លោក Kevin Owen McCarthy ប្រធានសភាតំណាងសហរដ្ឋអាម៉េរិក
ទីក្រុងតៃប៉ិ៖ សារព័ត៌មាននយោបាយដែលផ្សព្វផ្សាយប្រចាំថ្ងៃ មានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីន តោន សហរដ្ឋអាម៉េរិក Punchbowl News បានរាយការណ៍ថា លោក Kevin Owen McCarthy ប្រធានសភាតំណាងសហរដ្ឋអាម៉េរិកមានផែនការអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋចិន (កោះតៃវ៉ាន់) នានិទាឃរដូវខាងមុខនេះ។
មន្ទីរបញ្ចកោណសហរដ្ឋអាម៉រិក កំពុងតែរៀបចំសម្រាប់ដំណើរទស្សនកិច្ចមួយនេះ ពាក់ព័ន្ធនឹង សន្តិសុខភស្តុភារ និងទំនងជានឹងមានការឆ្លើយតបពីសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាម សារព័ត៌មានខាងលើបានដកស្រង់ប្រភពពីមន្រ្តីមួយរូប ដោយមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់។ គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ២០២២កន្លងមក យន្តហោះរបស់លោកស្រី Nancy Patricia Pelosi អតីតប្រធានសភាតំណាងសហរដ្ឋអាម៉េរិកបានហោះវាងឆ្វែលសមុទ្ទចិនខាងត្បូង នៅមុនពេលចុះចត ក្នុងទឹកដីកោះតៃវ៉ាន់ ដើម្បីចៀសវាងលទ្ធភាពនៃជម្លោះជាមួយចិន។ លោក McCarthy ធ្លាប់បានថ្លែងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ប្រសិនបើលោកជាប់ឆ្នោតជាប្រធានសភា។ ក្នុងឱកាសជា ច្រើនលោក McCarthy បានសម្តែងការគាំទ្រចំពោះកោះតៃវ៉ាន់ អនុញ្ញាតឱ្យចូលរួមក្នុងអង្គការអន្តរជាតិ នានា និងបានទទូចឱ្យបង្កើនល្បឿនក្នុងការលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅឱ្យដែនដីកោះមួយនេះ។
ដំណើរទស្សនកិច្ចរបស់លោក McCarthy បានកើតមានឡើង ក្នុងពេលដែលក្រុមគណបក្សសាធា រណរដ្ឋចៀសវាងការប៉ះទង្គិចជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងជារបៀបវារៈកំពូលរបស់ខ្លួន។ កាលពីដើមខែមករានេះ អ្នកនយោបាយវ័យ ៥៧ឆ្នាំរូបនេះ បានជំរុញយ៉ាងជោគជ័យក្នុងការបង្កើតគណៈកម្មាធិការថ្មីមួយដើម្បីដោះស្រាយការគំរាមកំហែងដែលធ្វើឡើងពីចិន ដោយទទួលបានការសាទរថាជាជ័យជម្នះ សម្រាប់គណបក្សទាំងពីរ។
ប្រសិនបើផែនការទស្សនកិច្ចនេះ ដំណើរការតាមការគ្រោងទុកនោះនឹងធ្វើឱ្យលោក McCarthy ក្លាយជាប្រធានសភាសហរដ្ឋអាម៉េរិកទី៣ហើយ ដែលបានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ គិតចាប់តាំងពី ឆ្នាំ១៩៩៧មក។ កន្លងមកទស្សនកិច្ចរបស់លោកស្រី Pelosi បានធ្វើឱ្យមានប្រតិកម្មឆ្លើយតបយ៉ាងខឹង សម្បារពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដោយបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជុំវិញកោះតៃវ៉ាន់ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជា កាត់ផ្តាច់ការដោះដូរមួយចំនួនជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផងដែរ៕
http://ព័ត៌មានសភាអន្តរជាតិ ២៥-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4789634
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម