លោក Farouk Bouasker ប្រធានអាជ្ញាធរជាន់ខ្ពស់ឯករាជ្យរៀបចំការបោះឆ្នោតទុយនីស៊ី(ISIE)
រដ្ឋធានីទុយនីស៖ អាជ្ញាធរជាន់ខ្ពស់ឯករាជ្យរៀបចំការបោះឆ្នោតនៃសាធារណរដ្ឋទុយនីស៊ី (ISIE) បានថ្លែងថា នាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ ប្រជាជនទុយនីស៊ីបានចាប់ផ្តើមបោះឆ្នោតជ្រើសតាំងសមាជិកសភាជុំទី២ របស់ខ្លួន។ មណ្ឌលបោះឆ្នោតសរុបចំនួន ៤,២២២មណ្ឌល និងស្ថានីយបោះឆ្នោតចំនួន ១០,០១២ស្ថានីយបោះឆ្នោត បានបើកដំណើរការជូនអ្នកបោះឆ្នោត នៅវេលាម៉ោង ៨៖០០នាទីព្រឹក ម៉ោងក្នុងប្រទេសទុយនីស៊ី ត្រូវនឹងម៉ោងសកល ០៧:០០ GMT ជាមួយនឹងវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង ហើយដំណើរការបោះឆ្នោតបានធ្វើឡើងរហូតដល់ម៉ោង ៦៖០០នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោងសកល ១៧:00 GMT។
លោក Farouk Bouasker ប្រធានអាជ្ញាធរជាន់ខ្ពស់ឯករាជ្យរៀបចំការបោះឆ្នោតទុយនីស៊ី (ISIE) បានថ្លែងនៅឯសន្និសីទសារព័ត៌មានមួយដែរធ្វើឡើងនៅក្នុងរដ្ឋធានីទុយនីសនៃប្រទេសទុយនីស៊ី កាលពី អធ្រាត្រថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ថា “ចំនួនបេក្ខជនសរុបដែលឈរឈ្មោះក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកសភាជុំទី២ បានឈានដល់ចំនួន ២៦២រូប ដែលក្នុងនោះរួមមាន បេក្ខភាពជាស្ត្រីចំនួន ៣៤រូប”។ ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជុំទី២ នឹងត្រូវធ្វើឡើងមិនឱ្យហួសពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយលទ្ធផលផ្លូវការ បន្ទាប់ពីបញ្ចប់ការតវ៉ា នឹងត្រូវប្រកាសចេញនៅមុនថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមប្រសាសន៍របស់លោក Farouk Bouasker បានថ្លែងឱ្យដឹងនៅក្នុងសន្និសីទខាងលើ។
គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភាទុយនីស៊ីជុំទី១ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានរកឃើញអត្រាអ្នកចេញទៅបោះឆ្នោតមានចំនួនទាបត្រឹមតែ ១១.១២%ប៉ុណ្ណោះ ហើយមានតែបេក្ខជនចំនួន ២៣រូប៉ុណ្ណោះដែលទទួលបានអាសនៈនៅក្នុងសភានីតិកាលថ្មី។ គួររំលឹកផងដែរថា លោក Kais Saied ប្រធានាធិបតីទុយនីស៊ីបានប្រកាសកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២២ ពីការរំលាយសភាតំណាងប្រជាជន ដែលជាសភាទុយនីស៊ី៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/20230129/1f0e6faead2c4ce1a883c01681b95ef4/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម