ទង់ជាតិរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក
ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិតចិន បានថ្កោលទោសចំពោះសេចក្តីសម្រេច របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយបានថ្កោលទោសឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងយន្តហោះស៊ីវិលគ្មាន មនុស្សបើក និងការលើកកម្ពស់ទ្រឹស្តី “ការគំរាមកំហែងរបស់ចិន” ដោយជំរុញយ៉ាងខ្លាំងឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបង្កាច់បង្ខូច និងការធ្វើឱ្យខូចដល់កិត្តិយសរបស់ប្រទេសចិន ដើម្បីជៀសវាងការខូចខាតបន្ថែម ទៀតដល់ទំនាក់ទំនងទ្វេភាគី។
គណៈកម្មាធិការកិច្ចការបរទេសនៃសភាប្រជាជនចិន (NPC) បានសម្តែងការថ្កោលទោសនៅក្នុង សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចដែលបានអនុម័តថ្មីៗនេះដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលអះអាងថាប្រទេសចិនបានប្រើប្រាស់ “ប៉ាឡុងហោះឃ្លាំមើលលើទឹកដីសហរដ្ឋអាមេរិក”។ សេចក្តីថ្លែងការណ៍ក៏បានរិះគន់ដល់សហរដ្ឋអាមេរិក ចំពោះការផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីប្រទេសចិន និងវាយប្រហារកេរ្តិ៍ឈ្មោះរបស់ខ្លួន។ សេចក្តីថ្លែង ការណ៍បានឱ្យដឹងថា វាគឺជាទង្វើមួយដើម្បីដាក់សម្ពាធលើប្រទេសចិន បន្ទាប់ពីសេចក្តីសម្រេចស្រដៀងគ្នានេះត្រូវបានអនុម័តដោយសភាតំណាងសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ប្រទេស ចិនបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដោយបានបន្ថែមថាឧបទ្ទវហេតុនេះ គឺជាព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ និងចៃដន្យទាំងស្រុង។ សេចក្តីថ្លែង ការណ៍បានឱ្យដឹងបន្ថែមទៀតថា ប្រទេសចិនបានជូនដំណឹងម្តងហើយម្តងទៀតដល់សហរដ្ឋអាមេរិក និង ចែករំលែកព័ត៌មានទៅកាន់សហគមន៍អន្តរជាតិទាន់ពេលវេលា ដោយបន្ថែមថា សហរដ្ឋអាមេរិកគួរតែដោះ ស្រាយវាឱ្យបានត្រឹមត្រូវក្នុងលក្ខណៈស្ងប់ស្ងាត់ វិជ្ជាជីវៈ និងការអត់ធ្មត់ ប៉ុន្តែសហរដ្ឋអាមេរិកបានបដិសេធ ការបញ្ជាក់ម្តងហើយម្តងទៀតរបស់ចិនអំពីជំហររឹងមាំរបស់ខ្លួន ប្រតិកម្មហួសហេតុ ព្រមទាំងរំលោភលើស្មារតីនៃច្បាប់អន្តរជាតិ និងការអនុវត្តអន្តរជាតិ។
សេចក្តីថ្លែងការណ៍ក៏បានចង្អុលបង្ហាញថា សភាអាមេរិកមានចេតនាញុះញង់ឱ្យមានការប្រឈមមុខ ដាក់គ្នា បង្កើតភាពតានតឹង និងព្រឹត្តិការណ៍នយោបាយ ដោយកត់សម្គាល់ថា “វាគឺជាទង្វើធម្មតានៃអនុត្តរភាព និងការគំរាមកំហែង” ៕
http://ព័ត៌មានសភាទ្វីបអាមេរិក ២១-០២-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.chinadaily.com.cn/a/202302/20/WS63f37c07a31057c47ebafcbb.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម