logo logo
banner1
សេចក្តីសម្រចលើកដំបូងរបស់អង្គការសហប្រជាជាតិ ស្តីពីតួនាទីរបស់សមាជិកសភាក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
 

នេះគឺជាលើកទី១ក្នុងប្រវត្តិសាស្រ្ត ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តី សម្រេចមួយ គូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សភា ក្នុងការអនុវត្ត​របៀប​វារៈឆ្នាំ២០៣០​ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព(The 2030 Agenda for Sustainable Development)។ សេចក្តីសម្រេច នេះ បង្ហាញអំពីគោលបំណង​លើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយជាងមុន រវាងអង្គការសហប្រ ជាជាតិ ជាមួយសភានៃបណ្តាប្រទេសនានាក្នុងពិភពលោក ក្នុងរបៀបវារៈអន្តរជាតិ។ សេចក្តី​សម្រេច​នេះ​មានឈ្មោះថា សេចក្តីសម្រេចស្តីពី ការលើកកម្ពស់តួនាទីសភា ក្នុងការបង្កើនល្បឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (The Resolution on Enhancing the Role of Parliament in Accelera ting the Implementation of Sustainable Development Goals)។ សេចក្តីសម្រចនេះ ត្រូវបានអនុម័ត ក្នុងសម័យ​ប្រជុំលើកទី៧៧ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។ សាធារណរដ្ឋអ៊ូសបេគីស្ថាន បានដើរតួនាទីដ៏សំខាន់មួយ ក្នុងការកៀរគរបានរដ្ឋជាសមាជិកអង្គការ​សហអង្គការ​ប្រជាជាតិប្រហែល៨០ ឱ្យគាំទ្រសេចក្តីសម្រេចនេះ។

​សេចក្តីសម្រចនេះបានទទួល ស្គាល់នូវតួនាទីជាសារវន្តរបស់សភានៃប្រទេសនីមួយៗ​ ក្នុងការធ្វើឱ្យ គោលដៅអភិវឌ្ឍន៍ប្រកបចីរភាពមានសកម្មភាពរស់រវើក ក្នុងប្រទេស​រៀងៗខ្លួន តាមរយៈការប្រើប្រាស់អំណាច សភាដើម្បីធ្វើច្បាប់ពាក់ព័ន្ធ ផ្តល់ថវិកា និងត្រួតពិនិត្យសកម្មភាពរបស់រដ្ឋាភិបាល។ សេចក្តីសម្រេចនេះ លើកទឹកចិត្តឱ្យរដ្ឋជា​សមាជិកអង្គការសហប្រជាជាតិ ចូលរួមជាមួយសភាក្នុងការរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិស្ម័គ្រចិត្ត (Voluntary National Reviews) ដែលជាដំណើរការការងារ​មួយរបស់អង្គការ សហប្រជាជាតិ ដែលប្រទេសពាក់ព័ន្ធអាចបង្ហាញអំពីរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការសម្រេចគោលដៅប្រកបដោយចីរភាពនៃប្រទេសរបស់ខ្លួនក្នុង​វេទិកានយោបាយកម្រិតខ្ពស់ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព(The Annual UN High-Level Political Forum on Sustainable Development)។ លទ្ធផលនៃការស្ទង់មតិរបស់សហភាពអន្តរសភា (IPU) បានបង្ហាញថា មិនមានប្រទេសច្រើនឡើយ បានបង្ហាញរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការសម្រេច​បានគោលដៅប្រកប ដោយចីរភាពរបស់ខ្លួន នៅឯវេទិកាខាងលើ មូលហេតុដោយសាររដ្ឋាភិបាលនៃប្រទេសជាច្រើន មានភាពស្ទាក់ស្ទើរ ក្នុងការរួមបញ្ចូលប្រកបដោយ​ប្រសិទ្ធភាព​នូវស្ថាប័នសភា នៅក្នុងដំណើរការនេះ។

​សេចក្តីសម្រេចនេះ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់ស្រ្តី និងយុវជនក្នុងស្ថាប័ន សភា ដែលរួមមាន ការចូលរួមក្នុងតួនាទីដឹកនាំ និងតួនាទីក្នុងការសម្រេច​ចិត្ត។ សេចក្តីសម្រេចនេះ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់ នៃការដាក់បញ្ចូលទស្សនវិស័យយេនឌ័រក្នុងការងារសភា។ សេចក្តីសម្រេចនេះ បានស្វាគមន៍យ៉ាងខ្លាំងក្លា ចំពោះសមិទ្ធផលការងាររបស់សហភាពអន្តរសភា និងស្នាដៃការងាររបស់ស្ថាប័នអង្គការសភាអន្តរជាតិជាច្រើនទៀត​ ដែលបានចែករំលែកនូវការអនុវត្តល្អៗ និងបង្កើន​ការ​យល់ដឹងរបស់សមាជិកសភា ក្នុងចក្ខុវិស័យគាំទ្រចំពោះការអនុវត្តរបៀបវារៈឆ្នាំ២០៣០។

​សេចក្តីសម្រចនេះ គឺជាជំហានសំខាន់មួយ មុនការប្រព្រឹត្តិទៅនៃកិច្ចប្រជុំកំពូលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០២៣ ​(The 2023 SDG Summit) ដែលកិច្ច​ប្រជុំនេះ គឺជាឱកាសដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងការពិនិត្យ និងតម្រង់ទិសការអនុវត្តត្រឹមត្រូវនូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។ សហភាពអន្តរសភា​នឹងចូលរួមយ៉ាងសកម្ម ក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលខាងលើ តាមរយៈ ការលើកទឹកចិត្តឱ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ឱ្យពិគ្រោះយោបល់ជាមួយសភានៃប្រ ទេសរបស់ខ្លួន ក្នុងការរៀបចំរបាយការណ៍លទ្ធផលសម្រាប់កិច្ចប្រជុំកំពូលខាងលើ និងតាមរយៈការលើកទឹកចិត្តឱ្យដាក់បញ្ចូលសមាជិកសភាក្នុងគណៈប្រតិភូជាតិនៃរដ្ឋ ដែល​នឹង​ចូលរួមកិច្ចប្រជុំកំពូលខាងលើ។

​ចំណុចស្នូលនៃភាពខ្លាំងរបស់សហភាពអន្តរសភា គឺសមត្ថភាព។ សហភាពអន្តរសភាមានការិយា ល័យជាច្រើននៅក្នុងទីក្រុងហ្សឺណែវ (Geneva) បុរីញូវយ៉ក (New York) និងរដ្ឋធានីវីយែន(Vienna) ដែលជាទីក្រុង មានស្ថាប័នធំៗជាច្រើនរបស់អង្គការសហប្រជាជាតិតាំងនៅ។ នេះជាកត្តាអំណោយផល សម្រាប់សហភាពអន្តរសភា ក្នុងការនាំ​យក​នូវសំឡេងរបស់សភា(ជាសមាជិកសហភាពអន្តរសភា)ទៅកាន់កិច្ចប្រជុំនានា របស់អង្គការសហប្រជាជាតិ ឬទៅកាន់សន្ធិសញ្ញានានា តួយ៉ាងដូចជាវេទិកានយោ បាយជាន់ខ្ពស់​ស្តីពី​ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ ឬគណៈកម្មាធិការលុបបំបាត់ការរើសអើងចំពោះស្រ្តី ជាដើម។

​គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០២៣​ (The 2023 SDG Summit) គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅក្នុងពេលនោះប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនឹងជួបប្រជុំគ្នានៅទីស្នាក់ការ​កណ្តាលអង្គការសហប្រជាជាតិដើម្បីតាមដាននិងពិនិត្យមើល ការអនុវត្តរបៀប វារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅចំនួន១៧នៃការ​អភិវឌ្ឍប្រកប ដោយចីរភាព។ កិច្ចប្រជុំកំពូលនេះក៏មានការចូលរួមផងដែរពីអង្គការអន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល ស្រ្តី យុវជន និងភាគីពាក់ព័ន្ធជាច្រើនទៀត…៕

http://ព័ត៌មានពីអង្គការសភា ២១-១២-២២- តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/news-in-brief/2022-12/first-un-resolution-role-parliaments-in-sdgs



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`