លោកស្រី១ Kim Keon-hee (ឆ្វេង) និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol
កាលពីសប្តាហ៍មុន លោក Yoon Suk-yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានអញ្ជើញលោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ទទួលទានអាហារពេលល្ងាចនៅឯនិវេសនដ្ឋានប្រធានាធិបតីផ្លូវការ ហើយបានស្នើឱ្យលោក Kim ជួយអនុម័តផែនការថវិកាជាតិឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីប្រភពព័ត៌មាននានា កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២៣។
ប្រភពដដែលនេះ បានឱ្យដឹងទៀតថា មន្ត្រីគណបក្សកាន់អំណាចរូបនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap News Agency ថា ការទទួលទានអាហារពេលល្ងាចនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ ហើយក៏មានការចូលរួមផងដែរ ពីលោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង, លោក Kim Meong-su ប្រធានតុលាការកំពូល និងលោក Yoo Nam-seok ប្រធានតុលាការធម្មនុញ្ញ។ មន្ត្រីគណបក្សកាន់អំណាចរូបនេះ បានឱ្យដឹងទៀតថា «រូបលោកយល់ឃើញថា ថ្នាក់ដឹកនាំទាំងនោះ បានជួបពិភាក្សាគ្នាដោយភាពស្មោះត្រង់»។ បើតាមការប្រមើលទៅ លោក Yoon បានស្នើឱ្យប្រធានរដ្ឋសភាសម្របសម្រួលគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដើម្បីអនុម័តផែនការថវិកាជាតិ ដែលត្រូវបានព្យួរក្នុងរដ្ឋសភា អាចលើកយកមកអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ។
គណបក្សនយោបាយធំៗមួយចំនួន បានបរាជ័យក្នុងការអនុម័តសំណើសេចក្តីព្រាងច្បាប់នេះ ដែល ត្រូវបានកំណត់ដោយច្បាប់ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ លោក Yoon និងលោកស្រីទី១ Kim Keon-hee បានផ្លាស់ទៅរស់នៅនិវេសនដ្ឋានប្រធានាធិបតីថ្មីក្នុងតំបន់ Hannam-dong ក្បែរដ្ឋធានីសេអ៊ូល កាលពីខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីការជួសជុល និងរៀបចំកែលម្អអស់រយៈពេលជាច្រើនខែ។ និវេសនដ្ឋានប្រធានាធិបតីថ្មីនេះ កាលពីមុនជានិវេសនដ្ឋានផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការបេទេស ប៉ុន្តែ ត្រូវបានប្តូរទៅជានិវេសនដ្ឋានរបស់ប្រធានាធិបតីវិញ បន្ទាប់ពីលោក Yoon បានប្តូរទីតាំងខុទ្ទកាល័យប្រធានាធិបតីទៅនៅជិតតំបន់នោះ៕
http://ព័ត៌មានសភាអន្តរជាតិ ១៤-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://m.koreaherald.com/view.php?ud=20221213000240
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម