សភាជប៉ុនពិនិត្យពិភាក្សាលើសេចក្តីព្រាងវិធានមួយចំនួនស្តីពី ការរៃអង្គាសវិភាគទានសម្រាប់សាសនា
នៅថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២ នេះ សភាជប៉ុន នឹងពិនិត្យពិភាក្យាលើសេចក្តីព្រាងច្បាប់មួយ ដែលអាចជួយប្រជាពលរដ្ឋ ដែលត្រូវបានធ្វើអាជីវកម្មដោយព្រះវិហារ Unification Church។ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងបញ្ញត្តិអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៃអង្គាសវិភាគទានសម្រាប់ក្រុមសាសនានានា។ គណបក្សកាន់អំណាចដ៏សំខាន់ជាងគេ គឺគណបក្សប្រជាធិបតេយ្យសេរី បានបញ្ជូនសេចក្តីព្រាងច្បាប់ដែលត្រូវបានពិនិត្យមើលឡើងវិញនេះ បន្ទាប់ពីគណបក្សប្រឆាំងធំ ២ បានអំពាវនាវឱ្យបង្កើនប្រសិទ្ធភាពបន្ថែមទៀត។ គណបក្សនយោបាយធំពីរ ចង់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទប់ស្កាត់អាជីវកម្មលើសាសនាទាំងនេះ មិនឱ្យប្រមូលវិភាគទានខុសពីសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។
ប៉ុន្តែ គណបក្សកាន់អំណាច បានឱ្យដឹងថា ខ្លួនពិបាកដាក់បញ្ចូលបម្រាមស្តីពី ការបរិច្ចាគដែល ត្រូវបានគេប្រមូលដោយដាក់កម្រិតនេះឡើយ។ គណបក្សកាន់អំណាច នឹងជំនួសវិញដោយតម្រូវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចេញការព្រមាន ឬចេញឈ្មោះអាជីវកម្មដែលរៃអង្គាសមិនត្រឹមត្រូវ។
គណបក្សប្រឆាំងបានឱ្យដឹងថា នៅតែមានឱកាសសម្រាប់ការកែលម្អឡើងវិញ។ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញបានថ្លែងថា «យើងគិតថា បម្រាមស្តីពី ការរៃអង្គាសដោយដាក់កម្រិតនេះ គឺជាចំនុចសំខាន់ ហើយប្រសិនបើរឿងនោះ មិនកែប្រែទេ នោះនៅតែមានបញ្ហាដដែល»។
លោក Motegi Toshimitsu អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី បានថ្លែងថា សេចក្តីព្រាងច្បាប់ដែលត្រូវពិនិត្យមើលឡើងវិញនេះ បានដាក់បញ្ចូលនូវអ្វីដែលស្របតាមប្រព័ន្ធច្បាប់បច្ចុប្បន្ន គណបក្សនយោបាយធំទាំងពីរ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការមួយនៅថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចពិភាក្សានេះ។ ក្រុមគណបក្សកាន់អំណាចចង់អនុម័តច្បាប់នេះ ក្នុងអំឡុងសម័យប្រជុំសភា នៅក្នុងឆ្នាំ២០២២ នេះ ដែលនឹងបញ្ចប់នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២ នេះ៕
http://ព័ត៌មានសភាអន្តរជាតិ ០៦-១២-២២-កែវ ធាវី ប្រែសម្រួលពី៖ https://www3.nhk.or.jp/nhkworld/en/news/20221205_38/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម