logo logo
banner1
បញ្ហាដែលបានធ្លាប់កើតមាន ក្នុងការកំណត់កូតាសម្រាប់ការចូលរួមរបស់ស្រ្តីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងវិធីសាស្រ្តដោះស្រាយ
 

របាយការណ៍ចុងក្រោយរបស់សហភាពអន្តរសភា (IPU) ស្តីអំពីចំនួនស្រ្តីក្នុងសភា (The IPU Wo- men in Parliament Report) បានបង្ហាញថា ការកំណត់កូតាសម្រាប់ស្រ្តីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា គឺជាកត្តាដ៏សំខាន់ ក្នុងការធានាឱ្យមានភាពជាតំណាងរបស់ស្រ្តីច្រើនជាងមុននៅក្នុងសភានៃប្រទេសនីមួយៗ។

តួលេខបានបង្ហាញយ៉ាងច្បាស់លាស់ថា ក្នុងឆ្នាំ២០២១ ជាមធ្យមគឺមានស្រ្តីចំនួន៣១.៩ភាគរយ ត្រូវបានជ្រើសតាំងជាសមាជិកសភា(សរុបទាំងសភាជាន់ទាប និងសភាជាន់ខ្ពស់) ក្នុងចំណោមបណ្តា ប្រទេសដែលកំណត់កូតាសម្រាប់យេនឌ័រ (ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា) ខណៈដែលជាមធ្យម គឺមានស្រ្តីតែ១៩.៥ភាគរយប៉ុណ្ណោះ ដែលត្រូវបានជាជ្រើសតាំងជាសមាជិកសភា ក្នុងបណ្តាប្រទេសដែលមិនបានកំណត់កូតា ហើយនេះគឺជាការកើនឡើងយ៉ាងយឺតជាទីបំផុត។

ក្នុងចំណោមសភាជាន់ខ្ពស់ទូទាំងពិភពលោក មានប្រទេសចំនួន៤ ដែលមានស្រ្តីចំនួន២៩.១  ភាគរយ ត្រូវបានជ្រើសតាំងជាសមាជិកសភាជាន់ខ្ពស់។ ប្រទេសទាំង៤នោះបានកំណត់កូតាសម្រាប់ស្រ្តីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ខ្ពស់។ ចំណែកប្រទេសដែលមិនបានកំណត់កូតាវិញ ជាមធ្យមគឺមានស្រ្តីតែ២៣.៩ភាគរយប៉ុណ្ណោះ ដែលត្រូវបានជ្រើសតាំងជាសមាជិកសភាពជាន់ខ្ពស់។ ទោះបី​ជាការកំណត់កូតាអាចជួយបង្កើនភាពជាតំណាងរបស់ស្រ្តីក្នុងសភាក៏ដោយ ក៏ក្នុងឆ្នាំ២០២១នេះ គោលការណ៍កំណត់កូតា មិនសុទ្ធតែបានជួយឱ្យស្រ្តីអាចមានឱកាសច្រើនខ្លាំង ក្នុងការឈានជើងចូលអង្គុយកៅអីសភាឡើយ។ ខាងក្រោមនេះគឺជាភស្តុតាងមួយចំនួន នៃអំណះអំណាងខាងលើ។

សាធារណរដ្ឋអែលសាល់វ៉ាឌ័រ

       ច្បាប់មួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងប្រទេសអែលសាល់វ៉ាឌ័រ បានកំណត់ឱ្យ   គណបក្សនយោបាយទាំងអស់ ត្រូវដាក់បញ្ចូលស្រ្តីយ៉ាងតិច៣០ភាគរយ នៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកសភា។ ច្បាប់នេះក៏កំណត់ផងដែរឱ្យមានការផាកពិន័យចំពោះគណបក្សនយោបាយដែលមិនបានអនុវត្តតាមការកំណត់ខាងលើ។ ប៉ុន្តែ ច្បាប់មួយនេះមិនបានចែងលម្អិតអំពីការ

កំណត់លេខរៀងរបស់ស្រ្តី នៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឡើយ។ ដូច្នេះទោះបីជាមានការកំណត់កូតាចំនួនបេក្ខជននារីឈរឈ្មោះបោះឆ្នោតក្នុងបញ្ជីរបស់គណបក្សនីមួយៗក៏ដោយ ក៏ជាលទ្ធផលចំនួនស្រ្តីជាប់ឆ្នោតជាសមាជិកសភាបានធ្លាក់ចុះ គឺធ្លាក់ចុះពី៣១ភាគរយក្នុងការបោះឆ្នោតលើកមុន មកត្រឹមតែ២៧.៤ ភាគរយប៉ុណ្ណោះ ក្នុងការបោះឆ្នោតឆ្នាំ២០២១។

ក្នុងចំណោមមូលហេតុជាច្រើនដែលរារាំងមិនឱ្យបេក្ខជនជាស្រ្តី មានឱកាសស្មើគ្នាជាមួយបេក្ខជនជាបុរស គឺការផ្តល់ហិរញ្ញវត្ថុសម្រាប់យុទ្ធនាការបោះឆ្នោត។ សម្រាប់ការចំណាយក្នុងយុទ្ធនាការបោះឆ្នោត ជាមធ្យមការចំណាយរបស់គណបក្សនយោបាយលើបេក្ខជនបុរស គឺមានចំនួន២ដងច្រើនជាងការចំណាយលើបេក្ខជនជាស្រ្តី។

សាធារណរដ្ឋកូតឌីវ័រ

         ទោះបីជាបញ្ញត្តិថ្មីៗរបស់ប្រទេសនេះ បានតម្រូវឱ្យមានស្រ្តីមានចំនួន៣០ភាគក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនីមួយៗ និងតម្រូវឱ្យបេក្ខជនជាស្រ្តីនិងបុរសត្រូវមានលេខលំដាប់ឆ្លាស់គ្នាក្នុងបញ្ជីខាងលើក៏ដោយ ក៏ការបោះឆ្នោតក្នុងឆ្នាំ២០២១នេះ បានធ្វើឱ្យប្រទេសនេះជាប់លេខចុងប៉ូចគេខាងចំនួនសមាជិកាក្នុងសភា បើធៀបនឹងបណ្តាប្រទេសផ្សេងៗក្នុងអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។ ការបោះឆ្នោតក្នុងឆ្នាំ២០២១ ក្នុងប្រទេសកូតឌីវ័រ គឺមានស្រ្តីតែ១៤.១ភាគរយប៉ុណ្ណោះ​ ដែលត្រូវបានជ្រើសតាំងជាសមាជិកសភា ក្នុងចំណោមសមាជិកសភាសរុបចំនួនន២៥៤នាក់ គឺកើនឡើងតែ២.៨ភាគ រយប៉ុណ្ណោះ ធៀបនឹងការបោះឆ្នោតអាណត្តិមុន។

មូលហេតុគឺដោយសារតែច្បាប់ខាងលើ មិនបានចែងច្បាស់លាស់អំពីទណ្ឌកម្ម ចំពោះគណបក្ស   នយោបាយដែលមិនអនុវត្តតាម។ ជាលទ្ធផល ការបោះឆ្នោតក្នុងឆ្នាំ២០២១នៃប្រទេសនេះ គឺមានបេក្ខជនជាស្រ្តីឈរឈ្មោះបោះឆ្នោតតែ១៦.៨ភាគរយប៉ុណ្ណោះ។

សាធារណរដ្ឋកាហ្សាក់ស្ថាន

       នៅក្នុងប្រទេសកាហ្សាក់ស្ថាន ក្នុងឆ្នាំ២០២១នេះ គឺមានស្រ្តីតែ២៩រូបប៉ុណ្ណោះត្រូវបានជ្រើសតាំង ជាសមាជិកាសភាជាន់ទាបដែលមានសមាជិកសរុបចំនួន១០៧រូប គឺ២៧.១ភាគរយ គឺស្មើនឹងការបោះ ឆ្នោតក្នុងឆ្នាំ២០១៦ដែរ ទោះបីជាប្រទេសនេះបានធ្វើវិសោធនកម្មច្បាប់ជាច្រើន ដើម្បីកំណត់កូតាឱ្យមាន ស្រ្តី និងយុវជនត្រូវមានចំនួន៣0ភាគរយ ក្នុងបញ្ជីបេក្ខជនឈ្មោះឈរបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗក៏ដោយ។

បញ្ហាដែលធ្វើឱ្យចំនួនសមាជិកាសភា នៅក្នុងការបោះឆ្នោតឆ្នាំ២០២១នេះ មិនបានកើនឡើង គឺអាចដោយសារការកំណត់កូតា៣០ភាគរយរួមគ្នារវាងបេក្ខជនជាស្រ្តី និងបេក្ខជនជាយុវជន។ ទោះបីជាចំនួនបេក្ខជនជាស្រ្តីឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកសភា ក្នុងឆ្នាំ២០២១បានកើនឡើងជិត៩ភាគរយក៏ដោយ ក៏លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២១មិនធ្វើឱ្យអាសនៈស្រ្តីក្នុងសភា កើនឡើងជាងការបោះឆ្នោតឆ្នាំ២០១៦ដែរ។

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី

ក្នុងឆ្នាំ២០១១ ប្រទេសអាល់ហ្សេរីបានដាក់ឱ្យអនុវត្តនូវការកំណត់កូតា ដើម្បីបម្រុងអាសនៈសភា១ភាគ៣ ទុកឱ្យស្រ្តី។ ជាលទ្ធផល ភាគរយនៃចំនួនសមាជិកាសភានៅក្នុងសភាជាន់ទាបក្នុងប្រទេសនេះ បានកើនឡើងយ៉ាងខ្លាំងពី៧.៧ភាគរយក្នុងឆ្នាំ២០០៧ ដល់៣១.៦ភាគរយក្នុងឆ្នាំ២០១២។

ប៉ុន្តែក្នុងឆ្នាំ២០២១ ប្រទេសអាល់ហ្សេរីបានធ្វើការកែសម្រួលការកំណត់កូតា ដោយកំណត់ឱ្យមានចំនួនស្មើគ្នារវាងស្រ្តីនិងបុរស ក្នុងបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ។ ប៉ុន្តែច្បាប់ថ្មីមិនបានកំណត់អំពីការដាក់ទោសទណ្ឌចំពោះការមិនអនុវត្តតាមឡើយ ហើយគណបក្សដែលមិនមានចំនួនបេក្ខជនឈរឈ្មោះជាបុរសនិងស្រ្តីស្មើគ្នា ក៏នៅតែអាចចូលរួមក្នុងការបោះឆ្នោតបាន។ ការកែ សម្រួលច្បាប់ខាងលើ ត្រូវបានមនុស្សមួយចំនួនដែលនិយមបិតាធិបតេយ្យ ឆ្លៀតយកចំណេញបន្ថែមទៀតនៅក្នុងយុទ្ធនាការបោះឆ្នោត ដោយដាក់រូបបេក្ខជនឈរឈ្មោះជាស្រ្តីក្នុងលក្ខណៈមិនច្បាស់ ឬព្រិលៗ។

ទោះបីជានៅក្នុងបោះឆ្នោតឆ្នាំ២០២១ បេក្ខនារីឈរឈ្មោះសម្រាប់ការបោះឆ្នោតមានចំនួន៣៦.៨ ភាគរយក៏ដោយ ក៏ជាលទ្ធផល កំណើនចំនួនសមាជិកសភាក្នុងឆ្នាំ២០២១នេះ គឺកើនឡើងតែ៤.៧   ភាគរយប៉ុណ្ណោះធៀបនឹងការបោះឆ្នាតឆ្នាំ២០១៧។ នៅក្នុងរដ្ឋសភាដែលមានសមាជិកសរុប៤០៧រូប គឺមានស្រ្តីតែ៣៣រូប ប៉ុណ្ណោះ។  នៅក្នុងសភាទាំងមូល(ទាំងរដ្ឋសភា និងព្រឹទ្ធសភា) សមាជិកាស្រ្តីមានចំនួន៨. ១ភាគរយ គឺធ្លាក់ចុះចំនួន១៧.៦%បើធៀបនឹងឆ្នាំ២០១៧។ ការធ្លាក់ចុះនៃភាគរយសមាជិកាសភារបស់ប្រទេសអាល់ហ្សេរីក្នុងឆ្នាំ២០២១នេះ គឺជាការធ្លាក់ចុះធ្ងន់ធ្ងរជាងគេបំផុតក្នុងចំណោមប្រទេសនានា ដែលរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភាក្នុងឆ្នាំ២០២១។

រដ្ឋបង្រួបបង្រួមម៉ិកស៊ិក បានជួយត្រួសត្រាយផ្លូវ

       ខាងលើនេះគឺជាឧទាហរណ៍ជាក់ស្តែង ដែលបញ្ជាក់ថា បើត្រឹមតែមានការកំណត់កូតាសម្រាប់ស្រ្តី ចូលរួមក្នុងការបោះឆ្នោតតែម៉្យាង គឺមិនគ្រប់គ្រាន់ឡើយសម្រាប់ការបង្កើនភាពតំណាងរបស់ស្រ្តីនៅក្នុង សភា។ វាជារឿងចាំបាច់បំផុត ដែលប្រទេសនីមួយៗត្រូវមានភាពល្អិតល្អន់ក្នុងការកំណត់កូតា និងមានយន្តការដើម្បីពង្រឹងការអនុវត្ត។ ប្រទេសម៉ិកស៊ិកបានផ្តល់នូវបទពិសោធន៍ល្អមួយសម្រាប់ការអនុវត្តការងារនេះ។

នៅក្នុងប្រទេសម៉ិកស៊ិក គណបក្សនយោបាយទាំងអស់ត្រូវបានច្បាប់ តម្រូវឱ្យមានចំនួនស្មើគ្នារវាង បុរសនិងស្រ្តី នៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្ស។ ច្បាប់នេះក៏បានហាមឃាត់ផងដែរ មិនឱ្យដាក់បេក្ខជនជាស្រ្តីនៅមណ្ឌលណា ដែលគណបក្សនយោបាយអាចនឹងពិបាកឈ្នះក្នុងការបោះឆ្នោតឡើយ។ តាមការពិសោធន៍នៅទូទាំងពិភពលោក មានគណបក្សនយោបាយជាច្រើន បានដាក់ឱ្យស្រ្តីឈរឈ្មោះនៅមណ្ឌលបោះឆ្នោតដែលគណបក្សខ្លួនទំនងជានឹងអាចចាញ់ក្នុងការបោះឆ្នោត។

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសម៉ិកស៊ិក ក៏បានដាក់ឱ្យអនុវត្តផងដែរនូវបញ្ញត្តិ ដែលទប់ស្កាត់គណបក្សនយោបាយទាំងអស់ មិនឱ្យរើសអើងចំពោះស្រ្តីក្នុងក្របខ័ណ្ឌនៃការផ្តល់ហិរញ្ញប្បទានក្នុងយុទ្ធនាការនៃការបោះឆ្នោត មិនអនុញ្ញាតឱ្យឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតចំពោះជនទាំងឡាយណាដែលធ្លាប់ប្រព្រឹត្តិអំពើហិង្សាចំពោះស្រ្តី បង្កើតឱ្យមានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ដើម្បីជួយដល់ស្រ្តីដែលកំពុងប្រឈមមុខនឹងអំពើហិង្សាក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោត និងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយដើម្បីឱ្យមាននូវសមភាពនៃការផ្សាយព័ត៌មានអំពីបេក្ខជន និងបេក្ខនារី។

មានសកម្មភាពជាច្រើនទៀតទាក់ទងនឹងប្រពៃណី ដែលនាំឱ្យភាពជាតំណាងរបស់ស្រ្តី ក្រុមភេទទី៣ ក្រុមជនជាតិភាគតិច និងក្រុមជនពិការ មានតំណាងរបស់ខ្លួនតិចនៅក្នុងសភា។ ប៉ុន្តែការអនុវត្តច្បាប់ នៅក្នុងប្រទេសម៉ិចស៊ិក បានធ្វើឱ្យប្រទេសនេះសម្រេចបាននូវសមភាពយេនឌ័រនៅក្នុងសភាជាន់ទាប ក្នុង ការបោះឆ្នោតក្នុងឆ្នាំ២០២១។ កាលពី៣ទសវត្សរ៍កន្លងទៅនេះ ក្នុងចំណោមសមាជិកសភាជាន់ទាប៣០០រូប សមាជិកាមានចំនួនត្រឹមតែ២១នាក់តែប៉ុណ្ណោះ​ គឺស្មើនឹង៧ភាគរយ។

ចាប់តាំងពីឆ្នាំ២០០៣មក ប្រទេសម៉ិកស៊ិកបានដាក់ឱ្យអនុវត្តនូវការកំណត់ចំនួនកូតារបស់ស្រ្តីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា គឺតម្រូវឱ្យមានបេក្ខជនឈរឈ្មោះបោះឆ្នោតជាស្រ្តីចំនួន៣០ភាគរយ។ ក្នុងឆ្នាំ២០០៩ ចំនួនកូតានេះបានកើនដល់៤០ភាគរយ ហើយក្នុងឆ្នាំ២០១៤ ចំនួនកូតានេះបានកើនដល់៥០%។ ៦ឆ្នាំក្រោយមកគឺឆ្នាំ២០២០ សភាជាន់ទាបប្រទេសម៉ិចស៊ិក បានសម្រេចនូវគោលនៃការ ចំនួនសភាបុរស ស្មើនឹងចំនួនសមាជិកសភាជាស្រ្តី៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ១៤-០៣-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/case-studies/2022-03/when-quotas-go-wrong-and-what-do-about-it

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`