logo logo
banner1
ប្រធានសភាឌូម៉ារុស្ស៊ី គំរាមរឹបអូសទ្រព្យសម្បត្តិរបស់ ប្រទេសអាល្លឺម៉ង់ និងប្រទេសដទៃទៀត
 

លោក Vyacheslav Volodin ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី

លោក Vyacheslav Volodin ប្រធានសភាឌូម៉ា(សភាជាន់ទាប)នៃសហព័ន្ធរុស្ស៊ី បានគំរាមរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាជនអាល្លឺម៉ង់ ប្រសិនបើរដ្ឋាភិបាលទីក្រុង​ប៊ែកឡាំងរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាជនរុស្ស៊ីដើម្បីជួយដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។

លោក Volodin បានសរសេរនៅក្នុងគេហទំព័រតេឡេក្រោមរបស់លោកថា “នៅពេលដែលការសម្រេចចិត្តដូចខាងលើត្រូវបានធ្វើឡើង (នៅក្នុង​ប្រទេសអាល្លឺម៉ង់) នោះយើងមានសិទ្ធិក្នុងការចាត់វិធានការដូចគ្នានេះ ចំពោះទ្រព្យសម្បត្តិរបស់ប្រទេសអាល្លឺម៉ង់ និងប្រទេសដទៃៗទៀត”។ គួរកត់​សម្គាល់ថា នៅមុនពេលផ្ទុះសង្រ្គាមនៅក្នុង​ប្រទេសអ៊ុយក្រែន ក្រុមហ៊ុនអាល្លឺម៉ង់ស្ថិតក្នុងចំណោមវិនិយោគិនធំៗបំផុតដោយផ្ទាល់ នៅក្នុងប្រទេស     រុស្ស៊ី។ លោក Volodin ឱ្យប្រទេសអាល្លឺម៉ង់ និងបារាំងទទួល​ខុសត្រូវ​ចំពោះការផ្ទុះសង្រ្គាម  ព្រោះថា លោកស្រី Angela Merkel អតីតអធិការបតីអាល្លឺម៉ង់ និងលោក Francois Hollande អតីតប្រធានាធិបតីបារាំងបានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ ក្នុងឆ្នាំ២០១៥ គ្រាន់តែដើម្បីបោកបញ្ឆោតរុស្ស៊ី និងសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ហើយលោកថា អឺរ៉ុបមិនដែលមានចេតនាក្នុងការ​អនុវត្តកិច្ចព្រមព្រៀងនេះទាល់តែសោះ។

លោក Volodin វ័យ​ ៥៨ឆ្នាំ បានថ្លែងបន្តថា “រដ្ឋាភិបាលអាល្លឺម៉ង់ ពេលនេះបានសម្រេចចិត្តក្នុងការផ្ទេរបញ្ហាមួយនេះ ដែលបន្សល់ទុកពីមេដឹកនាំពីមុន មកឱ្យប្រទេស​របស់យើង”។ លោក Volodin ថា ផែនការរបស់រដ្ឋាភិបាលទីក្រុងប៊ែកឡាំងក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីយកទៅកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដូច្នឹង​រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបដូចគ្នានេះ ចំពោះទ្រព្យសម្បត្តិអាល្លឺម៉ង់ នៅក្នុងប្រទេសរុស្ស៊ីវិញ។ គួរកត់សម្គាល់ថា រដ្ឋាភិបាលរុស្ស៊ីបានហាមឃាត់ជនបរទេសក្នុងការលក់​ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីបើគ្មានការអនុញ្ញាតពិសេស ក្រោយពីក្រុមហ៊ុនប្រទេសលោកខាងលិចជាច្រើនបានបញ្ឈប់សកម្មភាពរបស់ខ្លួននៅក្នុង​ប្រទេស​រុស្ស៊ី បន្ទាប់ពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែន កាលពីចុងខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងប្រទេសអាល្លឺម៉ង់ លទ្ធភាពនៃការរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាជនរុស្ស៊ី ដើម្បីយកទៅជួយដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញត្រូវបានពិភាក្សា​ម្តង​ម្កាល។ លោក Marco Bushmann រដ្ឋមន្រ្តីក្រសួងយុត្តិ ធម៌អាល្លឺម៉ង់ បានបង្ហាញនូវភាពស្ទាក់ស្ទើរក្នុងការ​រឹបអូសទ្រព្យសម្បត្តិរបស់អប្បជនាធិបតេយ្យរុស្ស៊ី (ជនមាន​អំណាច​មួយក្តាប់តូច) ដោយលោកបានថ្លែងថា ការរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ តម្រូវឱ្យមានភស្តុតាងទៅតុលាការដែលថាជនទាំងនេះជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាម ឬសង្រ្គាមខុសច្បាប់នៅក្នុងប្រទេសអ៊ុយក្រែន៕

http://ព័ត៌មានសភាអន្តរជាតិ ០៦-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://globeecho.com/news/the-head-of-the-russian-parliament-threatens-to-confiscate-the-assets-of-germany-and-other-countries/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`