លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុនប្រឈមនឹងសំណួរជាច្រើន ក្នុងសភាអំពីសុន្ទរកថាស្តីពី គោលនយោបាយរបស់ខ្លួន
កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន បានប្រឈមនឹងសំណួរជាច្រើនរបស់សមាជិកសភាក្នុងសភាជាន់ខ្ពស់ អំពីសុន្ទរកថាស្តីពី គោល នយោបាយ ដែលលោកបានថ្លែងក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ លោក Izumi Kenta ប្រធានគណបក្សប្រឆាំងធំជាងគេ គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ បានរិះគន់ ក្នុងសភាជាន់ទាប អំពីផែនការបង្កើនចំណូលពន្ធរបស់លោក Kishida សម្រាប់យកទៅបង្កើនការចំណាយលើវិស័យការពារជាតិ។
លោក Izumi បានថ្លែងថា លោក Kishida គួរតែដាក់ឱ្យបោះឆ្នោតអនុម័ត ដើម្បីស្វែងរកការយល់ព្រមជាសាធារណៈលើបញ្ហានេះ។ លោក Kishida បានថ្លែងថា ក្នុងនាមលោកជានាយករដ្ឋមន្ត្រី លោកជាអ្នកសម្រេចលើបញ្ហានេះ ហើយលោកនឹងពិនិត្យឱ្យបានល្អិតល្អន់បំផុត។
លោក Kishida ក៏បានប្រឈមផងដែរ នឹងសំណួរជាច្រើនទៀតក្នុងសភាជាន់ទាប កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។ សមាជិកសភាជាច្រើនរូប មកពីក្រុមគណបក្សកាន់អំណាច ត្រូវបានគេរំពឹងថា នឹងទទូចឱ្យលោក Kishida ពន្យល់អំពីការកែសម្រួលគោលនយោបាយសន្តិសុខជាតិ ដែលរួមមាន សេចក្តីសម្រេចស្តីពី សមត្ថភាពវាយបក និងតម្រូវការសម្រាប់បង្កើនថវិកាជាតិ។ ក្រុមសមាជិកសភាទាំងនោះ បានចោទសួរលោក Kishida អំពីវិធីដែលលោកគ្រោងអនុវត្តន៍គោលនយោបាយរបស់ខ្លួនលើទិដ្ឋភាពផ្សេងៗ ដើម្បីបង្កើនអត្រាកំណើតក្នុងប្រទេស និងអំពីវិធី ដែលលោក គ្រោងនឹងជួយដល់ក្រុមធុរកិច្ចខ្នាតតូច និងមធ្យម ដែលបានរងផលប៉ះពាល់ដោយសារតម្លៃពលកម្មប្រចាំខែឡើងខ្ពស់។
គណបក្សប្រឆាំងនេះ គ្រោងជំទាស់ការបង្កើនចំណូលពន្ធ ដែលសម្រាប់យកទៅបង្កើនការចំណាយលើវិស័យការពារជាតិ និងការចោទសួររាជរដ្ឋាភិបាល អំពីការរំលងការពិនិត្យពិភាក្សារបស់សភា ក្នុងការធ្វើការសម្រេចចិត្តនេះ។ គណបក្សប្រឆាំងនឹងស្នើឱ្យមានវិធានការជាក់លាក់ដើម្បីដំឡើងប្រាក់ខែឱ្យបានកាន់តែច្រើនថែមទៀត ហើយក៏នឹងចោទសួរផងដែរ អំពីផែនការរបស់រាជរដ្ឋាភិបាលលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរជាអតិបរមា៕
http://ព័ត៌មានសភាទ្វីបអាស៊ី ២៧-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www3.nhk.or.jp/nhkworld/en/news/20230126_15/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម