logo logo
banner1
ច្បាប់ធំៗដ៏មានឥទ្ធិពលចំនួន៥ ដែលសភាសហរដ្ឋអាមេរិក បានអនុម័ត​ក្នុងឆ្នាំ២០២២
 

ឆ្នាំ២០២២ គឺជាឆ្នាំដ៏មមាញឹកសម្រាប់សភាសហរដ្ឋអាមេរិក ពីព្រោះក្នុងឆ្នាំនេះ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់សំខាន់ៗជាច្រើន ហើយភាគច្រើននៃច្បាប់ទាំងនោះ​ទៀតសោត ត្រូវទទួលបានការគាំ ទ្រពីគណបក្សធំៗទាំងពីរ ដែលមានអាសនៈក្នុងសភា។ ឆ្នាំ២០២២ គឺទំនងជាឆ្នាំ ដែលរដ្ឋបាលលោកប្រ ធានាធិបតីJoe Biden បង្កើតបាន​ច្បាប់​ច្រើនជាងឆ្នាំណាៗទាំងអស់ ក្នុងអាណត្តិរបស់ខ្លួន ពីព្រោះចាប់ពីដើមឆ្នាំ២០២៣តទៅ សភាតំណាងសហរដ្ឋអាមេរិកនីតិកាលថ្មី គឺជាសភាដែលត្រូវស្ថិតក្រោមការ​គ្រប់គ្រង របស់គណបក្សសាធារណរដ្ឋ វិញម្តងរហូតដល់មានការបោះឆ្នោតសាជាថ្មី។

​រយៈពេល២ឆ្នាំ ដែលទាំងព្រឹទ្ធសភា និងសភាតំណាង សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ សភាសហរដ្ឋអាមេរិក បានសម្រេចបង្កើតនូវច្បាប់​សំខាន់ៗ​ដ៏មានឥទ្ធិពលចំនួន៥ គឺ៖

១.ច្បាប់ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ សុខភាព និងពន្ធអាករ៖ ច្បាប់នេះមានឈ្មោះថា ច្បាប់ស្តីពីការកាត់បន្ថយអតិផរណា (The  Inflation Reduction Act) ជា​ច្បាប់​ដែលបង្ហាញអំពីការខិតខំប្រឹងប្រែង ដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដែល មានកញ្ចប់ថវិការហូត​ដល់​៣៦៩ពាន់លានដុល្លារអាមេរិក សម្រាប់ផ្គត់ផ្គង់ដល់វិស័យថាមពលស្អាត គ្រប  ដណ្តប់តាំងពីការផលិតនិងប្រើប្រាស់រថយន្ត រហូតដល់សកម្មភាពអាជីវកម្ម។ ច្បាប់នេះក៏​មាន​គោលដៅផងដែរ ក្នុងការបន្ថយការបញ្ចេញមេតានក្នុងបរិយាកាស និងបានរៀបចំថវិកាមួយចំនួនសម្រាប់ជួយដល់ សហគមន៍ ដែលរងផលប៉ះពាល់ខ្លាំងដោយសារការ​បំពុលខ្យល់អាកាស និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹង អាកាសធាតុ។

២.ច្បាប់បោះឆ្នោតថ្មី ដើម្បីបញ្ចៀសកុំឱ្យមានព្រឹត្តិការណ៍ថ្ងៃទី៦ ខែមករា ម្តងទៀត៖ គឺជាច្បាប់ដែលទើបនឹងអនុម័តថ្មីកាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។ ច្បាប់នេះផ្តល់ថវិកាជាច្រើនសម្រាប់កំណែទម្រង់ទ្រង់ទ្រាយធំលើការបោះឆ្នោត ច្បាប់នេះចង់បញ្ចៀសបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោត នាពេលអនាគតមិនឱ្យលួចការ​បោះឆ្នោត។ ច្បាប់នេះមានឈ្មោះថា ច្បាប់ស្តីពីកំណែទម្រង់ការរាប់សន្លឹកឆ្នោត(The Electoral Count Reform Act) គឺជាច្បាប់ ដែលកែតម្រូវលើច្បាប់ស្តីពីការរាប់​សន្លឹក​ឆ្នោត​ឆ្នាំ១៨៨៧ ដើម្បីធានាថាអនុប្រធានាធិបតីមិនអាចបញ្ចុះតម្លៃ(discount) ចំពោះការបោះឆ្នោត។

       ៣. ច្បាប់ថ្មីស្តីពីការគ្រប់គ្រងអាវុធ ដ៏តឹងរ៉ឹងមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំ៖ នេះគឺជាលើកទី១ ហើយក្នុងរយៈពេលជិត៣ទសវត្សរ៍ ដែលសភាសហរដ្ឋអាមេរិក​ធ្វើការ​រឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធ។ ការរឹត បន្តឹងនេះកើតឡើង ដើម្បីជាការឆ្លើយតបនឹងការកំណើនគាំទ្រជាបន្តបន្ទាប់របស់សាធារណជន ចំពោះសកម្មភាពដោះស្រាយការ​បាញ់ប្រហារស្លាប់រង្គាល ដែលបានកើតមានជាទូទៅក្នុងសហរដ្ឋអាមេរិក។ ច្បាប់ ថ្មីនេះមានឈ្មោះថា ច្បាប់ស្តីពីសហគមន៍ដែលមានសុវត្ថិភាពខ្ពស់ជាងមុន (The Safer Communities Act) ជាច្បាប់ទទួលបានការគាំទ្រពីគណបក្សទាំងពីរនៅក្នុងសភា។ ច្បាប់នេះត្រូវបានដឹកនាំតាក់តែង ដោយព្រឹទ្ធសមាជិកChris Murphy នៃគណបក្សប្រជា​ធិបតេយ្យ និងព្រឹទ្ធសមាជិក John Cornyn នៃគណ បក្សសាធារណរដ្ឋ។ ច្បាប់ថ្មីនេះបានផ្តល់ដល់រដ្ឋាភិបាលនៃរដ្ឋចំណុះសហរដ្ឋអាមេរិក នូវសិទ្ធិតាក់តែងច្បាប់ទង់​ពណ៌​ក្រហម(Red Flag Laws) ដើម្បីហាមឃាត់មិនឱ្យប្រើប្រាស់ឬកាន់កាប់កាំភ្លើង(Firearm) ចំពោះជនណាដែលអាជ្ញាធរយល់ថា អាចប្រើប្រាស់អាវុធបង្កការគំរាមកំហែង​ចំពោះខ្លួនឯង និងអ្នកដទៃ។ ច្បាប់ថ្មីនេះ តម្រូវឱ្យការត្រួតពិនិតខ្លាំងជាមុនលើសាវតាររបស់បេក្ខជន ដែលដាក់ពាក្យចង់កាន់កាប់កាំភ្លើងក្នុងវ័យចន្លោះពី១៨ដល់២១ឆ្នាំ និងបើកទ្វារឱ្យមានការពិនិត្យលើលិខិតថ្កោលទោសចំពោះ អ្នកមានវ័យដូចខាងលើ ហើយចង់កាន់កាប់ និងប្រើប្រាស់អាវុធ។

       ៤. ច្បាប់ដើម្បីលើកកម្ពស់ការប្រកួតប្រជែងជាមួយប្រទេសចិន៖ ច្បាប់នេះមានឈ្មោះថា ច្បាប់ស្តី ពីបន្ទះឈីប និងវិទ្យាសាស្រ្ត (CHIPS and Science Act) ត្រូវបាន​បង្កើតឡើងក្នុងគោលដៅនិតីកម្មផង និងជាបញ្ជូនសារឱ្យប្រទេសចិនផង ថាសហរដ្ឋអាមេរិក មិនចង់ដើរពីក្រោយប្រទេសចិន ក្នុងការប្រកួតប្រ ជែងសាកលឡើយ។ ច្បាប់​មួយ​នេះ ដំបូងឡើយ កើតចេញពីការចរចាគ្នារវាងព្រឹទ្ធសមាជិកChuck Schu mer នៃគណបក្សប្រជាធិបតេយ្យ និងព្រឹទ្ធសមាជិកTodd Young នៃគណបក្សសាធារណរដ្ឋ។ ច្បាប់នេះ ផ្តល់ ថវិកាចំនួន២៨០ពាន់លានដុល្លារអាមេរិក សម្រាប់ការវិនិយោគក្នុងសហរដ្ឋអាមេរិក លើផលិតកម្មវត្ថុពាក់កណ្តាលចម្លង (Semiconductor Manufacturing) សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងសម្រាប់ការសម្រួលការយកពន្ធចំពោះផលិតកម្មផលិតបន្ទះឈីប។

        ៥.ច្បាប់គាំទ្រការពាររៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា៖​ ច្បាប់នេះមានឈ្មោះថា ច្បាប់ស្តីពីការគោរព  ការរៀបអាពាហ៍ពិពាហ៍ (The  Respect for Marriage Act) ដឹកនាំតាក់តែងដោយព្រឹទ្ធសមាជិក Tammy Baldwin នៃគណបក្សប្រជាធិបតេយ្យ ដែលជាបុរសស្រលាញ់ភេទដូចគ្នា(gay)ទីមួយ ដែលត្រូវបានជ្រើសតាំងដោយចំហជា​សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។ ច្បាប់នេះមានចរិតបង្ខំឱ្យរដ្ឋាភិបាលសហព័ន្ធ ទទួលស្គាល់អំពីភាពស្របច្បាប់នៃការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា និងធានាថា គូស្វាមីភរិយានេះទទួលបានអត្ថប្រយោជន៍ពេញលេញពីអាពាហ៍ពិពាហ៍របស់ខ្លួន ទោះបីពួកគេមានភេទ ពូជសាសន៍ ជនជាតិ ឬ សញ្ជាតិដើម ជាអ្វីក៏ដោយ…៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-១២-២២- តូនី ប្រែសម្រួលពី៖ https://news.yahoo.com/five-major-bills-congress-passed-150035584.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`