
លោកKevin McCarthyប្រធានក្រុមសមាជិកសភាតំណាង របស់គណបក្សសាធារណរដ្ឋ
អស់រយៈពេល១សតវត្សរ៍មកហើយ ដែលឆាកល្ខោននយោបាយ(Political drama)ដូចថ្ងៃនេះ មិនបានកើតឡើងទាល់តែសោះ ក្នុងសភាតំណាងរបស់សហរដ្ឋអាមេរិក។ ថ្ងែនេះគឺជាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោកKevin McCarthy ប្រធានក្រុម សមាជិកសភាគណបក្សសាធារណរដ្ឋ បានបរាជ័យផ្ទួនៗ ក្នុងការបោះឆ្នោតជ្រើសតាំងប្រធានសភាតំណាងសហរដ្ឋអាមេរិកសម្រាប់នីតិកាលថ្មី ទី១១៨។
នៅរាត្រីថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ កិច្ចប្រជុំរបស់សភាតំណាង ត្រូវបានលើកទៅពេលបន្ទាប់ ក្នុងស្ថានភាពដែលគ្មានប្រធាន ដែលនេះគឺជាលើកទី១ហើយ គិតចាប់តាំងពីឆ្នាំ១៩២៣មក ដែលកាលនោះ សភាតំណាងសហរដ្ឋអាមេរិក ក៏ជួបបញ្ហាដូចខាងលើដែរ គឺបញ្ហានៃការមិនទាន់ជ្រើសរើសបាន ប្រធានរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតជុំទី១។
ថ្ងៃដំបូងនៃការចាប់ផ្តើមនីតិកាលថ្មី គួរតែជាថ្ងៃដំបូងនៃជ័យជំនះរបស់គណបក្សសាធារណរដ្ឋ ពី ព្រោះ នៅក្នុងនីតិកាលថ្មីនេះ គណបក្សនេះគឺជាគណបក្សដែលគ្រប់គ្រងសភាជាន់ទាប ក្រោយការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ផ្ទុយស្រលះពីការរំពឹងទុក លោកMcCarthy បែរជាជួបនូវការប្រឆាំងពីផ្ទៃក្នុង គណបក្សរបស់ខ្លួន ហើយបង្កើតបាននូវប្រវត្តិថ្មីមួយ។
លោកMcCarthy ដែលជាសមាជិកសភាតំណាងមកពីរដ្ឋCalifornia បានបរាជ័យក្នុងការបោះឆ្នោត ៣ដងជាប់ៗគ្នា ដើម្បីជ្រើសរើសប្រធានសភាតំណាងនីតិកាលថ្មី ហើយគេក៏មិនទាន់ច្បាស់លាស់ដែរ ថាតើលោកនឹងជោគជ័យដែរឬទេ នៅពេលសមាជិកសភាតំណាង នឹងជួបប្រជុំនៅថ្ងៃពុធ ទី៤ ខែមករា ខាងមុខ ដើម្បីបន្តការងាររបស់ខ្លួន និងបោះឆ្នោតសាជាថ្មីលើបេក្ខភាពរបស់លោក ជាប្រធានសភាតំណាង។ សមាជិកសភាតំណាងនឹងបន្តការបោះឆ្នោតរបស់ខ្លួន រហូតដល់មានបេក្ខជនមួយរូប ទទួលបានការគាំទ្រភាគច្រើនដាច់ខាត។ អ្នកវិភាគមួយចំនួនបានបង្ហាញការយល់ឃើញថា លោកMcCarthy អាចនឹងទទួលបានជោគជ័យនៅក្នុងបោះឆ្នោតនៅពេលក្រោយ ក៏ប៉ុន្តែភាពបរាជ័យរបស់លោកក្នុងថ្ងៃអង្គារនេះ បានបង្កឱ្យជាភាពច្របូកច្របល់ ជាប្រថ្នូលមិនល្អអំពីភាពវឹកវរនៃការអនុវត្តការងារសភាតំណាងសម្រាប់អាណត្តិថ្មីដែលមានរយៈពេល២ឆ្នាំ និងជាការបង្ហាញឃើញថា ក្រុមសមាជិកសភាគណបក្សសាធារណរដ្ឋ ដែលមាននិន្នាការស្តាំនិយម កំពុងធ្វើសង្រ្គាមដាក់គ្នា។
ការចរចាច្រើនលើក ធ្វើឱ្យគេមើលឃើញ អំពីភាពកំសោយរបស់លោកMcCarthy លទ្ធផលនៃការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២២ បាននាំឱ្យគណបក្សសាធារណរដ្ឋ មានលទ្ធភាពគ្រប់គ្រងសភាតំណាង ប៉ុន្តែគ្រប់គ្រងបាន ដោយសារតែមានអាសនៈច្រើនជាងគណបក្សប្រជាធិបតេយ្យតែបន្តិចបន្តួចប៉ុណ្ណោះ ដែលនេះឱកាសមួយសម្រាប់សមាជិកសភាមាននិន្នាការអភិរក្សជ្រុលនិយម ក្នុងគណបក្សសាធារណរដ្ឋ រួមគ្នាបោះឆ្នោតប្រឆាំងការជ្រើសតាំងលោកMcCarthy ជាប្រធានសភាតំណាង។
អ្នកសង្កេតតាមដានគណបក្សសាធារណរដ្ឋ បានឱ្យដឹងថា ស្នាប្រេះស្រាំមួយនេះ វាបានកើតឡើងជាយូរមកហើយក្នុងគណបក្ស។ អ្នកបញ្ចុះបញ្ចូលគណបក្សសាធារណរដ្ឋ (Republican lobbyist) មួយរូប បានថ្លែងដោយមិនបញ្ចេញឈ្មោះ និងដោយត្រង់ៗអំពីការបោះឆ្នោតថ្ងៃអង្គារ ទី៣ ខែមករា ថា៖ ”លោកMc Carthy មិនបានកសាងមិត្តភាព ជាមួយក្រុមមួយចំនួនក្នុងគណបក្សខ្លួនឯងឡើយ សម្រាប់រយៈពេលនេះឡើយ ហើយថែមទាំងមានសត្រូវច្រើនទៀត។ មានមនុស្សជាច្រើន ដែលមិនពេញចិត្ត លោកMcCarthy ដោយមូលហេតុនយោបាយ និងមូលហេតុផ្ទាល់ខ្លួន។”
លោកMcCarthy បានចូលទៅចរចាជាមួយអ្នកប្រឆាំងរបស់លោក ដែលអ្នកទាំងនោះបានចាត់ទុកលោកMcCarthyជាអ្នកឃ្លានអំណាចហួសហេតុ។ ក្នុងការចរចានេះលោកMcCarthy បានផ្តល់សម្បទានជាច្រើនដល់ពួកគេ ដើម្បីព្យាយាមលួងលោមពួកគេឱ្យបោះឆ្នោតគាំទ្រវិញ។ ចំណុចមួយនៃសម្បទានរបស់លោកMcCarthy គឺលោកMcCarthy ត្រូវបានគេរាយការណ៍ថា បានយល់ព្រមធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងសភាតំណាង ដើម្បីបង្កើនភាពងាយស្រួល ក្នុងការដកហូតតំណែងប្រធានសភា ដែលនេះប្រៀបដូចជាការផ្តល់ឱ្យក្រុមប្រឆាំងនូវអំណាចដ៏ធំមួយ ដើម្បីត្រួតពិនិត្យអំណាចរបស់លោក។ អ្នកបញ្ចុះបញ្ចូលគណបក្សសាធារណរដ្ឋ ខាងលើបានថ្លែងថា៖ ”ការដែលលោកMcCarthy ទៅចរចាជាមួយសមាជិកសភាគណបក្សសាធារណរដ្ឋ គឺធ្វើឱ្យគេមើលឃើញថាលោកMcCarthy ខ្សោយ ខ្សោយមែនទែន។”
អ្នកប្រឆាំងលោកMcCarthy មានទឹកចិត្តខ្លាំង ទឹកចិត្តដ៏ខ្លាំងរបស់អ្នកប្រឆាំងនឹងលោកMcCarthy បានស្តែងចេញយ៉ាងច្បាស់ក្រឡែត នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២២។ ថ្ងៃអង្គារ ទី៣ ខែមករា លោកMcCarthy បានបរាជ័យក្នុងការបោះឆ្នោត៣ដង ជាប់ៗគ្នា មិនអាចទទួលបានសំឡេងគាំទ្រ២១៨សំឡេង ក្នុងចំណោមសមាជិកសភាតំណាងសរុបចំនួន៤៣៥រូប។ ក្នុងស្ថានភាពដែលគណបក្សរបស់លោកMcCarthy មានអាសនៈចំនួន២២២ ការបោះឆ្នោតថ្ងៃអង្គារ នោះ បានបង្ហាញថា មានសមាជិកសភាគណបក្សរបស់លោកMcCarthy ដែលមាននិន្នាការស្តាំនិយមជ្រុលចំនួន៩រូប បានបោះឆ្នោតប្រឆាំងលោកMcCarthy ដោយមូលហេតុមនោគមន៍វិជ្ជានយោបាយ និងមូលហេតុផ្ទាល់ខ្លួន។ ព្រឹត្តិការណ៍ថ្ងៃអង្គារ ទី៣ ខែមករា បានបង្ហាញថា លោកMcCarthy ត្រូវតែធ្វើសម្បទានឱ្យបានច្រើនជាងមុនជូនក្រុមប្រឆាំងលោក ក្នុងស្ថានភាពដែលគណបក្សសាធារណរដ្ឋមានអាសនៈ លើសគណបក្សប្រជាធិបតេយ្យបន្តិចបន្តួចប៉ុណ្ណោះ។ លោកRob Good សមាជិកសភាតំណាងគណបក្សសាធារណរដ្ឋមកពីរដ្ឋVirginia បានថ្លែងនៅ ថ្ងៃអង្គារ ថា៖ “អ្នកប្រឆាំងលោកMcCarthy នឹងមិនផ្លាស់ប្តូរចិត្តរបស់ពួកគេ ឡើយ។”
នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ពីព្រោះអ្នកប្រឆាំងនឹងលោកMcCarthy មិនត្រឹមតែបោះឆ្នោតប្រឆាំងនឹងលោកMcCarthy ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្នើតែង តាំងលោកJim Jordan ឱ្យចូលរួមជាបេក្ខជនប្រជែងយកតំណែងប្រធានសភាតំណាង ជាមួយលោកMcCart- hyទៀតផង គឺស្នើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលោកJordanខ្លួនឯង ក៏បានបង្ហាញការគាំទ្រ លោកMcCarthy ប្រធានសភាតំណាងដែរ។ នៅក្នុងការបោះឆ្នោតជុំទី៣ លោកJordan ដែលជាឥស្សរជនលេចធ្លោមួយរូប ក្នុងក្រុមសមាជិកសភាតំណាងរបស់គណបក្សសាធារណរដ្ឋ ដែលមាននិន្នការស្តាំជ្រុលនិយម បានស្នើសុំឱ្យសមាជិកសភាតំណាងគណបក្សសាធារណរដ្ឋ មូលមាត់គ្នាគាំទ្រលោកMcCarthy។ ប៉ុន្តែនៅជុំទីបីនោះដដែលមាន សមាជិកសភាតំណាងគណបក្សសាធារណរដ្ឋចំនួន២០រូប បានបោះឆ្នោតគាំទ្រ លោកJordan សម្រាប់តំណែងប្រធានសភាតំណាង ដែលជាហេតុធ្វើឱ្យលោកMcCarthy បរាជ័យម្តងទៀតនៅជុំទី៣នេះ។
ចំណែកសមាជិកសភាតំណាងគណបក្សប្រជាធិបតេយ្យវិញ ពួកគេសាមគ្គីគ្នាជាធ្លុងមួយបោះឆ្នោតគាំទ្រ ប្រធានក្រុមរបស់គេគឺលោកHakeem Jeffries ដែលមកពីបុរីNew York សម្រាប់តំណែងជាប្រ ធានសភាតំណាង។ តើអ្វីជាជម្រើសរបស់លើកMcCarthey នៅពេលនេះ? អ្នកសង្កេតការណ៍នយោបាយក្នុងរដ្ឋធានីWashington បានចាប់ផ្តើមលើកឡើងនូវផ្លូវមួយចំនួន ដែលអាចនឹងបញ្ចប់ភាពទាល់ច្រកនេះ។ លោកRuth Bloch Rubin អ្នកវិទ្យាសាស្រ្តនយោបាយនៅសាកល វិទ្យាល័យ The University of Chicago ដែលសិក្សាអំពីភាពជាបក្សសម្ព័ន្ធ(Partisanship) បានលើកឡើងថា ”នៅក្នុងដំណាក់កាលនេះ លោកMcCarthy គឺជាចំណាប់ខ្មាំងដ៏សំខាន់របស់ក្រុមម្ខាងទៀត នៅក្នុងគណបក្សរបស់លោក”។ លោកMcCarthy បានសន្យាថា មិនធ្វើសម្បទានបន្ថែមទៀតឡើយ ប៉ុន្តែក៏គេមិនទាន់ច្បាស់ដែរ ថាលោកមានជម្រើសក្នុងការធ្វើដូចការលើកឡើងនេះបានដែរឬទេ។ ដើម្បីទទួល បានជោគជ័យក្នុងការបោះឆ្នោត នៅថ្ងៃពុធ ទី៤ ខែមករា លោកMaCarthy អាចនឹងបង្ខំចិត្តធ្វើសម្បទានបន្ថែមទៀត ដើម្បីផ្គាប់ចិត្តអ្នកប្រឆាំងនឹងរូបលោក ដូចជាផ្តល់អ្នកនោះនូវតួនាទីជាប្រធានគណៈកម្មាធិការមួយចំនួនរបស់សភាតំណាង ឬតួនាទីល្អនៅក្នុងគណៈកម្មាធិការសភាតំណាង…។
http://ព័ត៌មានសភាអន្តរជាតិ ០៤-០១-២៣- តូនី ប្រែសម្រួលពី៖ https://www.bbc.com/news/world-us-canada-64158234