logo logo
banner1
សភាអូស្រ្តាលីស្តីបន្ទោសអតីតនាយករដ្ឋមន្រ្តីSCOTT MORRISON ចំពោះការក្តោបអំណាចដោយសម្ងាត់
 

កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកScott Morrison អតីតនាយករដ្ឋមន្រ្តីប្រទេសអូស្ត្រាលីបានថ្លែងនៅក្នុងសភា អំពីសមិទ្ធផលសំខាន់ៗដែលរដ្ឋាភិបាល​របស់​លោកសម្រេចបាន ក្នុងនោះរួមមានផងដែរនូវស្នាដៃនៃការក្រោកតតាំងនឹងការសម្លុតរបស់ប្រទេសចិន។ ប៉ុន្តែក្នុងឱកាសនៃការថ្លែងខាងលើ លោកMorrison មិនបានទទួល​ជោគជ័យឡើយ ក្នុងតបតនឹងការរិះគន់របស់សភា ដែលចោទថា លោកបានក្តោបជាសម្ងាត់ នូវអំណាចជារដ្ឋមន្រ្តីនៃក្រសួងជាច្រើន។ លោកMorrison គឺជាអតីតនាយករដ្ឋមន្រ្តី​ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្តអូស្រ្តាលី ដែលរងការស្តីបន្ទោសពីរដ្ឋសភា។

​ញត្តិស្តីបន្ទោសដ៏កម្រមួយនេះ ត្រូវបានដាក់ជូនសភាពិនិត្យនិងអនុម័ត ដោយគណបក្សពលករ ជាគណបក្សមាននិន្នាការកណ្តាល-ឆ្វេងនិយម និងជាគណបក្សកំពុងគ្រប់គ្រង​រដ្ឋាភិបាល។ លោកMorrison បច្ចុប្បន្នជាសមាជិកសភាតំណាង និងអតីតជានាយករដ្ឋមន្រ្តីឆ្នាំ២០១៨-២០២២។ នៅក្នុងអំឡុងពេលនៃការកាន់អំណាច លោកMorrisonបានតែងតាំងខ្លួនឯងជារដ្ឋមន្រ្តីនៃក្រសួងចំនួន៥ ដោយសម្ងាត់ពីខែមីនា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ ដែលពេលនោះ សូម្បីតែរដ្ឋមន្រ្តីក្នុងតំណែងផ្ទាល់ ក៏មិនបាន​ដឹងរឿងរ៉ាវនេះដែរ។ ញត្តិស្តីបន្ទោសដែលត្រូវបានអនុម័តដោយសំឡង៨៦គាំទ្រ និង៥០ជំទាស់នេះ ត្រូវបានគណបក្សរបស់លោកMorrison ដែលបច្ចុប្បន្នជាគណបក្ស​ប្រឆាំង ចាត់ទុកថាជាការសងសឹកផ្នែកនយោ- បាយ(Political Payback)។ ទោះបីជាយ៉ាងនេះ ញត្តិបន្ទោសនេះ មិនផ្តល់ផលប៉ះពាល់ដល់តំណែង បច្ចុប្បន្នរបស់លោក​Morrisonឡើយ ប៉ុន្តែវាធ្វើឱ្យសាបរលាបដល់កិត្តិយសនយោបាយអតីតកាល។

​ចន្លោះពីខែមីនា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ លោកMorrison បានតែងតាំងខ្លួនឯងជា​រដ្ឋមន្រ្តីក្រសួងសុខាភិបាល រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងរតនាគារ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងប្រភពធនធាន។ ប៉ុន្តែលោកបានប្រើប្រាស់សិទ្ធិអំណាចខាងលើ តែម្តងប៉ុណ្ណោះ គឺនៅពេលដែលលោកទាត់ចោលការសម្រេច​ចិត្តរបស់ Keith Pitt រដ្ឋមន្រ្តីក្រសួងប្រភពធនធាន ពាក់ព័ន្ធគម្រោងការខួងប្រេងនៅក្នុងតំបន់ឆ្នេរប៉ែកជើងនៃទីក្រុងSydney។ ការច្រានចោលការសម្រេចចិត្តរបស់លោកPitt នាពេលនោះ ពីព្រោះលោកMorrison យល់ឃើញថា គម្រោងការនេះធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់រដ្ឋា- ភិបាលលោក នៅក្នុងការបោះឆ្នោតលើកក្រោយ។

​ញត្តិខាងលើបានស្តីបន្ទោសលោកMorrisonថា មិនបានជូនព័ត៌មានទៅឱ្យគណៈរដ្ឋមន្រ្តីរបស់លោក ទៅឱ្យសភា និងទៅឱ្យប្រជាជនអូស្រ្តាលី អំពីការដែលលោកផ្តល់ឱ្យ​ខ្លួនឯង​​នូវតំណែងជារដ្ឋមន្រ្តីនៃក្រសួងជាច្រើន។ ញត្តិនេះបានចោទប្រកាន់លោកMorrison ថាបានធ្វើឱ្យអាប់ឱនដល់ការទទួលខុសត្រូវនៃរដ្ឋាភិ បាលរបស់លោក និងធ្វើឱ្យ​សាធារណជនធ្លាក់ចុះទំនុកចិត្តចំពោះលទ្ធិប្រជាធិបតេយ្យអូស្រ្តាលី។

​កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកMorrison បានថ្លែងជាសាធារណៈជាលើកទី១ពាក់ព័ន្ធបញ្ហាដ៏ចម្រូងចម្រាសនេះ។ គូសបញ្ជាក់ ថារឿងរ៉ាវនៃការកាន់​អំណាច​​ដោយសម្ងាត់ខាងលើ បានលេចធ្លាយនៅពេលដែលលោកMorrison បានផ្តល់ការសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន២រូប ក្នុងខែសីហា ឆ្នាំ២០២២ អំពីការឆ្លើយតប​របស់​​រដ្ឋាភិបាលលោកចំពោះជំងឺឆ្លងកូវីដ-១៩។ ចាប់តាំងពីខែសីហា នោះមកលោកMorrison មិនដែលនិយាយជាសាធារណៈ អំពីបញ្ហាចម្រូងចម្រាសនេះឡើយ គឺគ្រាន់តែ​បញ្ចេញ សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរចំនួន២ តាមរយៈមេធាវីរបស់លោកតែប៉ុណ្ណោះ។

​លោកMorrison បានថ្លែងថា ការដែលលោកបានផ្តល់ឱ្យខ្លួនឯង នូវអំណាចបន្ថែមជារដ្ឋមន្រ្តីនៃក្រ សួងមួយចំនួនបែបនោះ ក៏ព្រោះតែនៅក្នុងស្ថាននោះប្រទេសអូស្រ្តាលី​កំពុងជាប់​ដៃ​ដោះស្រាយបញ្ហាដ៏មិនប្រាកដប្រជា និងប៉ាន់ស្មានមិនបាន។ ការរិះគន់លើករណីនេះ វាបានកើតឡើងក្នុងស្ថានភាពដែលប្រទេសបានវិលទៅមកមានសុវត្ថិភាព និងភាពស្ងប់ល្អ។

​លោកMorrison បានថ្លែងថា ទៅកាន់សភាតំណាងនៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ថា៖”ខ្ញុំមានមោទក ភាព… ពីព្រោះស្ថិតក្នុងស្ថានភាពដ៏មហាលំបាក រដ្ឋាភិបាលរបស់ខ្ញុំបានក្រោក​ឈរប្រឈមនឹងភាពដ៏មិន ប្រាកដប្រជា និងប្រឈមនឹងសម្លុតពីជើងខ្លាំងក្នុងតំបន់។ នៅពេលនោះ អូស្រ្តាលីកំពុងធ្វើដំណើរកាត់ព្យុះកាត់ភ្លៀង។” លោកMorrison បាន​ប្រាប់ទៅសភាថា ជើងខ្លាំងដែលសម្លុតប្រទេសអូស្រ្តាលីនា ពេលនោះ គឺប្រទេសចិន។ លោកMorrison បានថ្លែងបន្តទៀតថា៖”ប្រទេសអូស្រ្តាលីនាពេលនោះ បានប្រឈម​នឹងបញ្ហាដ៏លំបាកបំផុតមួយ ដែលមិនធ្លាប់ជួបប្រទះទាល់តែសោះ ចាប់តាំងពីក្រោយសង្រ្គាមលោក លើកទី២។ ប្រទេសអូស្រ្តាលីនាពេលនោះ ជួបបញ្ហាគ្រោះរាំងស្ងួត គ្រោះ​មហន្តរាយធម្មជាតិ ជំងឺឆ្លងទូទាំងពិភពលោក ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកនិងក្នុងប្រទេស ឥទ្ធិពលជំងឺឆ្លងរាតត្បាត និងអាកប្បកិរិយាដ៏ក្អេងក្អាងរបស់ប្រទេសចិន​ដែលចង់​បង្គាប់បញ្ជាប្រទេសអូស្រ្តាលី។”

​រដ្ឋាភិបាលថ្មីនៃនាយករដ្ឋមន្រ្តីAnthony Albanese ដែលកើតចេញពីការបោះឆ្នោត​ ក្នុងខែឧសភា ឆ្នាំ២០២២ បានលើកឡើងអំពីលទ្ធផលនៃការស៊ើបអង្កេត លើករណីក្តោប​អំណាច​​​ដ៏​​សម្បើមរបស់លោកMorrison។ លោកស្រីVirginia Bell ចៅក្រមតុលាការកំពូលដែលបច្ចុប្បន្នបានចូលនិវត្តន៍ បានផ្តល់អនុ-សាសន៍កាលពីសប្តាហ៍មុនថា ច្បាប់​បាន​​តម្រូវឱ្យការតែងតាំងឱ្យកាន់តំណែងជារដ្ឋមន្រ្តីទាំងអស់ ត្រូវជូនដំណឹងដល់សាធារណជន និងផ្នែកពាក់ព័ន្ធរបស់ក្រសួង-ស្ថាប័ន…។

http://ព័ត៌មានអន្តរជាតិ ០១-១២-២២- មាស តូនី ប្រែសម្រួលពី៖ https://www.marketwatch.com/story/australian-parliament-censures-former-prime-minister-for-secret-powers-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`