លោក Nguyen Xuan Phuc ប្រធានាធិបតីវៀតណាមស្នើសុំលាលែងពីតំណែង
រដ្ឋធានីហាណូយ៖ រដ្ឋសភាប្រថាប់ត្រានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអនុម័តការលាលែង តំណែងរបស់លោកប្រធានាធិបតី Nguyen Xuan Phuc។ ការអនុម័តនេះបានធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីលោកបានចុះចេញពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយ។
ការចាកចេញពីតំណែងភ្លាមៗ និងមិនធ្លាប់មានពីមុនមករបស់លោក Phuc បានកើតមានឡើងក្នុងអំឡុងពេលនៃភាពចលាចលនយោបាយនៅក្នុងប្រទេសវៀតណាម ក្នុងការបោសសម្អាតប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយមានរដ្ឋមន្រ្តីជាច្រើនរូបត្រូវបានបណ្តេញចេញពីតំណែង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា នៅក្នុងសម័យប្រជុំវិសាមញ្ញនៃរដ្ឋសភា មានសមាជិករដ្ឋសភាជាង ៩៣% បានបោះឆ្នោត គាំទ្រការលាលែងពីតំណែងរបស់លោក Phuc។ អនុលោមតាមរដ្ឋធម្មនុញ្ញវៀតណាម ដោយសារមិនទាន់មានការតែងតាំងអ្នកស្នងតំណែងនៅឡើយ នោះលោកស្រី Vo Thi Anh Xuan ដែលជាអនុប្រធានាធិបតីក្នុងតំណែងបច្ចុប្បន្ននឹងក្លាយជាប្រធានាធិបតីស្តីទីដោយស្វ័យប្រវត្តិ។
របបផ្តាច់ការវៀតណាម គ្រប់គ្រងដោយបក្សកុម្មុយនិស្ត និងដឹកនាំជាផ្លូវការដោយអគ្គលេខាធិការបក្ស ដែលជាតំណែងដ៏មានអំណាចបំផុតនៅក្នុងបក្សប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។ រាល់ការសម្រេចចិត្តសំខាន់ៗធ្វើឡើងដោយការិយាល័យនយោបាយ ដែលបច្ចុប្បន្នមានចំនួន ១៦រូប។ ការចាកចេញពីតំណែង ភ្លាមៗរបស់លោក Phuc គឺជាសកម្មភាពមិនធម្មតាខ្លាំងបំផុតមួយនៅក្នុងប្រទេសវៀតណាម ព្រោះរាល់ការផ្លាស់ប្តូរនយោបាយ តាមធម្មតាគឺជាការរៀបចំយ៉ាងប្រយ័ត្នប្រយែងបំផុតដើម្បីបង្ការស្ថិរភាពនយោបាយ។ ធ្លាប់ មានតែប្រមុខបក្សកុម្មុយនិស្ត ១រូបប៉ុណ្ណោះ ដែលបានចុះចេញពីតំណែង ដោយសារហេតុផលសុខភាព។
កាលពីថ្ងៃអង្គារ ដើមសប្តាហ៍ បក្សកុម្មុយនិស្តវៀតណាមបានសម្រេចថា ប្រធានាធិបតីវ័យ៦៨ឆ្នាំរូប នេះ ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តខុសរបស់រដ្ឋមន្រ្តីជាច្រើនរូប ដែលស្ថិតក្រោមបង្គាប់របស់លោកក្នុងឆ្នាំ២០១៦-២០២១ ក្នុងពេលលោកកាន់តំណែងជានាយករដ្ឋមន្រ្តី នៅមុនពេលលក្លាយជាប្រធានាធិបតី។ គួរបញ្ជាក់ផងដែរថា ឧបនាយករដ្ឋមន្រ្តីវៀតណាម ចំនួន២រូប គឺលោក Pham Binh Minh និងលោក Vu Duc Dam ត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងខែមករា ឆ្នាំ២០២៣នេះ នៅក្នុងការបោសសម្អាតប្រឆាំងអំពើពុករលួយ ដែលឈានទៅដល់ការចាប់ខ្លួនមន្រ្តីជាច្រើនរូប ជាមួយនឹងការចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយដែលជាផ្នែកមួយនៃការឆ្លើយតបជំងឺរាលដាលជាសកលកូវីដ-១៩ នៅក្នុងប្រទេសវៀតណាម៕
http://ព័ត៌មានសភាអន្តរជាតិ ១៩-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://mb.com.ph/2023/01/18/vietnam-parliament-approves-presidents-resignation/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម