លោកប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ថតរូបជាមួយប្រធានសភានៃបណ្តារដ្ឋអារ៉ាប់
រដ្ឋធានីគែរ៖ ការិយាល័យប្រធានាធិបតីអេហ្ស៊ីបបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Abdel Fattah Saeed Hussein Khalil el-Sisi ប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបបានបញ្ជាក់អះអាងថា អេហ្ស៊ីបកំពុងតែខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងសភា និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារដ្ឋអារ៉ាប់។ លោក el-Sisi បានអះអាងបែបនេះ នៅក្នុងជំនួបជាមួយប្រធាន សភានៃបណ្តារដ្ឋអារ៉ាប់។
ក្នុងអំឡុងពេលពិធីបដិសណ្ឋារកិច្ចប្រធានសភានៃបណ្តាប្រទេសអារ៉ាប់ ដែលអញ្ជើញចូលរួមក្នុង សម័យប្រជុំលើកទី៥ នៃសភាអារ៉ាប់ ដែលធ្វើឡើងក្នុងរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប នៅក្នុងវិមានប្រធានា ធិបតី។ លោក el-Sisi បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការថែរក្សាសាមគ្គីភាពរវាងបណ្តារដ្ឋអារ៉ាប់ និងបានសម្តែងនូវចំណាប់អារម្មណ៍របស់អេហ្ស៊ីប ក្នុងការពង្រឹងចំណងទាក់ទងរួមអារ៉ាប់ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់បណ្តារដ្ឋអារ៉ាប់ ដើម្បីសម្រេចបាននូវស្ថិរភាព និងការអភិវឌ្ឍ។ លោក el-Sisi ក៏បានអះអាងផងដែរថា ស្ថិរភាព និងសន្តិភាពនៃប្រទេសអារ៉ាប់នីមួយៗ គឺដូចគ្នាទៅនឹងសន្តិភាព និងស្ថិរភាពផ្ទាល់របស់អេហ្ស៊ីបដែរ។
លោកប្រធានាធិបតីអេហ្ស៊ីបរូបនេះ ក៏បានថ្លែងផងដែរថា លោកវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់សភាអារ៉ាប់ ក្នុងការផ្តោតលើសន្តិសុខស្បៀង ក្នុងអំឡុងពេលនៃសម័យប្រជុំសភាអារ៉ាប់ ដែលផ្តល់ សារៈសំខាន់កាន់តែខ្លាំងឡើងចំពោះការពិចារណាពីវិបត្តិស្បៀងសកលនៅទូទាំងពិភពលោក។
សម្រាប់ភាគីប្រធានសភានៃបណ្តាប្រទេសអារ៉ាប់ បានសង្កត់ធ្ងន់ពីបំណងដ៏មុតស្រួចនៃសន្និសីទ សភាអារ៉ាប់ ដើម្បីអភិវឌ្ឍន៍នូវទស្សនវិស័យសភារួម ក្នុងការរួមចំណែកលើកកម្ពស់សកម្មភាពអារ៉ាប់ និងដោះស្រាយបញ្ហាប្រឈមដែលប្រជាជាតិអារ៉ាប់កំពុងតែប្រឈមមុខ។ គួរបញ្ជាក់ផងដែរថា ក្នុងជំនួបជាមួយ លោកប្រធានាធិបតីអេហ្ស៊ីប el-Sisi រួមមាន វត្តមានលោក Adel Abdulrahman Al Asoomi ប្រធានសភាអារ៉ាប់ លោក Fortune Z. Charumbira ប្រធានសភាអាហ្រ្វិក ដែលជាភ្ញៀវកិត្តិយស និងលោក Hanafi Gebaly ប្រធានសភាតំណាងអេហ្ស៊ីបផងដែរ៕
http://ព័ត៌មានសភាទ្វីបអាហ្វ្រិក ១៣-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.ahram.org.eg/News/487939.aspx
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម