logo logo
banner1
ប្រធានាធិបតីនេប៉ាល់ កោះប្រជុំសភានៅថ្ងៃទី៩ ខែមករា
 

សម័យប្រជុំរបស់សភានេប៉ាល់

​កាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ លោក Bidhya Devi Bhandari ប្រធានាធិបតីនៃសាធារណ រដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ បានកោះបើកសម័យប្រជុំដំបូង​នៃសភាថ្មីនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីប្រទេសនេះបានទៅបោះឆ្នោតកាលពីថ្ងៃទី២០ ខែវិច្ឆិកា។ នេះនឹងក្លាយជាសម័យប្រជុំសភាលើក ដំបូង បន្ទាប់ពីការ​តែងតាំង​លោក Pushpa Kamal Dahal “Prachanda” ជានាយករដ្ឋមន្ត្រីថ្មីនៃ​ប្រទេស ​នេប៉ាល់​ កាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូ។

លោក Sagar Acharya អ្នកនាំពាក្យខុទ្ទកាល័យរបស់លោកប្រធានាធិបតី បានមានប្រសាសន៍ថា សម័យប្រជុំនេះនឹងត្រូវធ្វើឡើងក្រោមមាត្រា ៩៣ (១) នៃរដ្ឋធម្មនុញ្ញ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងដែល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Prachanda កាលពីថ្ងៃចន្ទ ទី២៦ បានផ្តល់អនុសាសន៍ដល់លោកប្រធានាធិបតី​ដើម្បីកោះបើកសម័យ​ប្រជុំសភាថ្មី។ លោក Prachanda បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនេប៉ាល់ជាលើកទីបីកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីអតីតមេទ័ពព្រៃបានដើរចេញពីសម្ព័ន្ធភាព មុនការបោះឆ្នោតដែលដឹកនាំដោយសភានេប៉ាល់ ហើយបានចាប់ដៃជាមួយលោក K P Sharma Oli មេដឹកនាំបក្សប្រឆាំង។ ប្រធានមជ្ឈមណ្ឌល CPN-Maoist ដែលមានអាយុ ៦៨ឆ្នាំ ត្រូវបានតែងតាំងជានាយក រដ្ឋមន្ត្រីថ្មីរបស់ប្រទេស បន្ទាប់ពីគាត់បានដាក់លិខិតទៅប្រធានាធិបតី Bhandari ដែលបង្ហាញពីការគាំទ្រ របស់សមាជិកសភាចំនួន ១៦៩រូប នៅក្នុងសភាតំណាង ដែលមានសមាជិកសភាចំនួន ២៧៥រូប។ កាល ពីថ្ងៃចន្ទ ទី២៦ លោកប្រធានាធិបតី Bhandari បានចូលរួមធ្វើជាអធិបតីនៅក្នុងពិធីសច្ចាប្រណិធាន​របស់សមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀតនៃរដ្ឋាភិបាលចម្រុះថ្មី។

គណៈរដ្ឋមន្ត្រីថ្មីមានឧបនាយករដ្ឋមន្ត្រីបីរូបគឺ លោក Bishnu Paudel មកពីបក្សកុម្មុយនិស្ត Oli របស់ Nepal-Unified Marxist-Leninist (CPN-UML), លោក Narayan Kaji Shrestha មកពី CPN-Maoist Center និង លោក Rabi Lamichhane មកពីគណបក្ស Rastriya Swatantra (RSP) ៕

http://ព័ត៌មានសភាអន្តរជាតិ ២៩-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.nationalheraldindia.com/international/nepal-president-calls-parliament-session-on-january-9



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`