logo logo
banner1
សមាជិកសភាប៉េរូ ស្នើចោទប្រកាន់ដើម្បីដកតំណែងប្រធានាធិបតី
 

 លោកស្រី Dina Boluarte ប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ

សមាជិកសភានៃសាធារណរដ្ឋប៉េរូ តំណាងក្រុមគណបក្សនយោបាយឆ្វេងនិយម និងគណបក្ស Free Peru របស់លោក Pedro Castillo ប្រធានាធិបតីធ្លាក់ពីអំណាចបាន​ស្នើ​ឱ្យមានការចោទប្រកាន់ ដើម្បីដកតំណែងលោកស្រី Dina Ercilia Boluarte Zegarra ប្រធានាធិបតីប៉េរូក្នុងបច្ចុប្បន្នក្រោមហេតុផល “អសមត្ថភាពផ្នែកសីលធម៌​ជា​អចិន្រ្តៃយ៍”។

“យើងស្នើសុំដកតំណែងលោកស្រី Boluarte ដែលជាប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូបច្ចុប្បន្ន ដោយសារលោកស្រីអសមត្ថភាពផ្នែកសីលធម៌ជាអចិន្រ្តៃយ៍”។ ក្រុមសមាជិកសភាខាងលើបាន បានថ្លែងបែបនេះនៅក្នុងញត្តិមួយដែលផ្សព្វផ្សាយដោយសារព័ត៌មានប៉េរូ La República។ បាតុកម្មតវ៉ាកើតមានឡើងនៅទូទាំងផ្ទៃប្រទេស ការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ការរំលោភអំណាចពី សំណាក់កងកម្លាំងសន្តិសុខមកលើក្រុមបាតុករ និងមានបាតុករចំនួន ២៧នាក់បានស្លាប់ដោយ​សាររង​របួសគ្រាប់កាំភ្លើងក្នុងអំឡុងពេលធ្វើការតវ៉ា ទាំងនេះសុទ្ធតែជាមូលហេតុដែលបានលើកឡើងនៅក្នុងញត្តិចោទប្រកាន់ស្នើដកតំណែងលោកស្រីប្រធានាធិបតី។

“យើងសន្មតថា ទាំងលោកស្រី Boluarte​ ទាំងគណៈរដ្ឋមន្រ្តីរបស់លោកស្រី គ្មាននរណាមានឆន្ទៈ ​ក្នុងការលែងចេញពីតំណែងឡើយ បើទោះបីជាប្រជាជនរបស់យើង​បន្តរងនូវការសម្លាប់យ៉ាងរង្គាលមិនមានពាក្យណាអាចបរិយាយបានក៏ដោយ។ ការចោទប្រកាន់ដើម្បីដកតំណែងលោកស្រីប្រធានាធិបតីអាចនឹង​ត្រូវបានពិនិត្យពិចារណា​នៅក្នុងសម័យប្រជុំសភាពេញអង្គនាថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រម៉ោងនៅក្នុងប្រទេសកម្ពុជា)។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ សភាប៉េរូបានដក​តំណែង​លោក Pedro Castillo អតីតប្រធានាធិបតីប៉េរូ។ លោក Castillo ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ និង  បទឧក្រិដ្ឋប្រឆាំងរដ្ឋ ដោយសារតែលោកបានព្យាយាម​រំលាយ​សភា និងដឹកនាំគ្រប់គ្រងដោយក្រឹត្យ «rule by decree» (មិនឆ្លងសភា)។ លោកស្រី Boluarte ដែលពេលនោះជានាយករដ្ឋមន្រ្តីត្រូវបានតែងតាំងជាប្រធានាធិបតីថ្មី។

ការដកតំណែងលោក Castillo បានបង្កឱ្យមានរលកបាតុកម្មនៅទូទាំងប្រទេស ក្រុមបាតុករបានថ្កោលទោសរដ្ឋាភិបាលថ្មី និងអំពាវនាវឱ្យមានការបោះឆ្នោត​ប្រធានាធិបតី​ជាបន្ទាន់ ព្រមទាំងរំលាយសភាផងដែរ។ យ៉ាងហោចណាស់មានមនុស្សចំនួន ៥៣នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ចាប់តាំងពីមានបាតុកម្មតវ៉ាមក៕

http://ព័ត៌មានសភាអន្តរជាតិ ២៧-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/perus-lawmakers-propose-to-impeach-incumbent-1631751.html

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`