logo logo
banner1
នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាការងារជាមួយប្រធានសភាតំណាង បែលហ្ស៊ិក
 

លោកស្រី Eliane Tillieux (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Pham Minh Chinh

​លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកស្រី Eliane Tillieux ប្រធានសភាតំណាងនៃ​ព្រះរាជា​ណាចក្របែលហ្ស៊ិក បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរាល់ដំណើរទស្សនកិច្ចគ្រប់កម្រិតរវាងសភាទាំងពីរ ព្រមទាំងផ្តល់​ការគាំទ្រគ្នាទៅវិញទៅ មកនៅវេទិកាអន្តរសភាថ្នាក់តំបន់ និងពិភពលោក។

ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេនៅរាជធានីព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រី Chinh បានស្នើឱ្យសភាសហព័ន្ធបែលហ្ស៊ិកអនុម័តឱ្យបានឆាប់ៗ នូវកិច្ចព្រមព្រៀងការពារការវិនិយោគ EU-Vietnam (EVIPA) ដើម្បីគាំទ្រដល់ការ​លុប​ចោលការព្រមាន “កាតលឿង” របស់គណៈកម្មការអឺរ៉ុបជាមុនលើផលិតផលជលផលវៀតណាម និងជួយវៀតណាមក្នុងការ ស្រាវជ្រាវអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានមនុស្ស។ លោកស្រី Tillieux បានមានប្រសាសន៍ថា EVIPA គឺជាអាទិភាពកំពូល ហើយការពិភាក្សាផ្ទៃក្នុងកំពុង​ដំណើរ​ការដើម្បីផ្តល់សច្ចាប័នលើវា ដោយមានប្រសាសន៍ បន្ថែមទៀតថា វិនិយោគិនបែលហ្ស៊ិកជាច្រើនមានបំណងចង់ពង្រីក​ប្រតិបត្តិការនៅក្នុង​ប្រទេស​វៀតណាម។ ថ្លែងមតិអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្តូរទៅរកការនេសាទប្រកបដោយនិរន្តរភាព លោក ស្រី Tillieux បាន​ឯកភាព​ជាមួយសំណើរបស់លោកនាយករដ្ឋមន្ត្រី Chinh ក្នុងការពង្រឹងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីលើវិស័យកសិកម្ម ដោយបានមាន​ប្រសាសន៍ថា​លោកស្រី​ចាប់​អារម្មណ៍លើកិច្ច សហប្រតិបត្តិការកសិកម្មប្រកបដោយនិរន្តរភាព និងស្វាគមន៍កិច្ចសហការដើម្បី​ទប់ទល់នឹងការរំខាន​នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងធានាសន្តិសុខស្បៀងអាហារពិភពលោក។ ថ្នាក់ដឹកនាំបែលហ្ស៊ិកក៏បានសម្តែងការត្រៀមខ្លួន​ជាស្រេចដើម្បី​បង្កើនការសម្របសម្រួលជាមួយវៀតណាម ក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តជាសាកលក្នុងការយក​ឈ្នះលើបញ្ហាប្រឈម​បម្រែ​បម្រួល​អាកាសធាតុ។ លោកស្រី Tillieux ក៏បានគាំទ្រកិច្ចសហប្រតិបត្តិការរវាងថា្នក់តំបន់បែលហ្ស៊ិក និងមូលដ្ឋានវៀតណាម ក៏ដូចជាការផ្លាស់ប្តូរ​ប្រជាជន និងសកម្មភាពវប្បធម៌ ដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ។

លោកនាយករដ្ឋមន្ត្រី Chinh ក៏បានពាំនាំការអញ្ជើញឱ្យមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម ពីលោក Vuong Dinh Hue ប្រធានរដ្ឋ​សភា​វៀតណាម ជូនចំពោះប្រធានសភាតំណាងបែលហ្ស៊ិក ៕

http://ព័ត៌មានសភាអន្តរជាតិ ១៦-១២-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/pm-meets-president-of-belgian-chamber-of-representatives/245616.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`