ប្រធានសភាអ៊ុយក្រែន និងប្រធានាធិបតីលីទុយអានីពិភាក្សាអំពីការដាក់ប្រទេសរុស្ស៊ីស្ថិតក្នុងភាពឯកកោជាអន្តរជាតិ
លោក Ruslan Stefanchuk ប្រធានរដ្ឋសភាអ៊ុយក្រែន (Verkhovna Rada) និងលោក Gitanas Nauseas ប្រធានាធិបតីនៃសាធារណរដ្ឋលីទុយអានី បានពិភាក្សាអំពីការដាក់សហព័ន្ធរុស្ស៊ីស្ថិតក្នុងភាពឯកកោជាអន្តរជាតិ។ តាមសេចក្តីរាយការណ៍ ការថ្លែងរបស់ប្រធានរដ្ឋសភាអ៊ុយក្រែនបែបនេះ ធ្វើឡើងនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក។ លោក Stefanchuk បានថ្លែងថា ការបណ្តេញ រុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរធ្វើឡើងក្រោមពាក្យស្លោកថា «រុស្ស៊ីមិនមានមុខក្នុងក្រុមប្រក្សានេះទេ!» លោក Stefanchuk បានពិភាក្សាអំពីបញ្ហាដាក់រុស្ស៊ីស្ថិតក្នុងភាពឯកកោជាអន្តរជាតិក្នុងកិច្ចប្រជុំជាមួយមិត្តភក្តិអ៊ុយក្រែន គឺលោកប្រធានាធិបតីលីទុយអានី Gitanas Nauseas។
លោក Stefanchuk បានថ្លែងក្នុងកិច្ចប្រជុំនោះថា ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីភាពចាំបាច់ត្រូវបង្កើតតុលាការពិសេសមួយ ដើម្បីដាក់សម្ពាធរុស្ស៊ីឱ្យទទួលខុសត្រូវលើឧក្រិដ្ឋកម្មនានា ដែលខ្លួនបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន និងប្រឆាំងអ៊ុយក្រែន។
លើសពីនេះទៀត លោក Stefanchuk បានថ្លែងថា ភាគីទាំងពីរ បានចាប់ផ្តើមពិភាក្សាអំពីការស្នើសុំចូលជាមាជិកសហភាពអឺរ៉ុប និងទស្សនវិស័យសម្រាប់សមាជិកភាពរបស់អ៊ុយក្រែនក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO)។ ក្នុងបរិបទនេះ លោក Stefanchuk បានថ្លែងអំណរគុណដល់រដ្ឋាភិបាលលីទុយអានី ដែលតែងតែជួយគាំទ្រអ៊ុយក្រែនជារៀងរហូតមក។
លោក Stefanchuk ក៏បានសង្កត់ធ្ងន់ផងដែរថា សារៈសំខាន់នៃការផ្តល់ជំនួយបច្ចេកទេស និង យោធាទៅឱ្យអ៊ុយក្រែន ជាអាវុធគឺជាតម្រូវការសម្រាប់យកជ័យជំនះ។ ហើយជ័យជំនះរបស់អ៊ុយក្រែននេះ គឺជាការធានាមួយសម្រាប់ទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី នឹងមិនឱ្យរាលដាលទៅដល់ប្រទេសនានានៅតំបន់អឺរ៉ុប។ លោក Stefanchuk បានថ្លែងអំណរគុណដល់រដ្ឋាភិបាលលីទុយអានីដែលបានជួយគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹងក្នុងនាមរដ្ឋ និងប្រជាជនអ៊ុយក្រែន។ លោក Stefanchuk កំពុងបំពេញទស្សនកិច្ចនៅប្រទេសលីទុយអានី៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-polytics/3629449-ukraine-parliament-speaker-lithuanian-president-discuss-international-isolation-of-russia.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម