លោកស្រី Valentina Ivanovna Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ(សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី)
កាលពីថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី Valentina Ivanovna Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ (សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី) បានអំពាវនាវដល់សមាជិកសភាអឺរ៉ុបថ្កោលទោសជាសាធារណៈចំពោះការដុតគម្ពីរគូអាន(គម្ពីរសាសនាឥស្លាម)។ នៅក្នុងសារដែលបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម លោកស្រី Matviyenko បានថ្លែងថា សមាជិកសភាសហព័ន្ធរុស្ស៊ី បានសម្តែងនូវការជំទាស់យ៉ាងខ្លាំងក្លា ចំពោះសកម្មភាពបង្ហាញការស្អប់ខ្ពើមសាសនាអ៊ីស្លាមនាពេលថ្មីៗ នេះ នៅក្នុងព្រះរាជាណាចក្រស៊ុយអែត និងព្រះរាជាណាចក្រហូឡង់។
លោកស្រី Matviyenko បានថ្លែងថា “គាំទ្រពេញទំហឹងចំពោះសហសេវិក និងចាត់ទុកការប្រមាថ មាក់ងាយគម្ពីរគូអាន ដែលប្រព្រឹត្តឡើងដោយក្រុមអច្ចន្តិកជន (ជនរ៉ាឌីកាល់) គឺជាសកម្មភាពនៃអនារ្យ ធម៌(អំពើយង់ឃ្នង) និងការស្អប់ខ្ពើមជនបរទេស”។ លោកស្រី Matviyenko បានថ្លែងបន្ថែមថា រុស្ស៊ីគឺជា “ប្រទេសមួយដែលមានលក្ខណៈពិសេសប្លែកពីគេដែលប្រជាជនមានសញ្ជាតិ និងជំនឿសាសនាផ្សេងៗគ្នាបានរួមរស់ជាមួយគ្នាដោយសុខសន្តិភាព និងគោរពគ្នាទៅវិញទៅមកជាច្រើនសតវត្សរ៍មកហើយ”។
លោកស្រី Matviyenko បានសង្កត់ធ្ងន់ថា “ការរំលោភបំពានលើគម្ពីរគូអាន ធ្វើឱ្យមានភាពតក់ស្លុតមិនត្រឹមតែទៅលើសាសនិកឥស្លាមទេ ប៉ុន្តែក៏ទៅលើតំណាងនៃជំនឿសាសនាទាំងអស់នៅក្នុងប្រទេស រុស្ស៊ីផងដែរ”។ កង្វះខាតនៃប្រតិកម្មតបក្នុងនាមរដ្ឋាភិបាល និងសភាពីបណ្តារដ្ឋអឺរ៉ុបបានបង្កឱ្យមានកំហឹងក្រេវក្រោធ ជាពិសេសភាពខ្ចីខ្ជារបស់ភ្នាក់ងារអនុវត្តន៍ច្បាប់ និងអាជ្ញាធរមូលដ្ឋាន។ “យើងចាត់ទុកអ្វីដែលបានកើតមានឡើងគឺជាការញុះញង់អុចអាលឱ្យមានជម្លោះអន្តរសាសនា។ វាជាការមិនអាចទទួលយកបានឡើយក្នុងការបង្ករឿងដោយការប្រមាថប្រឆាំងនឹងសាសនាឥស្លាម ដោយផ្តល់ហេតុផលដោយឥតអៀនខ្មាស ថាវាជាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការនិយាយស្តី”។
សមាជិកសភាជាន់ខ្ពស់រុស្ស៊ី បានអំពាវនាវឱ្យសមាជិកសភាអឺរ៉ុបថ្កោលទោសជាសាធារណៈចំពោះ សកម្មភាពរ៉ាឌីកាល់ជ្រុលនិយម ដើម្បីជាការបង្ហាញនូវភាពមិនអត់ឱនឱ្យបានចំពោះសាសនា និងចាត់វិធានការការពារសិទ្ធិសាសនាឥស្លាម និងតំណាងសាសនាដទៃទៀតចំពោះសេរីភាពនៃជំនឿសាសនា ក៏ដូចជា នាំយកជនបង្ករឿងទាំងនោះទៅទទួលខុសត្រូវចំពោះមុខច្បាប់៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៦-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/world/russian-lawmakers-call-on-european-parliaments-to-publicly-condemn-quran-burning/2806056
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម