កោះតៃវ៉ាន់ស្វាគមន៍គណៈប្រតិភូសមាជិកសភាអាល្លឺម៉ង់លើកដំបូងនៅក្នុងឆ្នាំ ២០២៣ នេះ
រដ្ឋធានីតៃប៉ិ៖ កាលពីថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣ ក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យសេរីអាល្លឺម៉ង់ ដឹកនាំដោយលោកស្រី Marie-Agnes Strack-Zimmermann ប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោក Johannes Vogel អនុប្រធានគណបក្ស បានអញ្ជើញមកដល់សាធារណរដ្ឋចិន (កោះតៃវ៉ាន់)។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី០៩-១២ ខែមករា ឆ្នាំ២០២៣) នោះ គណៈប្រតិភូនេះ គ្រោងជួបពិភាក្សាការងារជាមួយលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជាច្រើនរូបទៀត ដែលរួមមាន លោក Su Tseng-chang នាយករដ្ឋមន្ត្រីតៃវ៉ាន់ និងលោក Wellington Koo អគ្គលេខាក្រុមប្រឹក្សាសន្តិសុខជាតិ។ លោក You Si-kun ប្រធានសភាតៃវ៉ាន់ និងលោក Joseph Wu រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ សហការរៀបចំទទួលអាហារ។
ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងទៀតថា គណៈប្រតិភូនេះ ក៏គ្រោងជួបពិភាក្សាការងារ ជាមួយមន្ត្រីក្រសួងឌីហ្ស៊ីតាល់, ក្រុមប្រឹក្សាកិច្ចការចិនដីគោក និងក្រុមអ្នកជំនាញតៃវ៉ាន់ជាច្រើនរូបទៀត។ គណៈប្រតិភូនេះ ក៏នឹងគ្រោងធ្វើទស្សនកិច្ចនៅឧទ្យានវិទ្យាសាស្ត្រ Hsinchu និងសារមន្ទីរសិទ្ធិមនុស្សផងដែរ។ សមាជិកគណៈប្រតិភូសភាអាល្លឺម៉ង់មួយចំនួន បម្រើការងារនៅគណៈកម្មាធិការសិទ្ធិមនុស្ស និងជំនួយមនុស្សធម៌។
ក្រសួងការបរទេសតៃវ៉ាន់ បានឱ្យដឹងទៀតថា នេះគឺជាគណៈប្រតិភូសភាអាល្លឺម៉ង់លើកដំបូងដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ក្នុងឆ្នាំ ២០២៣ នេះ និងជាលើកទី ៣ ក្នុងរយៈពេលជាង ៣ ខែកន្លងមកនេះ ចាប់តាំងពីខែតុលា ឆ្នាំ២០២២ មក៕
http://ព័ត៌មានសភាអន្តរជាតិ ១០-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://focustaiwan.tw/politics/202301090005
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម