ទិដ្ឋភាពទូទៅ ក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋប៊ុលហ្គារី
សភានៃសាធារណរដ្ឋប៊ុលហ្គារីនីតិកាលទី៤៨ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងពេលដែលលោកប្រធានាធិបតី Roumen Radev បាន ចេញក្រឹត្យមួយរំលាយសភា នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាមុនកាលកំណត់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។ សភាប៊ុលហ្គារីនីតិកាលមួយនេះ មានអាយុកាលខ្លី នៅចំពេលនៃការបោះឆ្នោតមុន កាលកំណត់។ សភាមួយនេះបានអនុម័តសេចក្តីព្រាងច្បាប់បានចំនួន ៥៣។
ជាការកត់សម្គាល់ក្នុងនោះក៏រួមមាន ការធ្វើវិសោធនកម្មលើក្រមបោះឆ្នោតដែលទទួលបានការគាំទ្រពីគណបក្សជនសង្គមនិយមប៊ុលហ្គារី (BSP) គណបក្ស GERB-UDF និងគណបក្សចលនាដើម្បីសិទ្ធិ និងសេរីភាព (MRF) ដែលស្នើឱ្យមានការបោះឆ្នោតដោយប្រើសន្លឹកឆ្នោតឡើងវិញ។ សភានីតិកាលទី៤៨ ក៏បានបោះឆ្នោតតម្រូវឱ្យរដ្ឋាភិបាលចាំផ្ទះត្រូវផ្តល់អាវុធដល់អ៊ុយក្រែន ប៉ុន្តែគណបក្សគាំទ្ររុស្ស៊ី គឺគណ បក្ស Vuzrazhdane និងគណបក្ស BSP បានប្តឹងទាស់ទៅតុលាធម្មនុញ្ញ។ បន្ទាប់ពីមានក្រឹត្យរំលាយសភា និងកំណត់កាលបរិច្ឆេទបោះឆ្នោតថ្មីរបស់លោកប្រធានាធិបតីមក គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោតប៊ុលហ្គារីបានប្រកាសកែប្រែចំនួនសមាជិកសភាមកពីមណ្ឌលបោះឆ្នោតនានា។
ការកែប្រែទាំងនេះ បានធ្វើឡើងក្រោយពីលទ្ធផលនៃការធ្វើជំរឿនថ្នាក់ជាតិដែលធ្វើឡើងកាលពី ខែកញ្ញា ឆ្នាំ២០២១។ រដ្ឋធានីសូហ្វ៊ីយ៉ា នឹងត្រូវបោះឆ្នោតបន្ថែមសមាជិកសភា ៤រូបទៀត។ ទីក្រុង Plovdiv និងទីក្រុង Varna នឹងបន្ថែមសមាជិកសភា ១រូបដូចគ្នា។ ផ្ទុយទៅវិញទីក្រុង Dobrich Lovech Montana Pazardzhik Pleven និងទីក្រុង Rousse នឹងត្រូវបោះឆ្នោតសមាជិកសភាតិចជាងមុន ១រូប។ លោកប្រធានាធិបតី Radev ក៏បានប្រកាសរដ្ឋាភិបាលចាំផ្ទះមួយផងដែរ បើទោះបីជាលោកបានកែប្រែសមាជិក រដ្ឋាភិបាលដែលចូលកាន់តំណែងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ តែ ១រូបប៉ុណ្ណោះ គឺលោក Naiden Todorov ដែលជាអ្នកដឹកនាំការប្រគំភ្លេង ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ក៏ដោយ។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី៥ហើយ ដែលលោក Roumen Radev ប្រធានាធិបតីប៊ុលហ្គារីបានតែងតាំងរដ្ឋាភិបាលចាំផ្ទះមួយ ចាប់តាំងពីលោកបានជាប់ឆ្នោតក្លាយជាប្រមុខរដ្ឋប៊ុលហ្គារី កាលពីខែមករា ឆ្នាំ២០១៧មក៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://sofiaglobe.com/2023/02/02/bulgarias-parliament-holds-final-sitting-ahead-of-april-early-elections/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម