ពីឆ្វេងទៅស្តាំ៖ ប្រធានសភាអាស៊ៃបៃហ្សង់ ប្រធានសភាតួកគី និងប្រធានសភាអ៊ីរ៉ង់
សារព័ត៌មាន Azernews បានរាយការណ៍ថា ក្នុងឱកាសនៃសម័យប្រជុំពេញអង្គលើកទី១៣ នៃសន្និបាតសភាអាស៊ី(APA) ដែលប្រារព្ធឡើង នៅក្នុងទីក្រុងអានតាលីយ៉ា នៃប្រទេសតួកគី ប្រធានសភានៃសាធារណរដ្ឋតួកគី សាធារណរដ្ឋអាស៊ែបៃហ្សង់ និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានជួបពិភាក្សាត្រីភាគី។ ក្នុងអំឡុងពេលនៃជំនួបខាងលើ ភាគីទាំងបីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចពិភាក្សានៅឯសម័យប្រជុំពេញអង្គលើកទី១៣ APA ដោយបានកត់សម្គាល់ពីសារៈសំខាន់នៃពិធីទាំងនេះពាក់ព័ន្ធនឹងលទ្ធភាពនៃការប្រើប្រាស់កាន់តែទូលំទូលាយថែមទៀតនៃការទូតសភា។
ភាគីទាំងបីបានពិភាក្សាគ្នាលើប្រធានបទមួយចំនួនដែលក្នុងនោះរួមទាំង ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល សារៈសំខាន់នៃការកែលម្អការទំនាក់ទំនង និងតួនាទីដ៏សំខាន់ដែលគម្រោងថាមពល និងការដឹកជញ្ជូនដើរតួនៅក្នុងការអភិវឌ្ឍសម្រាប់តំបន់ទាំងមូល។ ភាគី ទាំងបីបានកត់សម្គាល់ថា កាលានុវត្តភាពថ្មីនៅក្នុងតំបន់បានកើតមានឡើងដោយសារតែការរំដោះបាន ទឹកដីពីការកាន់កាប់របស់ប្រទេសអាម៉េនីប្រមាណ ៣០ឆ្នាំ របស់អាស៊ែបៃហ្សង់ ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ សភាទាំងបីរូប បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយដើម្បី រក្សាបាននូវស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។ ប្រធានបទផ្សេងៗទៀតដែលជាផលប្រយោជន៍រួម ក៏ត្រូវបានថ្នាក់ដឹកនាំសភាទាំងបីរូប លើកយកមកជជែកពិភាក្សាផងដែរ។
គួរបញ្ជាក់ផងដែរថា សន្និបាតសភាអាស៊ី(APA) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ក្នុងអំឡុងពេលនៃសម័យប្រជុំលើកទី៧ នៃសមាគមសភាអាស៊ីដើម្បីសន្តិភាព (AAPP) ដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩។ គិតត្រឹមឆ្នាំ២០១៩ សន្និបាតសភាអាស៊ី APA មានសមាជិកមកពីសភាចំនួន ៤៤ប្រទេស និងអ្នកសង្កេតការណ៍ចំនួន ១៤ប្រទេស។ សភានៃប្រទេសនីមួយៗ បានកំណត់នូវការបោះឆ្នោតនៅក្នុង APA ដោយផ្អែកលើចំនួនប្រជាជន។ ធម្មនុញ្ញរបស់ APA និងសេចក្តីប្រកាសទីក្រុងតេហេរ៉ង់បានដាក់ចេញនូវចក្ខុវិស័យ និងក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ី ឆ្ពោះទៅសមាហរណកម្មអាស៊ី៕
http://ព័ត៌មានសភាអន្តរជាតិ ១២-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105412055/Asian-Parliamentary-Assembly-Session-Kicks-Off-In-Antalya
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម