នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ សភាអឺរ៉ុប បានអនុម័តលើសេចក្តីសម្រេចមួយ ដោយសំឡេង៤៧២គាំទ្រ ១៩សំឡេងជំទាស់ និង៣៣សំឡេងអនុបវាទ ដើម្បីទាមទារឱ្យនាំយកមេដឹកនាំនយោ បាយ និងមេដឹកនាំយោធាសហព័ន្ធរុស្ស៊ី មកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋនៃការឈ្លានពានប្រទេសអ៊ុយក្រែន។ សមាជិកសភាអឺរ៉ុបបានថ្លែងថា អំពើឃោរឃៅដែលប្រព្រឹត្តិដោយកម្លាំងប្រដាប់អាវុធរុស្ស៊ី ក្នុងក្រុងBucha ក្រុងIran និងក្រុងផ្សេងៗទៀតក្នុងប្រទេសអ៊ុយក្រែន គឺជាសក្ខីកម្មនៃសង្រ្គាមដ៏យង់ឃ្នង និងជាការបញ្ជាក់ដ៏សំខាន់ថា សហគមន៍អន្តរជាតិ ត្រូវតែធ្វើសកម្មភាពនាំយកជនល្មើសមកកាត់ទោសក្រោមច្បាប់អន្តរជាតិ។ សមាជិកសភាអឺរ៉ុប បានស្នើឱ្យសហភាពអឺរ៉ុប សហការជិតស្និទ្ធជាមួយប្រទេសអ៊ុយក្រែន និងសហគមន៍អន្តរជាតិ ដើម្បីជំរុញឱ្យមានការបង្កើតសាលាក្តីពិសេសអន្តរជាតិ(A Special International Tribunal) កាត់ទោសមេដឹកនាំនយោបាយ មេដឹកយោធារុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ពួកគេ។ សមាជិកសភាអឺរ៉ុប បានលើកឡើងទៀតថា ការបង្កើតសាលាក្តីនេះ គឺជាការជួយរកយុត្តិធម៌ចំពោះទង្វើឧក្រិដ្ឋអន្តរជាតិ និងជាការជួយបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលបច្ចុប្បន្ន ពុំមានលទ្ធភាពស៊ើបអង្កេតលើឧក្រិដ្ឋកម្មឈ្លានពាន កំពុងកើតឡើងក្នុងប្រទេសអ៊ុយក្រែន។
ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ដើម្បីបង្កើតឱ្យបាននូវសាលាក្តីពិសេស សមាជិកសភាអឺរ៉ុបក៏មានចេតនាផងដែរឱ្យសាលាក្តីនេះ មានយុត្តាធិការស៊ើបអង្កេតមិនត្រឹមតែលើលោកប្រធានាធិបតីPutin មេដឹកនាំនយោបាយ និងមេដឹកនាំយោធាដទៃទៀតរបស់ប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានយុត្តាធិការស៊ើបអង្កេតលើលោកAliaksandr Lukashenka ប្រធានាធិបតីសាធារណរដ្ឋបេឡារុស និងបក្សពួក ផងដែរ។
សមាជិកសភាអឺរ៉ុបបានទទូចឱ្យសហភាពអឺរ៉ុប ចាប់ផ្តើមជាបន្ទាន់នូវកិច្ចការរៀបចំបង្កើតតុលាការពិសេសនេះ និងផ្តោតលើការរៀបចំកិច្ចព្រមព្រៀងនានា ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងតុលាការនេះ និងប្រទេសអ៊ុយក្រែន។ សភាអឺរ៉ុបស្នើឱ្យអាជ្ញាធរប្រទេសអ៊ុយក្រែន និងសហគមន៍អន្តរជាតិគាំទ្រសាលា ក្តីនេះ តាមរយៈស្វែងរកនិងរក្សាទុកនូវភស្តុតាងនានាសម្រាប់ប្រើប្រាស់ពេលអនាគត។
សមាជិកសភាអឺរ៉ុប ថ្លែងទៀតថា អំណឹះតទៅប្រទេសរុស្ស៊ីដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតីPutin នឹងលែងមានទៀតហើយ នូវទំនាក់ទំនងការងារដូចធម្មតា ជាមួយលោកខាងលិច៕
http://ព័ត៌មានសភាអន្តរជាតិ ២២-០១-២៣- តូនី ប្រែសម្រួលពី៖https://www.europarl.europa.eu/news/en/press-room/20230113IPR66653/ukraine-war-meps-push-for-special-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម