រូបភាពក្នុងសម័យប្រជុំសភានៃព្រះរាជាណាចក្រម៉ារ៉ុក
កាលពីថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ សមាជិកសភានៃព្រះរាជាណាចក្រម៉ារ៉ុក បានបោះឆ្នោតជាឯកច្ឆន្ទដើម្បីពិនិត្យមើលឡើងវិញពីចំណងទាក់ទងជាមួយសភាអឺរ៉ុប ដោយបានចោទប្រកាន់ថាបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីសភាអឺរ៉ុបបានចេញសេចក្តីសម្រេចមួយទទូចឱ្យម៉ារ៉ុកគោរពដល់សេរីភាពសារព័ត៌មាន។ សមាជិកសភាម៉ារ៉ុកនៃសភាទាំងពីរថ្នាក់បានចូលប្រជុំក្នុងសម័យប្រជុំរួមមួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់សភាអឺរ៉ុបដែលបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយបញ្ចប់សម័យប្រជុំ សមាជិកសភាម៉ារ៉ុកបានហៅ សេចក្តីសម្រេចរបស់សភាអឺរ៉ុបថាជា “ការវាយប្រហារមិនអាចទទួលយកបានមកលើអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងឯករាជ្យភាពនៃស្ថាប័នយុត្តិធម៌នៅក្នុងប្រទេសរបស់ខ្លួន”។ សេចក្តីសម្រេចមួយនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តជាមូលដ្ឋានរវាងស្ថាប័នទាំងពីរ។ ដូច្នឹងសភាម៉ារ៉ុកបានសម្រេចពិនិត្យពិចារណាមើលឡើងវិញពីចំណងទាក់ទងរបស់ខ្លួនជាមួយសភាអឺរ៉ុប និងពិនិត្យវាយតម្លៃជារួម។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញដោយលោក Rachid Talbi Alami ប្រធានសភាតំណាងម៉ារ៉ុក ប៉ុន្តែលោកមិនបានថ្លែងបញ្ជាក់លម្អិតនោះឡើយ។
គួរបញ្ជាក់ផងដែរថា ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៦ ម៉ារ៉ុក និងសហភាពអឺរ៉ុបបានភ្ជាប់ចំណងទាក់ ទងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងស្អិតរមួត ជាពិសេសក្នុងវិស័យកសិកម្ម និងនេសាទ។ សមាជិកសភាអឺរ៉ុប នៅក្នុងទីក្រុងស្រ្តាសបួរ បានទទូចឱ្យប្រទេសម៉ារ៉ុក “គោរពសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌ មាន ហើយត្រូវធានានូវការកាត់ក្តីដោយយុត្តិធម៌សម្រាប់អ្នកសារព័ត៌មានដែលកំពុងតែជាប់ឃុំ”។
អ្នកសារព័ត៌មានម៉ារ៉ុក ២រូប ដែលជាអ្នកសារព័ត៌មានលេចធ្លោជាងគេ គឺលោក Omar Radi និងលោក Soulaimane Raissouni ត្រូវបានផ្តន្ទាទោសនៅឯតុលាការឧទ្ធរណ៍កាលពីឆ្នាំ២០២២ ក្នុងបទចោទរំលោភបំពានផ្លូវភេទ។ លោក Radi វ័យ ៣៦ឆ្នាំ ដែលតែងតែរិះគន់អាជ្ញាធរម៉ារ៉ុក ត្រូវទទួលការផ្តន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំ ចំពោះបទចោទចាប់រំលោភ និងធ្វើចារកម្ម ប៉ុន្តែលោកបានបដិសេធ។ ឯលោក Raissouni ត្រូវផ្តន្ទាទោស ៥ឆ្នាំ ប៉ុន្តែលោកថាខ្លួនគ្មានទោសពៃទេ ហើយលោកត្រូវកាត់ទោសដោយសារតែការបញ្ចេញមតិប៉ុណ្ណោះ។
កាលពីសប្តាហ៍មុន សមាជិកសភាអឺរ៉ុបក៏បានថ្លែងផងដែរថា ពួកគេមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ដោយបានចោទប្រកាន់ថា អាជ្ញាធរប្រទេសម៉ារ៉ុកបានសូកប៉ាន់ដល់សមាជិកសភាអឺរ៉ុប និងអះអាងជាថ្មីថា សភាអឺរ៉ុបប្តេជ្ញា“ស៊ើបអង្កេតយ៉ាងពេញលេញ” ចំពោះអំពើសូកប៉ាន់ទាំងនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ២៥-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/miscellaneous/morocco-votes-to-review-ties-with-european-pa-1630340.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម