logo logo
banner1
ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំពេញអង្គសភាអឺរ៉ុប ក្នុងខែមីនា ឆ្នាំ២០២២
 

នៅក្នុងកិច្ចប្រជុំពេញអង្គរបស់សភាអឺរ៉ុប(The European Parliament)ក្នុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ សមាជិកសភាអឺរ៉ុបនឹងពិភាក្សាអំពីស្ថានភាពក្នុងប្រទេសអ៊ុយក្រែន បោះឆ្នោតលើអនុសាសន៍ស្តីពីការការពារអន្តរាគមន៍ពីបរទេស(ចំពោះកិច្ចការអឺរ៉ុប) និងប្រារព្ធទិវាអន្តរជាតិស្ត្រី។

សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន (War in Ukraine)

ពាក់ព័ន្ធនឹងការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីមកលើសាធារណរដ្ឋអ៊ុយក្រែន នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២ខាងមុខ សមាជិកសភាអឺរ៉ុបនឹងពិភាក្សាអំពីវិធីសាស្រ្ត ដើម្បីដោះស្រាយបញ្ហាកំណើនជាបន្តបន្ទាប់នៃជនភៀសខ្លួនអ៊ុយក្រែន ហូរចូលទៅក្នុងប្រទេសដទៃ។ នៅព្រឹថ្ងៃពុធ ទី៩ ខែមីនា  លោកKaja Kallas ប្រធានាធិបតីនៃសាធារណរដ្ឋអេស្តូនី នឹងពិភាក្សាជាមួយសមាជិកសភាអឺរ៉ុប អំពីតួនាទីរបស់អឺរ៉ុបក្នុងពិភពលោកដែលកំពុងតែមានការប្រែប្រួល និងអំពីបញ្ហាសន្តិសុខ​ ក្នុងស្ថានភាពដែលប្រទេសរុស្ស៊ីកំពុង ឈ្លានពានប្រទេសអ៊ុយក្រែន។

អន្តរាគមន៍បរទេស និងព័ត៌មានក្លែងក្លាយ (Foreign interference and disinformation)

កាលពីខែមិថុនា ឆ្នាំ២០២០ សភាអឺរ៉ុបបានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីពិនិត្យលើអន្តរាគមន៍បរទេស និងផ្សព្វផ្សាយព័ត៌មានមិនពិត។ ក្នុងកិច្ចប្រជុំពេញអង្គក្នុងខែមីនា ឆ្នាំ២០២២នេះ ស មាជិកសភាអឺរ៉ុប នឹងបោះឆ្នោតសម្រេចលើសេចក្តីព្រាងអនុសាសន៍ នៅក្នុងរបាយការណ៍បញ្ចប់របស់គណៈកម្មាធិការនេះ។ របាយការណ៍នេះបានលើកឡើងថា ការដែលអឺរ៉ុបខ្វះខាតវិធានកាទប់ទល់និងកង្វះខាតការយល់ដឹងអំពីអន្តរាគមន៍បរទេសនិងការផ្សព្វផ្សាយព័ត៌មានមិនពិត បានអនុញ្ញាតឱ្យបរទេសអាក្រក់ មានឱកាសបង្កព្យុះភ្លៀងចំពោះលទ្ធិប្រជាធិបតេយ្យអឺរ៉ុប។ របាយការណ៍នេះបានផ្តល់អនុសាសន៍ឱ្យអឺរ៉ុប បង្កើតវិធានការដើម្បីតបវិញ ដូចជាតាមរយៈការដាក់ទណ្ឌកម្ម ឬការពិនិត្យសើរើឡើងវិញនូវអាជ្ញាប័ណ្ណ ដែលខ្លួនបានចេញជូនស្ថាប័នណា ដែលពិនិត្យឃើញថាបម្រើការឃោសនាឱ្យបរទេស ដែលមិនត្រឹមត្រូវ។

សមាជិកសភាអឺរ៉ុបក៏នឹងធ្វើការបោះឆ្នោតផងដែរលើការផ្តល់ឱ្យគណៈកម្មាធិការនេះ នូវអាណត្តិ (mandate)ថ្មី។ សមាជិកសភាអឺរ៉ុបនឹងពិចារណាផងដែរ អំពីការបង្កើតគណៈកម្មាធិការពិសេសកូវីដ-១៩ និងគណៈកម្មាធិការស៊ើបអង្កេតលើកម្មវិធីលួចស៊ើបការណ៍ក្នុងប្រព័ន្ធកុំព្យូទ័រឈ្មោះPegasus Spyware។

 

ទិវាអន្តរជាតិស្រ្តី (International Women’s Day)

នៅថ្ងៃទី៨ ខែមិនា ខាងមុខ សមាជិកសភាអឺរ៉ុបនឹងប្រារព្ធទិវាអន្តរជាតិស្រ្តី ដោយផ្តោតជាពិសេសលើសមភាពយេនឌ័រ សុខភាពផ្លូវចិត្ត និងការងារថែទាំ ដែលមិនបានទទួលប្រាក់ខែតបស្នង។ លោកស្រី Olga Tokarczuk អ្នកនិពន្ធជនជាតិប៉ូឡូញ និងជាជ័យលាភីពានរង្វាន់ណូបែលផ្នែកអក្សរសាស្រ្ត នឹង ថ្លែងសុន្ទរកថាជូនសមាជិសភាអឺរ៉ុបនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ មុននឹងសមាជិកសភាអឺរ៉ុបចាប់ផ្តើមពិភាក្សាអំពីផែនការសកម្មភាពយេនឌ័រអឺរ៉ុប(The EU’s Gender Action Plan) និងបញ្ហាយេឌ័រ។

នីតិរដ្ឋ (Rule of Law)

       កាលពីពេលថ្មីៗនេះ តុលាការយុត្តិធម៌អឺរ៉ុប(The European Court of Justice) បានសម្រេចចាត់ទុកថារឿងត្រឹមត្រូវ ចំពោះបញ្ញត្តិរបស់អឺរ៉ុប ដែលកំណត់ថា រដ្ឋជាសមាជិកទាំងឡាយណាដែលបានបំពាននឹងគោលការណ៍នីតិរដ្ឋ រដ្ឋទាំងឡាយនោះអាចប្រឈមនឹងការផ្អាកជាបណ្តោះអាសន្ននូវការទទួលថវិកាពីអឺរ៉ុប។ តុលាការយុត្តិធម៌អឺរ៉ុបបានទាត់ចោលនូវការប្តឹងឧទ្ធរណ៍របស់ប្រទេសហុងហ្គារី និងប្រទេសប៉ូឡូញ។ សមាជិកសភាអឺរ៉ុប នឹងបោះឆ្នោតលើសេចក្តីសម្រេចមួយស្តីអំពីផលប៉ះពាល់ ដែលបណ្តាលមកពីការសម្រេចខាងលើនេះរបស់តុលាការយុត្តិធម៌អឺរ៉ុប។

លិខិតឆ្លងដែនមាស (Golden Passports)

       នៅក្នុងកិច្ចប្រជុំពេញអង្គនាពេលខាងមុខ សមាជិកសភាអឺរ៉ុបក៏មានគម្រោងផងដែរក្នុងការអំពាវនាវ ឱ្យហាមឃាត់ការផ្តល់នូវអ្វីដែលគេហៅថាលិខិតឆ្លងដែនមាស(golden passports) ដែលលិខិតឆ្លងដែន អឺរ៉ុបផ្តល់ជូនប្រជាពលរដ្ឋដែលមិនមែនជាជនជាតិអឺរ៉ុប ដែលបានបោះទុនវិនិយោគក្នុងប្រទេសអឺរ៉ុប។ ស មាជិកសភាអឺរ៉ុប ក៏គ្រោងនឹងពិភាក្សាផងដែរអំពីការបន្ថែមច្បាប់ឱ្យម៉ឺងម៉ាត់ជាងមុនសម្រាប់ការផ្តល់ទិដ្ឋា ការមាស(golden visa)សម្រាប់អ្នកវិនិយោគ។ គោលដៅនៃការរឹតបន្តឹងនេះ គឺដើម្បីការពារនូវតម្លៃ និងសន្តិសុខរួមរបស់អឺរ៉ុប។  

អាគុយ (Batteries)

       អាគុយបានក្លាយជាទំនិញយុទ្ធសាស្រ្តមួយរបស់ទីផ្សារ ដោយសារតែកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនី និងការប្រើប្រាស់ថាមពលអគ្គិសនីពីអាគុយសម្រាប់ផលិតកម្មផ្សេងៗ ។ សភាអឺរ៉ុបនឹងពិភាក្សាដេញដោល ហើយធ្វើការបោះឆ្នោតបង្ហាញជំហររបស់ខ្លួន លើវិធានការថ្មីៗរបស់អឺរ៉ុបពាក់ព័ន្ធនឹងការរៀប   ចំ ការផលិត និងគ្រប់គ្រងសំរាមអាគុយ ដែលការធ្វើដូច្នេះគឺជាផ្នែកមួយនៃការដោះស្រាយបញ្ហាពាក់ព័ន្ធនិងបរិស្ថាន បញ្ហាក្រមសីលធម៌ និងបញ្ហាសង្គម៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ០៦-០៣-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/headlines/eu-affairs/20220228STO24219/coming-up-in-plenary-ukraine-disinformation-women-s-day



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`