logo logo
banner1
សភាអ៊ុយក្រែន ចាត់ទុកក្រុមទាហាស៊ីឈ្នួល Wagner ជាអង្គការឧក្រិដ្ឋជនអន្តរជាតិ
 

 រូបភាពក្នុងសម័យប្រជុំសភាប្រទេសអ៊ុយក្រែន

សភាប្រទេសអ៊ុយក្រែន បានចាត់ទុកក្រុមហ៊ុនទាហានឯកជន Wagner រ​បស់សហព័ន្ធរុស្ស៊ីជា អង្គការឧក្រិដ្ឋជនអន្តរជាតិ។ លោក Yaroslav Zhelezniak សមាជិកសភាមក​ពីគណបក្ស Holos បាន បង្ហោះសារបែបនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោក ដោយបានបញ្ជាក់ថា សមាជិកសភាអ៊ុយក្រែនចំនួន ៣៣៣រូប​ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចលេខ ៨៣៩៧ កាលពីថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ខ្លឹមសារនៃសេចក្តីសម្រេចបានទទួលស្គាល់ថា ក្រុមហ៊ុនទាហានឯកជន Wagner ជាអង្គការឧក្រិដ្ឋជនអន្តរជាតិ។

សភាអ៊ុយក្រែនបានអំពាវនាវដល់រដ្ឋាភិបាល និងសភាបរទេសទាំងឡាយឱ្យចាត់វិធានការដូចគ្នា នេះ ដើម្បីពិនិត្យពិច័យលើចរិតលក្ខណៈនៃសកម្មភាពរបស់ក្រុមទាហាន Wagner នៅក្នុងប្រទេស   អ៊ុយក្រែន សាធារណរដ្ឋអាហ្រ្វិកកណ្តាល ម៉ាលី លីប៊ី និងស៊ីរី។ ក្នុងពេលជាមួយគ្នា សមាជិកសភាចំនួន ៣៣៦រូប ក៏បានបោះឆ្នោតគាំទ្រ​សេចក្តី​សម្រេចលេខ ៣៧៣៥ ដែលសភាអ៊ុយក្រែនបានអំពាវនាវដល់អង្គការសហប្រជាជាតិ សភាអឺរ៉ុប សន្និបាតសភាក្រុមប្រឹក្សាអឺរ៉ុប សន្និបាតសភាអង្គការសន្តិសុខ និងកិច្ច សហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE-PA) សន្និបាតសភាអង្គការណាតូ (NATO-PA) សន្និបាតសភាអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្ទខ្មៅ (PABSEC) រដ្ឋាភិបាល និង​សភានៃបណ្តារដ្ឋបរទេសចាត់ទុកក្រុមហ៊ុនទាហានឯកជនរបស់រុស្ស៊ីជាអង្គការភេរវករ។

គួរបញ្ជាក់ផងដែរថា កាលពីចុងខែមករា ឆ្នាំ២០២៣កន្លងមក ក្រសួងការបរទេស និងក្រសួងរតនា  គារជាតិសហរដ្ឋអាម៉េរិកបានចាត់ទុកក្រុមទាហាន Wagner របស់រុស្ស៊ី​ជាអង្គការឧក្រិដ្ឋជនឆ្លងដែនដែល ត្រូវតែដាក់ចេញនូវទណ្ឌកម្មបន្ថែមទៀត។ លើសពីនេះទៀត សភាជាន់ទាបនៃប្រទេសកាណាដាបានបោះឆ្នោតគាំទ្រ​ជាឯកច្ឆន្ទលើសេចក្តី​សម្រេចមួយស្តីពីការបញ្ជូនសំណើទៅកាន់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការទទួលស្គាល់ជាផ្លូវការថា ក្រុមទាហាន Wagner ជាអង្គការភេរវករ។ ក្រសួងអន្តោប្រវេសន៍ និងសន្តិសុខ​ចក្រភពអង់គ្លេស (​Home office) កំពុងតែរៀបចំផែនការដើម្បីដាក់ឱ្យនៅក្រៅច្បាប់ជាផ្លូវការលើក្រុមទាហានស៊ីឈ្នួលរបស់រុស្ស៊ីមកពីក្រុមហ៊ុនទាហានឯកជន Wagner ជាអង្គការភេរវករ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៧-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-polytics/3666411-ukraines-parliament-designates-wagner-group-as-international-criminal-organization.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`