logo logo
banner1
ប្រទេសអ៊ុយក្រែនស្វាគមន៍ការសម្រេចរបស់អាល្លឺម៉ង់ ក្នុងការផ្តល់រថក្រោះប្រយុទ្ធធុន Leopard 2 ជាច្រើនគ្រឿង
 

រថក្រោះប្រយុទ្ធថ្មើជើងរបស់អាល្លឺម៉ង់ធុន Leopard 2 tanks​

បន្ទាប់ពីរងការដាក់សម្ពាធទាំងក្នុង និងក្រៅប្រទេសអស់រយៈពេលប៉ុន្មានសប្តាហ៍មកនេះ លោក Olaf Scholz អធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានថ្លែងបញ្ជាក់ ក្នុងសភាជាន់ទាបអាល្លឺម៉ង់ (German Bundestag) កាលពីថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ថា រដ្ឋាភិបាលទីក្រុងបែរឡាំង នឹងផ្តល់រថក្រោះប្រយុទ្ធធុន Leopard 2 ជាច្រើនគ្រឿង ទៅឱ្យប្រទេសអ៊ុយក្រែន។ លោក Scholz ក៏បានការពារសំណើរបស់លោកយ៉ាងប្រុងប្រយ័ត្នដែលបានសម្រេចនេះ ដោយបានលើកឡើងថា វាចាំបាច់ត្រូវ​ពិភាក្សាលម្អិតអំពីការបញ្ជូនរថក្រោះអាល្លឺម៉ង់ទាំងនេះ ជាមួយដៃគូពាក់ព័​ន្ធនានារបស់ខ្លួន។

គោលដៅនេះ គឺសម្រាប់ប្រទេសអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវផ្តល់រថក្រោះធុន Leopard ដែលផលិតក្នុងប្រទេសអាល្លឺម៉ង់ចំនួន ៨៨ គ្រឿង ទៅឱ្យ​ប្រទេស​អ៊ុយក្រែន ស្មើនឹង ២ កងវរៈសេនាតូច។ លោក Scholz ក៏បានអះអាងជាថ្មីម្តងទៀតថា ជំនួយដែលមានទំហំធំធេងរបស់រដ្ឋាភិបាលទីក្រុងបែរឡាំងនេះ នឹងផ្តល់​ឱ្យអ៊ុយក្រែននៅពេលដ៏ខ្លីខាងមុខនេះ។ លោក Scholz បានអះអាងទៀតថា «យើង នឹងផ្តល់ការហ្វឹកហ្វឺន, ភស្តុភារយោធា, គ្រាប់រំសេវ និងការថែទាំប្រព័ន្ធទាំងនេះ ដូចដែល​ធ្លាប់បានលើកឡើងរួចមកហើយថា ប្រទេសដៃគូមានសិទ្ធិអំណាច អាចបញ្ជូនគ្រឿងបរិក្ខារយោធាទាំងនេះទៅឱ្យ ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនបាន»។

សេចក្តីប្រកាសនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ រួមនឹង លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែនផងដែរ ដែលបាន​សម្តែង​នូវកាយវិការរបស់ខ្លួនចំពោះរដ្ឋាភិបាល​អាល្លឺម៉ង់។ ថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គម Tweet លោក Scholz បាន​ចាត់ទុកការសម្រេច​ផ្តល់រថក្រោះទាំងនេះ ការជួយគាំទ្រ ការហ្វឹកហ្វឺន និងការអនុញ្ញាតឱ្យប្រទេសជាដៃគូផ្តល់គ្រឿងសព្វាវុធស្រដៀងគ្នានេះ ថាជារឿងសំខាន់មួយ និងជាការសម្រេចចំពេល។

លោក Mateusz Morawiecki នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៉ូឡូញ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ផងដែរ នៅលើបណ្តាញទំនាក់ទំនងសង្គម Tweet ដោយបានលើកឡើងថា  ការសម្រេចចិត្តនេះ គឺជាជំហានដ៏ធំមួយឆ្ពោះទៅបញ្ឈប់ការឈ្លានពានរបស់យោធាសហព័ន្ធរុស្ស៊ី។​ រដ្ឋាភិបាលវិមានក្រឹមឡាំង បានប្រតិកម្មភា្លមៗ ទៅនឹងព័ត៌មាននេះ ដោយលោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី ដោយបានពិពណ៌នាថា ទង្វើរនេះ គឺជាការបង្កហេតុដ៏ធំមួយ ដែលរថក្រោះរបស់ពួក​បស្ចិម​ប្រទេសទាំងនេះ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរក្នុងសង្គ្រាមនេះ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាល្លឺម៉ង់ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងបែរឡាំង ថាបានលែងទទួលខុសត្រូវជាប្រវត្តិសាស្ត្រលើសង្គ្រាមលោកលើកទី២  លើសពីនេះទៀត សកម្មភាពទាំងនេះ បានប្រែក្លាយជម្លោះនេះ ទៅជាការបង្កហេតុធ្ងន់ធ្ងរថ្មីមួយ។ ចំណែកលោក​ Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានដាក់សំណួរសួរថា តើរដ្ឋាភិបាល​អាល្លឺម៉ង់ នៅតែជារដ្ឋអធិបតេយ្យភាពមួយ ឬយ៉ាងណា៕

http://ព័ត៌មានសភាទ្វីបអាស៊ី ២៦-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.euronews.com/2023/01/25/ukraine-welcomes-germanys-decision-to-supply-it-with-leopard-2-tanks

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`