logo logo
banner1
រដ្ឋមន្រ្តីការបរទេសស៊ុយអែត៖ រាជរដ្ឋាភិបាលអាចនឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការចូលជាសមាជិកអង្គការណាតូ ទៅកាន់សភា នៅក្នុងខែមីនា
 

 លោក Tobias Billstrom រដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រស៊ុយអែត

រាជធានីស្តុកខុល៖ កាលពីថ្ងៃពុធ​ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣​ លោក Tobias Billstrom រដ្ឋមន្រ្តីក្រសួងការបរទេសស៊ុយអែតបានថ្លែងថា រាជរដ្ឋាភិបាលនៃព្រះរាជា​ណាចក្រ​ស៊ុយអែតមានបំណងបញ្ជូនសេចក្តីព្រាងច្បាប់មួយស្តីពីការចូលជាសមាជិកអង្គការណាតូ របស់ព្រះរាជាណាចក្រស៊ុយអែត​ ទៅកាន់សភានៃប្រទេសមួយនេះ នៅក្នុងខែមីនា ឆ្នាំ២០២២៣ ខាងមុខនេះ។

“រាជរដ្ឋាភិបាលមានបំណងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការចូលជាសមាជិកអង្គការណាតូ របស់ ប្រទេសស៊ុយអែត ទៅកាន់សភា នៅក្នុងខែមីនា ឆ្នាំ២០២៣”។ លោក Billstrom បានថ្លែងបញ្ជាក់បែប នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងឱកាសនៃការផ្សព្វផ្សាយគោលនយោបាយការបរទេសរបស់ប្រទេសស៊ុយអែតឆ្នាំ២០២៣។ លោករដ្ឋមន្រ្តីរូបនេះបានកត់សម្គាល់ថា មកទល់ពេលនេះមានតែសាធារណរដ្ឋ  តួកគី និងប្រទេសហុងគ្រីប៉ុណ្ណោះដែលនៅមិនទាន់បានផ្តល់សច្ចាប័នលើពិធី​សារចូលជា​សមាជិក​​​​​អង្គការ    សម្ព័ន្ធមិត្តអាត្លង់ទិកខាងជើងសម្រាប់ស៊ុយអែត។ លោក Billstrom បានថ្លែងថា “ស៊ុយអែតបានបង្ហាញលទ្ធផលលើគ្រប់​ផ្នែកទាំងអស់នៃអនុស្សរណៈ​ត្រីភាគីជាមួយតួកគី និងហ្វាំងឡង់ ហើយយើងបានបន្តការងារលើការអនុវត្ត”។

ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យចូលជាសមាជិកអង្គការណាតូនៅក្នុងខែឧសភា ឆ្នាំ២០២២ ប៉ុន្មានខែក្រោយ បន្ទាប់ពីសហព័ន្ធរុស្ស៊ីបានបើកប្រតិបត្តិការយោធា​នៅក្នុង​​ប្រទេសអ៊ុយក្រែន។ ពិធីសារចូលជាសមាជិកអង្គការណាតូសម្រាប់ប្រទេសទាំងពីរ ត្រូវបានសមាជិកអង្គការទាំងអស់ផ្តល់សច្ចាប័នរួចហើយ លើកលែងតែប្រទេស​ហុងគ្រី​ និងតួកគីប៉ុណ្ណោះ។ នីតិវិធីចូលជាសមាជិក ត្រូវបានជាប់គាំងនៅក្នុង ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីលោក Rasmus Paludan មេដឹកនាំគណបក្សនយោបាយ​ស្តាំនិយម​ជ្រុល គឺគណបក្ស Stram Kurs បានធ្វើបាតុកម្មតវ៉ានៅមុខស្ថានទូតតួកគីប្រចាំរាជធានីស្តុកខុល និងបានដុតគម្ពីរគូអាន (គម្ពីរសាសនាឥស្លាម) ថតចម្លង ដោយមានការ​អនុញ្ញាតពីអាជ្ញាធរស៊ុយអែតផងដែរ។

លោក Tayyip Erdogan ប្រធានាធិបតីនៃសាធារណដ្ឋតួកគីបានថ្កោលទោសការធ្វើបាតុកម្មមួយ នេះ និងបានថ្លែងថា ស៊ុយអែតនឹងមិនទទួលបានការគាំទ្រពីរដ្ឋាភិបាលទីក្រុង​អង់ការ៉ា ចំពោះកិច្ចខិតខំប្រឹងប្រែងចូលជាសមាជិកអង្គការណាតូនោះឡើយ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៦-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/swedish-govt-may-submit-bill-on-nato-members-1643312.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`