រូបភាពសភា Diet នៃប្រទេសជប៉ុន
ការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយសារព័ត៌មាន Yomiuri Shimbun បានរកឃើញថា ប្រជាជនជប៉ុនភាគច្រើនជឿថា សភាគួរតែរំលាយ ហើយការបោះឆ្នោតសភានីតិកាលថ្មីគួរតែត្រូវបានធ្វើឡើងនៅក្នុងប្រទេសមួយនេះ។ កាលពីខែធ្នូ ឆ្នាំ២០២២ លោក Koichi Hagiuda ប្រធានគោលនយោបាយគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរីនិយម(LDP) បានថ្លែងថា មានភាពចាំបាច់ក្នុងការរំលាយសភា និងរៀបចំការបោះឆ្នោតថ្មីមួយ ក្នុងពេលដែលរាជរដ្ឋាភិបាលបង្កើនពន្ធយកទៅបង្កើនការចំណាយ វិស័យការពារជាតិ ដើម្បីសម្លឹងមើលថាតើវិធានការនេះទទួលបានការគាំទ្រពីប្រជាជន ឬយ៉ាងណា។
លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា ការរៀបចំការបោះឆ្នោតឱ្យបានឆាប់បំផុត និងការរំលាយសភាទទួលបានការឆ្លើយតបគាំទ្រចំនួន ១៨%។ ក្នុងពេលជាមួយគ្នានោះ ៣៣% ឆ្លើយថា ពួកគេចង់បានការបោះឆ្នោតថ្មីមួយ និងរំលាយសភាធ្វើឡើងក្នុងឆ្នាំ២០២៣នេះ ខណៈដែល ១១% ឆ្លើយថា ការបោះឆ្នោតគួរតែធ្វើឡើងនៅឆ្នាំ២០២៤ ជាពេលវេលាល្អ។ ៣៣%ផ្សេងទៀតឆ្លើយថា ពួកគេមិនចង់ឱ្យការបោះឆ្នោតថ្មីមួយកើតមានឡើងនៅមុនឆ្នាំ២០២៥នោះឡើយ។
លើសពីនេះទៀត ជិត៦០% នៃអ្នកឆ្លើយតបជឿថា លោកនាយករដ្ឋមន្រ្តី Fumio Kishida នឹងមិនអាចបង្ហាញភាពជាមេដឹកនាំនៅឯកិច្ចប្រជុំកំពូល G7 ដែលនឹងធ្វើឡើងនាពេលខាងមុខនៅក្នុងប្រទេស ជប៉ុននោះឡើយ ខណៈដែលមានតែ ២៩%ប៉ុណ្ណោះ ដែលគិតថា លោក Kishida អាចធ្វើបាន នេះបើតាមការស្ទង់មតិខាងលើ។ គណបក្ស LDP មានក្តីសង្ឃឹមថា ការប្រជុំកម្រិតខ្ពស់អន្តរជាតិមួយនេះនឹងបង្កើនប្រជាប្រិយភាពការគាំទ្ររបស់លោកនាយករដ្ឋមន្រ្តី។
ការស្ទង់មតិរបស់សារព័ត៌មាន Yomiuri Shimbun បានធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមករា ឆ្នាំ២០២៣ ដោយការជ្រើសប៉ាន់កុំព្យូទ័រដោយព្រាវ(random sampling) ក្នុងចំណោមមនុស្ស ១,០៧២នាក់ អាយុចាប់ពី ១៨ឆ្នាំឡើង។ ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុត ៣៣% ថយចុះចំនួន ៣% បើប្រៀបធៀបទៅនឹងខែធ្នូ នេះបើតាមការស្ទង់មតិរបស់ស្ថានីយទូរទស្សន៍ NHK បានផ្សព្វផ្សាយ។ ៤៩% នៃប៉ាន់គំរូបានថ្លែងថា មានភាពចាំបាច់ក្នុងការរំលាយសភា និងស្នើឱ្យអ្នកបោះឆ្នោតមានឆន្ទៈក្នុងការទៅបោះឆ្នោតសភាថ្មី ខណៈដែល ៣៥% នៃប៉ាន់គំរូ បានជំទាស់នឹងការរំលាយសភា៕
http://ព័ត៌មានសភាអន្តរជាតិ ១៧-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/update-dissolution-of-japans-parliament-su-1625972.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម