លោកស្រីNancy Pelosi អ្នកនយោបាយគណបក្សប្រជាធិបតេយ្យ និងប្រធានសភាតំណាងសហ រដ្ឋអាមេរិក បានប្រកាសនៅពីថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ថា បៀវត្សអតិបរមារបស់មន្រ្តីសភាតំណាង បានកើនឡើងទៀតហើយ គឺកើនឡើងដល់២១២,០០០ដុល្លារអាមេរិក។ លោកស្រីPelosi បានថ្លែងនៅ ក្នុងលិខិតដែលមានចំណងជើង សហសេវិកជាទីស្រលាញ់( Dear Colleague Letter)ថា៖ “ដូចយើងបានដឹងហើយថា មន្រ្តីសភាដែលប្រកបដោយស្មារតីស្នេហាជាតិ គឺជាផ្នែកដ៏សំខាន់នៃដំណើរការការងាររបស់សភាតំណាង ជាផ្នែកដ៏សំខាន់ដែលធានាឱ្យស្ថាប័នេះ អាចអនុវត្តមុខងារនីតិកម្មប្រកបដោយប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវចំពោះម្ចាស់ឆ្នោតនៅមូលដ្ឋាន។ ឈរលើមូលដ្ឋាននេះ យើងត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាងដែលអាចធ្វើបាន ដើម្បីរក្សាទុក និងជ្រើសរើសបាន នូវមន្រ្តីដែលមានទេពកោសល្យខ្ពស់ សម្រាប់បម្រើផលប្រយោជន៍ប្រទេសយើង និងសម្រាប់កសាងក្រុមការងារសភា ដែលបង្ហាញឆ្លុះបញ្ចាំងអំពីសហគមន៍ ដែលយើងមានកិត្តិយស បម្រើជូន។”
កាលពីឆ្នាំ២០២១ លោកស្រីPelosi បានបង្កើនបៀវត្សមន្រ្តីសភាតំណាងដល់ ១៩៩,៣០០ ដុល្លារអាមេរិក បន្ទាប់ពីបៀវត្សនេះបានជាប់ទ្រឹងមិនកើនអស់រយៈពេលជាងមួយទសវត្សរ៍។ ក្នុងខែឧសភា ឆ្នាំ២០២២ បៀវត្សអតិបរមារបស់មន្រ្តីសភាតំណាង ត្រូវបានបង្កើនជាថ្មីម្តងទៀតដល់ ២០៣,៧០០ដុល្លារអាមេរិក ដើម្បីឱ្យមានសមភាពជាមួយបៀវត្សរបស់មន្រ្តីព្រឹទ្ធសភា។ លទ្ធផលនៃការបង្កើនបៀវត្សអតិបរមាក្នុងឆ្នាំ២០២១ បានធ្វើឱ្យមន្រ្តីសភាតំណាងនៅពេលនេះ មានបៀវត្សខ្ពស់ជាងមេកើយរបស់ពួកគេ ដែលជាសមាជិកសភាតំណាង ទៅទៀត។ សមាជិកសភាតំណាងធម្មតា (ដែលមិនមានឋានៈបន្ថែមអ្វីសោះ) មានបៀវត្សចំនួន ១៧៤,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយបៀវត្សរបស់ថ្នាក់ដឹកនាំសភា គឺលើសពីចំ- នួននេះ បន្តិចបន្តួចប៉ុណ្ណោះ។
ក្នុងខែឧសភា ឆ្នាំ២០២២ ក៏លោកស្រីPelosi ក៏បានកំណត់ផងដែរថា បៀវត្សអប្បបរមារបស់មន្រ្តីសភាតំណាង គឺ៤៥,០០០ដុល្លារអាមេរិក ដែលនោះគឺជាលើកទី១ហើយ ដែលសភាតំណាងចាប់ផ្តើមកំណត់កម្រិតបៀវត្សមន្រ្តីរបស់ខ្លួន៕
http://ព័ត៌មានសភាអន្តរជាតិ ០១-០១-២៣- តូនី ប្រែសម្រួលពី៖ https://thehill.com/homenews/house/3793799-pelosi-announces-maximum-salary-for-house-staff-being-raised-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម