លោក Recep Tayyip Erdogan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី
លោក Recep Tayyip Erdogan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីបានប្រកាសថា ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតសភានីតិកាលថ្មី និងការបោះឆ្នោតប្រធានា ធិបតី។ លោក Erdogan ដែលមានផែនការស្វែងរកការជាប់ឆ្នោតជាថ្មីនោះ បានប្រកាសបែបនេះនៅក្នុងសន្និសីទយុវជនមួយដែលធ្វើឡើងខេត្ត Bursa ស្ថិតនៅភាគខាងជើងប្រទេស ដែលវីដេអូស្តីពីពិធីមួយនេះត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣ កន្លងមក។
លោក Erdogan បានថ្លែងនៅក្នុងខេត្ត Bursa នោះថា លោកនឹងប្រកាសជាផ្លូវការនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីឧត្តមក្រុមប្រឹក្សារៀបចំការបោះឆ្នោតតួកគីបានរៀបចំរួចរាល់សម្រាប់ការបោះឆ្នោត។ ប្រសិនបើមិនមានបេក្ខជនរូបណា អាចទទួលបានសំឡេងឆ្នោតលើសពី ៥០% នោះការបោះឆ្នោតជុំទី២នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ លោក Erdogan ដែលកាន់តំណែងតាំងពីឆ្នាំ២០០៣មក ដំបូងឡើយជានាយករដ្ឋមន្រ្តី និងជាប្រធានាធិបតីចាប់ពីឆ្នាំ២០១៤មកនោះ នឹងប្រឈមនឹងការបោះឆ្នោតដ៏លំបាកបំផុតមួយ ក្នុងគ្រាដែលសេដ្ឋកិច្ចតួកគីកំពុងតែពុះពារជាមួយនឹងការកើនយ៉ាងគំហុកនៃអតិផរណា។
លោក Erdogan វ័យ៦៨ឆ្នាំ បានដាក់ចេញនូវប្រព័ន្ធអភិបាលកិច្ចថ្មីមួយក្នុងឆ្នាំ២០១៨ ដែលបាន លុបចោលការិយាល័យនាយករដ្ឋមន្រ្តី និងប្រមូលផ្តុំអំណាចភាគច្រើនបំផុតមកក្នុងដៃប្រធានាធិបតី។ កាលពីពេលមុន ការិយាល័យប្រធានាធិបតី គ្រាន់តែជាតំណែងពិធីការតែប៉ុណ្ណោះ។ ក្រោមប្រព័ន្ធថ្មី ការបោះឆ្នោតសភា និងការបោះឆ្នោតប្រធានាធិបតី ត្រូវបានធ្វើឡើងក្នុងថ្ងៃតែមួយ។ គណបក្សប្រឆាំងបានបន្ទោសការធ្លាក់ចុះសេដ្ឋកិច្ច សិទ្ធិ និងសេរីភាពប្រជាជនលើទៅលោក Erdogan ព្រោះថា ប្រព័ន្ធថ្មីនេះបានប្រមូលផ្តុំអំណាចមកលើមនុស្សតែម្នាក់។ ប្រព័ន្ធប្រធានាធិបតីនិយម ត្រូវបានអនុម័តយ៉ាងប្រផិតប្រផើយនៅក្នុងការបោះឆ្នោតធ្វើប្រជាមតិមួយក្នុងឆ្នាំ២០១៧។
ដើមឡើយការបោះឆ្នោតក្នុងឆ្នាំ២០២៣នេះ គ្រោងនឹងធ្វើឡើងនៅក្នុងខែមិថុនា ប៉ុន្តែសមាជិកគណបក្សកាន់អំណាចបានថ្លែងថា ខែនោះជារដូវក្តៅ និងជាថ្ងៃបុណ្យសាសនា ញ៉ាំងឱ្យកាលបរិច្ឆេទនៃ ការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងប្រធានាធិបតីតួកគីធ្វើឡើងលឿនជាងមុនកាលកំណត់៕
http://ព័ត៌មានសភាអន្តរជាតិ ២៤-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.middle-east-online.com/en/turkish-elections-be-held-may-14
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម