លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម (រូបស្តាំ) និងលោកស្រី Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (Photo: VNA)
រដ្ឋធានីហាណូយ៖ លោក Nguyen Duc Hai អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូ សំខាន់ៗជាច្រើន។ ក្នុងអំឡុងពេលទទួលបដិសណ្ឋារកិច្ចក្នុងរដ្ឋធានីហាណូយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំរដ្ឋធានីហាណូយ បានសាទរការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះភាពរឹងមាំ ឯករាជ្យភាព និងភាពរីកចម្រើនរបស់វៀតណាម។
លោក Hai បានថ្លែងទៀតថា វៀតណាមចង់លើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិកក្នុងស្ថានភាពជាក់ស្តែង និងស្ថិតស្ថេរ ដោយឈរលើគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ឆ្ពោះទៅលើកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យ កាន់តែមានភាពរឹងមាំថែមទៀត។
លោក Hai បានបន្ថែមទៀតថា វៀតណាមក៏ស្វាគមន៍ផងដែរ នូវការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវ ជាមួយតំបន់មហាសមុទ្រអាស៊ី-ប៉ាស៊ីហ្វិច និងតំបន់មហាសមុទ្រឥណ្ឌា។ វៀតណាមនៅតែត្រៀមខ្លួនធ្វើជាដៃគូជាមួយសហរដ្ឋអាមេរិកជានិច្ច នៅក្នុងបញ្ហាកង្វល់រួមក្នុងតំបន់ និងសកលលោក ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងគោរពច្បាប់អន្តរជាតិក្នុងតំបន់ រួមទាំង ការថែរក្សាសេរីភាព សុវត្ថិភាព និងសន្តិសុខការធ្វើនាវាចរណ៍ និងអាកាសចរណ៍ និងការហោះហើរលើតំបន់អាស៊ីខាងកើត ស្របតាមមហាសន្និបាតអង្គការសហប្រជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS)។
លោក Hai បានគូសបញ្ជាក់ថា វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយសហរដ្ឋអាមេរិក រួមនឹងកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ វិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលជាការយកចិត្តទុកដាក់ និងជាកម្លាំងជំរុញមួយយ៉ាងសំខាន់៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៧-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-vice-chairman-vietnam-considers-us-among-top-important-partners/248414.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម