Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ (FNC) នៃអេមីរ៉ាត់អារ៉ាប់រួម បានទទួល ជួបពិភាក្សាការងារជាមួយលោក George Furey ប្រធានព្រឹទ្ធសភានៃ​ប្រទេសកាណាដា និងគណៈប្រតិភូ អមដំណើររបស់លោកនៅទីស្នាក់ការកណ្តាលរបស់ FNC ក្នុងទីក្រុង Abu Dhabi ។

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាមួយចំនួនដែលជាផលប្រយោជន៍រួម ជាពិសេសគឺការអភិវឌ្ឍ និងការធ្វើឱ្យសកម្មនៃទំនាក់ទំនង​ការទូតសភា​រវាង​ភាគីទាំងពីរ ក៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម និងកាណាដា ក្នុងការអភិវឌ្ឍផ្នែកផ្សេងៗ នៃទំនាក់ទំនងដើម្បីពង្រឹង​កិច្ច​សហ​ប្រតិបត្តិការលើគ្រប់វិស័យ។ កិច្ចប្រជុំបានផ្តោតលើការវិវឌ្ឍចុងក្រោយ បង្អស់នៅក្នុងតំបន់ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងប្រឈមមុខនឹងអំពើភេរវកម្ម និងភាព ជ្រុលនិយម ព្រមទាំងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ស្វែងរកការដោះស្រាយបញ្ហាផ្សេងៗ តាមរយៈ កិច្ចខិតខំប្រឹងប្រែងការទូត និងដំណោះស្រាយនយោបាយ ព្រមទាំងការសម្រេចបាននូវសន្តិសុខ ស្ថិរភាព ក្នុងតំបន់ និងពិភពលោក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយសង្កត់ធ្ងន់លើ សារៈសំខាន់នៃការ​បង្កើតគណៈកម្មាធិការសភាដើម្បីពង្រឹងទំនាក់ទំនងដែលមានស្រាប់។ នៅដើមដំបូងនៃ កិច្ចប្រជុំ លោក Ghobash បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Furey និងគណៈ​ប្រតិភូអម​ដំណើរ ដែលតំណាងឱ្យដំណើរទស្សនកិច្ចលើកដំបូងនៅកម្រិតសភា ក្នុងក្របខ័ណ្ឌនៃការពង្រឹងកិច្ចសហប្រតិបត្តិ ការសភា។ លោក Ghobash បានមាន​ប្រសាសន៍​ថា ទំនាក់ទំនងរវាង UAE និងកាណាដា ដែលអូសបន្លាយ ជាងបីទសវត្សរ៍ គឺផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការសម្របសម្រួល និងសកម្មភាព​រួមគ្នាលើ​បញ្ហាជាតិ ក្នុងតំបន់ និងអន្តរជាតិផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ លោក Furey បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងការសម្របសម្រួលលើបញ្ហាផ្សេងៗ ដែលបង្កប់នូវការអភិវឌ្ឍ និងការរីក​ចម្រើននៃទំនាក់ទំនងមិត្តភាព ព្រម ទាំងភាពជាដៃគូដែលមានស្រាប់រវាងប្រទេសទាំងពីរ ដោយបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងសភា។ ប្រធានព្រឹទ្ធសភាកាណាដា ក៏បាន​អញ្ជើញលោក Ghobash ទៅបំពេញទស្សនកិច្ចនៅប្រទេសកាណាដា ក្នុងក្របខ័ណ្ឌនៃការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗ ជាពិសេសសភា៕

http://ព័ត៌មានសភាទ្វីបអាមេរិក ២២-០២-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://wam.ae/en/details/1395303131247



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`