logo logo
banner1
សភាអឺរ៉ុប ទាមទារឱ្យបញ្ចប់ការផ្តល់លិខិតឆ្លងដែនអឺរ៉ុប ដល់អភិជនបរទេស
 

សភារបស់សហភាពអឺរ៉ុប នៅថ្ងៃទី៩ ខែមីនា បានអំពាវនាវឱ្យបញ្ចប់ការអនុវត្តរបស់បណ្តាសមាជិកអឺរ៉ុប (EU) ក្នុងការលក់សញ្ជាតិ និងទិដ្ឋាការសហភាពអឺរ៉ុបដល់សេដ្ឋី និងអភិជន តាមរយៈគម្រោងផ្តល់លិខិតឆ្លងដែនក្រោមរូបភាពវិនិយោគ (Golden passport) ត្រឹមឆ្នាំ២០២៥។ ការទាមទាររបស់សភាអឺរ៉ុបនេះ ធ្វើឡើង ដើម្បីបង្ការអភិជនរុស្ស៊ីទទួលបានសញ្ជាតិអឺរ៉ុប និងលិខិតឆ្លងដែន ខណៈក្រុងមូស្គូកំពុងវាយប្រហារលើទីក្រុងកៀវ។

ក្នុងគម្រោងផ្តល់លិខិតឆ្លងដែនក្រោមរូបភាពវិនិយោគ អភិជនរុស្ស៊ីជាច្រើនរូប បានទទួលលិខិតឆ្លងដែន និងសិទ្ធិ នៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីវិនិយោគទឹកប្រាក់ជាច្រើនលានដុល្លារ នៅក្នុងសមាជិកសហភាពអឺរ៉ុប។ ដើម្បីទប់ស្កាត់អភិជនរុស្ស៊ីមិនឱ្យទទួលបានលិខិតឆ្លងដែនអឺរ៉ុបបន្តទៀត ស្របពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន សភាអឺរ៉ុប បានទាមទារឱ្យលុបចោលការផ្តល់លិខិតឆ្លងដែនក្រោមរូបភាពវិនិយោគ ទៅអភិជន និងសេដ្ឋី។
សមាជិកសភាអឺរ៉ុបនៅទីក្រុង Strasbourg ទឹកដីបារាំង នៅថ្ងៃទី៩ ខែមីនា បានបោះឆ្នោតគាំទ្រការបញ្ចប់គម្រោងលិខិតឆ្លងដែនក្រោមរូបភាពវិនិយោគ ចំនួន៥៩៥ សំឡេង, បោះឆ្នោតប្រឆាំង១២សំឡេង និងអនុប្បវាទចំនួន ៧៤សំឡេង។ សហភាពអឺរ៉ុប បានអំពាវនាវឱ្យហាមប្រាមទាំងស្រុងចំពោះ ការទិញសញ្ជាតិអឺរ៉ុបត្រឹមឆ្នាំ២០២៥ ។ ទន្ទឹមនេះ សហភាពអឺរ៉ុប ចង់ឱ្យនីតិវិធីត្រួតពិនិត្យលើប្រវត្តិរូបរបស់បុគ្គលទទួលបានសញ្ញាតិ ចូលជាធរមានភ្លាមៗ ។
ទោះបីជាយ៉ាងនេះក្តី ការបោះឆ្នោតនេះមិនបានចងកាតព្វកិច្ចផ្នែកច្បាប់ឡើយ។ វាអាស្រ័យទៅលើគណៈកម្មការអឺរ៉ុបចេញសេចក្តីព្រាងលម្អិតអំពីរបៀបបញ្ចប់គម្រោងខាងលើ ហើយរដ្ឋាភិបាលជាតិរបស់រដ្ឋសមាជិកសហភាពអឺរ៉ុប នឹងសម្រេចចុងក្រោយ។
ពាក់ព័ន្ធនឹងបញ្ហានេះ សមាជិកសភាអឺរ៉ុប អ្នកស្រី Saskia Bricmont លើកឡើងថា៖«ប្រព័ន្ធទិដ្ឋាការ និងលិខិតឆ្លងដែនក្រោមរូបភាពវិនិយោគនាំមកហានិភ័យនៃការគេចពន្ធ អំពើពុករលួយ និងការលាងលុយកខ្វក់»។ លោកស្រីបន្តថា អស់រយៈពេលជាយូរមកហើយ ដែលអភិជន ឧក្រិដ្ឋជន និងអ្នកនយោបាយពុករលួយ មានសមត្ថភាពប្រើលុយមករស់នៅអឺរ៉ុប ហើយលាងលុយ កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណ។
កន្លងមក ម៉ាល់ត៍ ស៊ីប និងប៊ុលហ្ការី គឺជាសមាជិកសហភាពអឺរ៉ុប ដែលបានផ្តល់សញ្ជាតិ ក្រោមរូបភាពវិនិយោគនេះ ហើយរកបានកម្រៃយ៉ាងច្រើន។ បន្ថែមពីនេះ អស់រយៈពេល ៨ឆ្នាំ ពី២០១១ ដល់២០១៩ ទឹកប្រាក់វិនិយោគជាង ២២ពាន់លានដុល្លារត្រូវបានប៉ាន់ប្រមាណថា ហូរចូលសហភាពអឺរ៉ុប តាមរបៀបនេះ។
គួរបញ្ជាក់ថា សំណើរទាក់ទិននឹងលិខិតឆ្លងក្រោមរូបភាពវិនិយោគ បានបញ្ជូនទៅសភាអឺរ៉ុបមួយរយៈហើយ ប៉ុន្តែទើបតែត្រូវបានផ្តោតជាសំខាន់ នៅពេលរុស្ស៊ីចាប់ផ្តើមវាយប្រហារអ៊ុយក្រែន។ មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ទេ ថាតើមានជនជាតិរុស្ស៊ីប៉ុន្មាននាក់បានទទួលលិខិតឆ្លងដែន EU តាមរយៈគម្រោងនេះ។ នៅក្នុងខែមេសា ឆ្នាំ ២០២១ វាមានឯកសារលេចធ្លាយ និងបានបង្ហាញថាម៉ាល់ត៍ បានផ្តល់លិខិតឆ្លងដែនដល់ជនជាតិរុស្ស៊ីជាថ្នូរនឹងការវិនិយោគក្នុងទំហំប្រហែល ១លានដុល្លារ៕
https://thmeythmey.com/?page=detail&id=113325


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`