logo logo
banner1
សហភាពអន្តរសភា(IPU)អំពាវនាវជាថ្មី ឱ្យដោះលែងលោកស្រី Leila De Lima ខណៈដែលការឃុំខ្លួនលោកស្រីជិត ៦ឆ្នាំមកហើយ
 

លោកស្រី Leila De Lima អតីតសមាជិកព្រឹទ្ធសភាហ្វីលីពីនមកតុលាការហ្វីលីពីន

សហភាពអន្តរសភា (IPU) បានអំពាវនាវជាថ្មីឱ្យដោះលែងលោកស្រី Leila De Lima អតីតសមាជិកព្រឹទ្ធសភានៃសាធាណរដ្ឋហ្វីលីពីន និងទម្លាក់ចោទរាល់បទចោទមក​លើ​លោកស្រី ក្នុងគ្រាដែលការឃុំខ្លួនលោកស្រី De Lima នឹងឈានដល់ ៦ឆ្នាំហើយ នៅសប្តាហ៍ក្រោយ។

ការសម្រេចចិត្តដូចខាងលើ បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី១៧០ របស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់សមាជិកសភា ក្នុងទីក្រុងហ្សឺណែវ នៃសហព័ន្ធស្វីស។ គណៈកម្មាធិការនេះកាន់តែជឿជាក់ថា “ការចាត់វិធានការប្រឆាំងនឹងលោកស្រី De Lima បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់ឥតសំចៃមាត់របស់លោកស្រី​ទៅលើ​លោក Duterrte ដែលនៅពេលនោះ លោកគឺជាប្រធានាធិបតីហ្វីលីពីនពាក់ព័ន្ធនឹង  មធ្យោបាយនៃការចាប់ផ្តើមសង្រ្គាមប្រឆាំងគ្រឿងញៀន”។ ប្រសិនបើសំណុំរឿងនៅតែ​បន្ត IPU ស្នើសុំឱ្យមានវត្តមានអ្នកសង្កេតការណ៍របស់ខ្លួននៅក្នុងការជំនុំជម្រះក្តី ដើម្បីត្រួតពិនិត្យការប្រព្រឹត្តទៅនៃសំណុំរឿងរបស់លោកស្រីនៅមុខតុលាការសាខាទី២០៥ ឬទី២៥៦ នៃតុលាការតំបន់ ក្នុងទីក្រុង Muntinlupa។ IPU បានបង្ហាញនូវក្តីបារម្ភដ៏ជ្រាលជ្រៅរបស់ខ្លួន ដែលលោកស្រី de Lima “នៅតែបន្តស្ថិតនៅក្នុងពន្ធនាគារ” បើទោះ បីជាក្រោយពីសាក្សីដ៏សំខាន់១រូប បានដកការចោទប្រកាន់លើលោកស្រីក៏ដោយ។

កាលពីឆ្នាំ២០២២ លោក  Rafael Ragos ដែលជាសាក្សីនៃរឿងក្តី  បានដកការចោទប្រកាន់របស់លោកដែលថា លោកបានទទួលប្រាក់ពីទណ្ឌិតនៅក្នុងពន្ធនាគារ New Bilibid Prison ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ និងបានប្រគល់ប្រាក់នោះទៅឱ្យជំនួយការរបស់លោកស្រី de Lima។ លោក Ragos គឺជាអតីតអនុ​ប្រធាន​​ការិយាល័យជាតិស៊ើបអង្កេត និងជាអតីតប្រធានស្តីទីការិយាល័យអប់រំកែប្រែ។ លោកបានថ្លែងថា លោកត្រូវគេបង្ខំឱ្យផ្តល់សក្ខីកម្មប្រឆាំងនឹងលោកស្រី Lima ពីសំណាក់លោក Vitaliano Aguirre II ដែលនៅពេលនោះជា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដែលជាអ្នកដឹកនាំការស៊ើបអង្កេតដើម្បីចាប់កំហុសលោកស្រី Lima នៅក្នុងសវនាការ​របស់គណៈកម្មាធិការយុតិ្តធម៌នៃសភាតំណាងហ្វីលីពីនក្នុងឆ្នាំ២០១៦។

បន្ទាប់ពីលោក Ragos ដកការចោទប្រកាន់ ក្រសួងយុតិ្តធម៌បានថ្លែងថា ខ្លួននឹងទុកឱ្យតុលាការជាអ្នកសម្រេចលើរឿងនេះ។ គួរបញ្ជាក់ផងដែរថា សហភាពអន្តរសភា (IPU) មានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស មានសមាសភាពមកពីស្ថាប័ននីតិប្បញ្ញត្តិជាប់ឆ្នោតមកពីទូទាំងពិភពលោក ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៨៩។ ស្ថាប័ននេះបំពេញការងារដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជន និងដើម្បីបង្កើតតំណាងប្រជាធិបតេយ្យដ៏រឹងមាំមួយ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២០-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.philstar.com/headlines/2023/02/19/2246124/ipu-renews-call-de-limas-release-her-detention-nears-its-sixth-year



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`