សាធារណរដ្ឋសៀរ៉ាឡេអូន បានបង្កើតឱ្យមានច្បាប់ថ្មីមួយ កំណត់ឱ្យសភារបស់ខ្លួន ត្រូវមានសមាជិ- កា យ៉ាងតិច៣០% នៃសមាជិកសភាសរុប។ ច្បាប់ថ្មីនេះ ក៏បានកំណត់ចំនួនកូតាស្រ្តីយ៉ាងតិច៣០% ផងដែរ សម្រាប់ស្ថាប័នផ្សេងៗទៀត ដែលក្នុងនោះរួមមាន ស្ថាប័នរដ្ឋាភិបាល ក្រុមប្រឹក្សាមូលដ្ឋាន មន្រ្តីការទូត និងមន្រ្តីសេវាស៊ីវិល។ ច្បាប់ថ្មីនេះ មានឈ្មោះថាច្បាប់ស្តីពីសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្រ្តី(The Gender Equality and Women’s Empowerment Act)។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានចុះហត្ថលេខា ឱ្យក្លាយជាច្បាប់ ដោយលោកប្រធានាធិបតីJulius Maada Bio កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅមុនប៉ុន្មានខែនៃការបោះឆ្នោតសកល ដែលគ្រោងប្រព្រឹត្តិទៅក្នុង ខែកក្កដា ឆ្នាំ២០២៣។
ច្បាប់ថ្មីនេះ គូសបញ្ជាក់អំពីសារៈសំខាន់នៃចរន្តផ្តល់តម្លៃខ្ពស់ចំពោះទស្សនវិស័យយេឌ័រ និងការចូលរួមរបស់ស្រ្តីក្នុងតួនាទីនៃការធ្វើការសម្រេចចិត្ត ក្នុងគ្រប់វិស័យ។ ច្បាប់ថ្មីនេះ បានកំណត់ឱ្យការងារក្នុងវិស័យឯកជនទាំងអស់ មានត្រូវស្រ្តីចំនួន៣០%យ៉ាងតិច (សម្រាប់ក្រុមហ៊ុន ដែលមាននិយោជិតពី២៥នាក់ឡើងទៅ) ហើយការសម្រាកលំហែមាតុភាព ត្រូវបង្កើនពី១២ទៅ១៤សប្តាហ៍។
សភានៃប្រទេសសៀរ៉ាឡេអូន បច្ចុប្បន្ន មានសមាជិកាសភាចំនួន១២.៣៣% និងជាប់លេខ១៥៧ នៅក្នុងតារាងចំណាត់ថ្នាក់សមាជិកាសភា ប្រចាំខែធ្នូ ឆ្នាំ២០២២ របស់សហភាពអន្តរសភា។ ភាគរយនេះ គឺនៅទាបជាមធ្យមភាគសកល ដែលស្មើនឹង២៦.៤%។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសហភាពអន្តរសភា បានធ្វើការតាមដានជាប្រចាំអំពីសមភាពយេនឌ័រ និងលើកកម្ពស់ចំនួនសមាជិកាសភា ពីព្រោះសហភាពអន្តរសភា មានជំនឿថា សភា ដែលមានបរិយាប័ន្ននិងភាពជាតំណាង គឺមានសារៈសំខាន់សម្រាប់ភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។ កិច្ចការរបស់សហភាពអន្តរសភា ផ្នែកសមភាពយេនឌ័រ គឺផ្តោតលើកម្មវត្ថុសំខាន់ចំនួន៣ គឺ៖ (១)ការបង្កើនចំនួនសមាជិកាក្នុងសភា តាមរយៈការរៀបចំឱ្យមានកូតា និងក្រុមសមាជិកសភា (២)ការគាំទ្រស្រ្តីនៅក្នុងសភា និង(៣)ការប្រែក្លាយសភាប្រទេសនានា ទៅជាស្ថាប័នដែលយកចិត្តទុកដាក់ខ្ពស់ចំពោះយេនឌ័រ និងសិទ្ធិរបស់ស្រ្តី។
សហភាពអន្តរសភា និងសភាប្រទេសសៀរ៉ាឡេអូន បានសហការគ្នាតាំងពីឆ្នាំ២០១៤ លើបញ្ហាយេ នឌ័រ ពាក់ព័ន្ធអំពើហិង្សាលើស្រ្តី និងការលុបបំបាត់ការកាត់ស្បែកចុងប្រដាប់បន្តពូជស្រ្តី(Female genital mutilation)៕
http://ព័ត៌មានសភាអន្តរជាតិ ២៩-០១-២៣- តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/news-in-brief/2023-01/sierra-leone-opens-door-more-women-in-parliament
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម