logo logo
banner1
ការស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិកមានការរំពឹងទាប ចំពោះសភានីតិកាលបន្ទាប់
 

ការស្ទង់មតិមួយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ប្រជាពលរដ្ឋអាមេរិកមិនរំពឹងថារដ្ឋាភិបាលអា មេរិកនឹងសម្រេចបានសមិទ្ធផលធំដុំឡើយ សម្រាប់រយៈពេលពីរឆ្នាំ​ខាងមុខ។ ក្នុងពេលដំណាលគ្នានេះ ការស្ទង់មតិមួយទៀតបានរកឃើញថា សាធារណជនជាច្រើនចង់ឱ្យសភាធ្វើការងារមួយចំនួន ដើម្បីជួយដពួកគេ តួយ៉ាងដូចជាការជួយឱ្​យឱសថដែលទិញតាមវេជ្ជបញ្ជា មានតម្លៃទាបជាងមុន ជាដើម។

​លទ្ធផលនៃការស្ទង់មតិមួយរបស់Pew Research Center ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ បានបង្ហាញថា៦៥% នៃប្រជាពលរដ្ឋពេញវ័យបាននិយាយថា ពួកគេគិតថា ក្នុងរយៈពេល២ឆ្នាំខាងមុខ លោកប្រធានាធិបតីJoe Biden នឹងមិនជោគជ័យឡើយ ក្នុងការធ្វើឱ្យកម្មវិធីនយោបាយរបស់លោកបានក្លាយជាច្បាប់។ ៦១% និយាយថា គេរំពឹងថាមេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងសភា ក៏នឹងមិនជោគជ័យដូចលោកចូបៃឌិនដែរ។ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីពេលថ្មីៗនេះ  គណបក្សសាធារណរដ្ឋ បានក្លាយជាគណបក្សគ្រប់គ្រងសភាតំណាង ចំណែកគណបក្សប្រជាធិបតេយ្យ វិញ មានអាសនៈលើសគណបក្សសាធារណរដ្ឋតែបន្តិចបន្តួចប៉ុណ្ណោះ ក្នុងព្រឹទ្ធសភា។ ក្តីរំពឹងរបស់ប្រជាពលរដ្ឋអាមេរិកនៅពេលនេះ គឺមានកម្រិតទាប ទាបដូចក្តីរំពឹងក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ ឆ្នាំ២០១៨ដែរ ពីព្រោះ​រដ្ឋាភិបាល​អាមេរិក​​​​ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២២នេះ គឺជារដ្ឋាភិបាលដែលបែកបាក់គ្នា។ លទ្ធផលនៃការស្ទង់មតិក្នុងឆ្នាំ២០១៨ បានបង្ហាញថា៦៣% នៃអ្នក​ចូល​​​រួមក្នុង​ការ​​ស្ទង់​​មតិ គិតថាលោកប្រធានាធិបតីDonald Trump នឹងបរាជ័យក្នុងការធ្វើឱ្យសំណើនានារបស់លោក ត្រូវបានអនុម័តដោយសភា។ ៦១%នៃអ្នកចូលរួម​ក្នុង​ការស្ទង់មតិ (ឆ្នាំ២០១៨) គិតថាមេដឹកគណបក្សប្រជាធិបតេយ្យនៅក្នុងសភា ក៏មិនជោគជ័យដែរក្នុងការសម្រេចឱ្យបាននូវឆន្ទៈរបស់ខ្លួន។

​មានតែ៨%ប៉ុណ្ណោះ នៃអ្នកចូលរួមក្នុងការស្ទង់មតិឆ្នាំ២០២២នេះរបស់Pew Research Center ដែលនិយាយថា ពួកគេរំពឹងថាទំនាក់ទំនងគណបក្សសាធារណរដ្ឋ និង​គណបក្ស​​ប្រជាធិបតេយ្យក្នុងឆ្នាំ២០២៣ នឹងមានភាពល្អប្រសើរជាងមុន។ លទ្ធផលនេះ គឺដូចគ្នានឹងលទ្ធផលនៃការស្ទង់មតិក្រោយ​ការបោះឆ្នោតពាក់កណ្តាលអាណត្តិ​ចំនួន២ កាលពីអតីតកាលដែរ។

​លទ្ធផលនៃការស្ទង់មតិរបស់Pew Research Center ក៏បានបង្ហាញផងដែរថា ជិតពាក់កណ្តាល (៤៨%)នៃអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ សង្ឃឹមថាលោកប្រធានាធិបតិ Joe  Biden នឹងទទួលបានជោគជ័យសម្រាប់រយៈពេល២ឆ្នាំខាងមុខ ហើយ៤៤%នៃអ្នកគាំទ្រគណបក្សសាធារណរដ្ឋសង្ឃឹមថា មេ ដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងសភា អាចនឹងធ្វើឱ្យកម្មវិធីនយោបាយរបស់ខ្លួនក្លាយជាច្បាប់បាន។

​នៅខណៈដែលភាគច្រើននៃអ្នកដែលគាំទ្រគណបក្សនីមួយៗ នៅតែមានសុដ្ឋិនិយមចំពោះអនាគត នៃគណបក្សរបស់ខ្លួន មួយភាគតូចនៃពួកគេនៅតែមានទស្សនៈថា អនាគត​របស់គណបក្សខ្លួន​ហាក់ខ្មៅងងឹតជាងមុន។ ១ភាគ៣ នៃអ្នកគាំទ្រគណបក្សសាធារណរដ្ឋ និយាយថាខ្លួនមានទុដិ្ឋនិយមចំពោះអនាគត របស់គណបក្សសាធារណរដ្ឋ។ មធ្យមភាគនេះ គឺខ្ពស់ជាងក្រោយការបោះឆ្នោត២០១៦ និង២០១៨។ ដោយឡែក២៨% នៃអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ និយាយថាខ្លួនមានទុដិ្ឋនិយមចំពោះ​អនាគត​នៃគណបក្សប្រជាធិបតេយ្យ។ ភាគរយនេះ គឺខ្ពស់ជាងក្រោយការបោះឆ្នោត ឆ្នាំ២០១៨ និងឆ្នាំ២០២០។

​ប្រជាពលរដ្ឋអាមេរិកមានហេតុផលក្នុងការសង្ស័យថា រដ្ឋាភិបាលអាមេរិកប្រហែលជាអាចនឹងជួប ការជាប់គាំង នៅប៉ុន្មានខែខាងមុខ។ ក្រៅពីការបែកបាក់គ្នារវាងអ្នក​នយោបាយ​​​គណបក្សប្រជាធិបតេយ្យ និងអ្នកនយោបាយគណបក្សសាធារណរដ្ឋ គណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងព្រឹទ្ធសភា គឺគ្រប់គ្រងដោយសារសំឡេង​លើស​តិចតួច​តែប៉ុណ្ណោះ ចំណែកគណបក្សសាធារណរដ្ឋដែលគ្រប់គ្រងសភាតំណាងវិញក៏គ្រប់គ្រង ដោយសារសំឡេងលើសបន្តិចបន្តួចដែរ ហើយគណបក្សទាំងពីរនេះបាន​ប៉ះទង្គិចគ្នារួច ហើយពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ទាក់ទងនឹងការចំណាយ។ សមាជិកសភាតំណាងរបស់គណបក្សសា ធារណរដ្ឋក៏បានសច្ចាហើយដែរថា នឹងធ្វើការស៊ើប​អង្កេតលើរដ្ឋបាលលោកប្រធានាធិបតីJob Biden។

ពាក់ព័ន្ធនឹងសំណូមពរប្រជាពលរដ្ឋចំពោះសភាសម្រាប់នីតិកាលថ្មីវិញ លទ្ធផលនៃការស្ទង់មតិមួយរបស់សាកលវិទ្យាល័យច្បាប់Marquette University Law School បានបង្ហាញថា ៩២% នៃប្រជាពល រដ្ឋពេញវ័យ(ទាំងអ្នកចូលចិត្តគណបក្សប្រជាធិបតេយ្យ និងអ្នកចូលចិត្តគណបក្សសាធារណរដ្ឋ) និយាយ ថា ពួកគេចង់ឱ្យសភាជួយចាត់​វិធានការ​រឹតត្បិតកំណើនតម្លៃថ្នាំដែលទិញតាមវេជ្ជបញ្ជា, ៨៤%និយាយថា ពួកគេចង់ឃើញសភាអនុម័តច្បាប់ថ្មីមួយស្តីពីការបោះឆ្នោត ដើម្បីការពារសិទ្ធិពលរដ្ឋគ្រប់រូប​ក្នុង​ការ​បោះឆ្នោត, ៧៨%នៃអ្នកចូលរួមស្ទង់មតិ ក៏គាំទ្រផងដែរឱ្យសភាជួយបង្កើនការផ្តល់ជំនួយរបស់រដ្ឋសហព័ន្ធទៅឱ្យរដ្ឋាភិបាលប្រចាំរដ្ឋ និងបង្កើនជំនួយដល់ការិយាល័យ​អប់រំខណ្ឌ (school districts) ដើម្បីយកទៅបង្កើនផលតបស្នងជូនគ្រូបង្រៀន, ៧៧%ចង់សភាជួយបង្កើនឥណទានពន្ធ(Tax Credit)សម្រាប់តម្លៃសិក្សារយៈ​ពេល២ឆ្នាំ​នៅ​​សាកល​វិទ្យាល័យ និងសាលាបច្ចេកទេស, ៧៥% ចង់សភាជួយបង្កើនឥណទានពន្ធសម្រាប់កម្មករដែលមានចំណូលទាប, ៧៤%ចង់ឱ្យសភាជួយបង្កើនពន្ធលើប្រាក់​ចំណូលដែលលើសពី៥០០,០០ដុល្លារ, ៧៤%ចង់ឱ្យសភាជួយបង្កើនផលិតកម្មប្រេង និងឧស្ម័នក្នុងសហរដ្ឋអាមេរិក…៕

http://ព័ត៌មានអន្តរជាតិ ០៤-១២-២២- មាស តូនី ប្រែសម្រួលពី៖ https://edition.cnn.com/2022/12/01/politics/congress-polls-expectations-biden-republicans/index.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`