logo logo
banner1
ប្រធានាធិបតីម៉ុលដាវី អំពាវនាវឱ្យសភារឹតបន្តឹងច្បាប់សន្តិសុខ នៅចំពេលមានការចោទប្រកាន់ថា រុស្ស៊ីមានផែនការបង្កអស្ថិរភាពម៉ុលដាវី
 

 លោកស្រី Maia Sandu ប្រធានាធិបតីនៃសាធារណរដ្ឋម៉ុលដា

លោកស្រី Maia Sandu ប្រធានាធិបតីនៃសាធារណរដ្ឋម៉ុលដាវីបានថ្លែងកាលពីថ្ងៃចន្ទ ទី១៣   ខែកុម្ភៈ ឆ្នាំ២០២៣ថា ការប៉ុនប៉ងក្នុងការផ្លាស់ប្តូរសណ្តាប់ធ្នាប់​រដ្ឋធម្មនុញ្​ម៉ុលដាវីត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលវិមានក្រឹមឡាំង នៅក្នុងប្រទេសរបស់ខ្លួន និងបានអំពាវនាវឱ្យសភាប្រទេសម៉ុលដាវីរឹតបន្តឹងការតាក់តែងច្បាប់សន្តិសុខ។

កាលពីសប្តាហ៍មុន លោក Volodymyr Zelenskyy ប្រធានាធិបតីប្រទេសអ៊ុយក្រែនបានថ្លែងប្រាប់ក្រុមប្រឹក្សាអឺរ៉ុបថា ទីភ្នាក់​ងារសំងាត់អ៊ុយក្រែនស្ទាក់ចាប់បាន​នូវផែន​ការមួយរបស់សហព័ន្ធរុស្ស៊ី ក្នុងការបំផ្លាញសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសម៉ុលដាវី។ លោក Zelenskyy បានថ្លែងបន្ថែមថា លោក បានប្រាប់លោកស្រី  Sandu  រួចហើយអំពីគម្រោងការរបស់រុស្ស៊ីមួយនេះ។ ​  “សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Zelenskyy អំពីផែនការរបស់សហព័ន្ធរុស្ស៊ីក្នុងការបង្ក​អស្ថិរភាព​សាធារណរដ្ឋ​ម៉ុលដាវីត្រូវបានបញ្ជាក់អះអាងពីស្ថាប័នរបស់យើងផងដែរ”។ លោកស្រី Sandu បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន។

“សកម្មភាពហិង្សានានា ការបន្លំខ្លួនធ្វើជាបាតុករតវ៉ា ដើម្បីអាចឈានទៅផ្លាស់ប្តូរអំណាចរដ្ឋា​ភិបាលទីក្រុងជីស៊ីណូ។ ឯកសារដែលយើងទទួលបានពីដៃគូអ៊ុយក្រែនរ​បស់យើង​បាន​បង្ហាញឱ្យឃើញនូវ  ឯកសារទីតាំង និងការរៀបចំយ៉ាងល្អិតល្អន់ និងយ៉ាងប្រយ័ត្នប្រយែង ដើម្បីធ្វើសកម្មភាពបែបវិទ្ធង្សនា”។

លោកស្រីប្រធានាធិបតីរូបនេះ បានថ្លែងបន្ថែមថា ផែនការខាងលើនឹងជាប់ពាក់ព័ន្ធនឹងសកម្មភាពដែលធ្វើឡើងដោយ “ជនបន្លំខ្លួនដោយទទួលបានការបង្វឹកជាទាហាន ក្លែងបន្លំ​ខ្លួនដោយស្លៀកពាក់ជាជនស៊ីវិល ដែលពួកគេនឹងប្រព្រឹត្តសកម្មភាពហិង្សាផ្សេងៗ​វាយប្រហារអាគាររដ្ឋាភិបាល​ ឬ​​​ចាប់ជាចំណាប់ខ្មាំង”។

លោកស្រី Sandu បានថ្លែងបន្តថា “សភាសាធារណរដ្ឋម៉ុលដាវីត្រូវតែអនុម័តឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាននូវសេចក្តីព្រាងច្បាប់ទាំងឡាយណា ដែលនឹងអាចផ្តល់​ដល់​ទីភ្នាក់ងារសំងាត់ម៉ុលដាវី និងការិយាល័យរដ្ឋអាជ្ញាជាឧបករណ៍ចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពរាល់ការគំរាមកំហែងណាមួយ​ចំពោះសន្តិសុខជាតិ​របស់យើង”។ ប៉ុន្តែលោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីសហព័ន្ធរុស្ស៊ីបានថ្លែងថា រដ្ឋាភិបាលវិមានក្រឹមឡាំងមិនបានដឹងអំពីផែនការណាមួយទាល់តែសោះ​ក្នុងការ​បង្កអស្ថិរភាពប្រទេសម៉ុលដាវី៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៤-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/sandu-calls-for-tightened-security-law-amid-a-1642014.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`