logo logo
banner1
សភាកូរ៉េខាងជើងបើកកិច្ចប្រជុំសភាដ៏សំខាន់ ដោយគ្មានវត្តមាន លោក Kim Jong-un មេដឹកនាំកូរ៉េខាងជើង
 

 លោក  Kim Jong-un ប្រធានាធិបតីកូរ៉េខាងជើង អវត្តមានពីកិច្ចប្រជុំសភាដ៏សំខាន់   

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា  សភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ(កូរ៉េខាងជើង) បានបើកសម័យប្រជុំរយៈពេល ២ថ្ងៃ ដើម្បីពិភាក្សាជា​សំខាន់​លើសេចក្តីព្រាងច្បាប់ថវិកា ដោយគ្មានវត្តមានលោក Kim Jong-un មេដឹកនាំកូរ៉េខាងជើង។ សម័យប្រជុំលើកទី៨ នៃសភាប្រជាជនជាន់ខ្ពស់នីតិកាលទី១៤ ត្រូវបានធ្វើ​ឡើងរវាងពីថ្ងៃអង្គារ និងថ្ងៃពុធ ទី១៧ និង១៨ ខែមករា​ ឆ្នាំ២០២៣។​

​បង្ហាញវត្តមាននៅឯសម័យប្រជុំសភា គឺជាលោក Kim Tok Hun និងលោក Ri Pyong Chol ដែលជាឥស្សរជនដ៏សំខាន់សម្រាប់កម្មវិធីអាវុធប្រល័យលោក និង​មីស៊ីលរបស់ប្រទេសមួយនេះ។ សម័យប្រជុំសភាកូរ៉េខាងជើងបានធ្វើឡើងនៅចំពេលនៃការកើនឡើងភាពតានតឹង បន្ទាប់ពីចំនួននៃការធ្វើតេស្តអាវុធមីស៊ីលបានជាប់ក្នុង​កំណត់ត្រាដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នៅប៉ុន្មានសប្តាហ៍ចុងក្រោយនៃដំណាច់ឆ្នាំ២០២២ ដែលជាការសងសឹកទៅនឹងសមយុទ្ធរួមគ្នារវាងរដ្ឋាភិបាលទីក្រុងសេអ៊ូល និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ មានការប្រមើមើលថា តាមរយៈសម័យប្រជុំសភានេះ លោក Kim នឹងផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ ឬប្រកាសចេញកម្មវិធី​អភិវឌ្ឍន៍មីស៊ីល និងអាវុធប្រល័យលោក។

ប៉ុន្តែយ៉ាងក៏ដោយ សម័យប្រជុំសភាកូរ៉េខាងជើង គ្រាន់តែផ្តោតលើកិច្ចការក្នុងស្រុក ដូចជា ការពិនិត្យ មើលឡើងវិញលើការអនុវត្តថវិកាឆ្នាំ២០២២ និងថវិកាឆ្នាំ​២០២៣ ការងារចាត់តាំង និងការអនុម័តសេចក្តីព្រាងច្បាប់សម្រាប់ការពារ “គ្រាមភាសាព្យុងយ៉ាង”។ វិធានការចុងក្រោយមួយនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ង​មួយទៀតដោយរបបដឹកនាំ ដើម្បីបង្ការការជះឥទ្ធិពលពីបរទេស។ សភាប្រជាជនជាន់ខ្ពស់កូរ៉េខាងជើងត្រូវបានគេចាត់ទុកថា ជាសភាដែលមានតែឈ្មោះ(de facto) ដែលមាន​តួនាទីអនុម័តរាល់ការសម្រេចចិត្តរបស់មេដឹកនាំប្រទេសនោះ  បានអនុម័តថវិកាជាតិឆ្នាំ២០២៣ ដោយមិនបានបង្ហាញតួលេខពិតប្រាកដ។

គួរបញ្ជាក់ផងដែរថា លោក Kim បានប្តេជ្ញាចិត្តបង្កើនសមត្ថភាពការពារជាតិ នៅក្នុងឆ្នាំ២០២៣នេះ ដោយបញ្ជាឱ្យបង្កើនក្បាលគ្រាប់អាវុធប្រល័យលោក និងអភិវឌ្ឍន៍​ប្រព័ន្ធអាវុធនាំមុខ។ សភាកូរ៉េខាងជើងក៏បានវិភាជន៍ថវិកាឆ្នាំ២០២៣ ចំនួន៤៥% ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្មពីអន្តរជាតិ ជំងឺរាតត្បាតជាសកលកូវីដ-១៩ ដែលបន្តអូសបន្លាយពេល និងការកែលម្អជីវភាព   រស់នៅរបស់ប្រជាជនខ្លួន   នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសាព័ត៌មាន​កូរ៉េខាងជើង KCNA៕

http://ព័ត៌មានសភាអន្តរជាតិ ២០-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.laprensalatina.com/pyongyang-holds-key-parliamentary-meeting-without-leader-kim-jong-un/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`