logo logo
banner1
រដ្ឋសភាបារាំងអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចមួយ ថ្កោលទោសចំពោះការបង្រ្កាបបាតុកម្ម ក្នុងប្រទេសអ៊ីរ៉ង់
 

កាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋបារាំង បានអនុម័តក្នុងសំឡេងជាឯកច្ឆន្ទលើសេចក្តីសម្រេចមួយ ថ្កោលទោសចំពោះការបង្រ្កាប​របស់​អាជ្ញាធរ​នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លើក្រុមបាតុករដែលធ្វើបាតុកម្មផ្ទុះឡើងក្នុងប្រទេសនេះ ក្រោយមរណភាពរបស់កញ្ញា Mahsa Amini​ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

​សេចក្តីសម្រេចនេះបាន សរសេរថា៖” សេចក្តីសម្រេចនេះមានគោលបំណងបង្ហាញការគាំទ្ររបស់រដ្ឋសភាបារាំង ចំពោះការតស៊ូរបស់ប្រជាពលរដ្ឋស្រី-ប្រុសអ៊ីរ៉ង់ ប្រកប​ដោយ​​ឆន្ទៈស្របច្បាប់ ដើម្បីការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពួកគេ ទោះបីជាត្រូវប្រឈមមុខនឹងការបង្ក្រាប ដែលរៀបចំឡើង ដោយរដ្ឋទេវាធិបតេយ្យ(theocratic state)ក៏ដោយ”។ សេចក្តីសម្រេចនេះ ក៏បានរៀបរាប់ផងដែរថា បារាំង ក្នុងនាមជាប្រទេសដែលមានបាវចនា”សេរីភាព, សមភាព, និងភាតរភាព” ចាំបាច់ត្រូវតែផ្ញើសារនៃ សេរីភាព សាមគ្គីភាព និងភាតរភាព ជូនទៅប្រជាពលរដ្ឋអ៊ីរ៉ង់។ សេចក្តីសម្រេចនេះអំពាវនាវឱ្យអាជ្ញាធរអ៊ីរ៉ង់​ គោរពកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ក្នុងការដោះស្រាយ​ជាមួយ​បាតុកម្ម។ សេចក្តីសម្រេចនេះ បានចោទប្រកាន់អាជ្ញាធរអ៊ីរ៉ង់ ថាបានប្រើប្រាស់កម្លាំងហួសហេតុដើម្បីបង្រ្កាបប្រជាពលរដ្ឋខ្លួនឯង​ ដែលទង្វើនេះគឺជាការរំលោភបំពាន​យ៉ាង​អយុត្តិធម៌ ​​​​ ចំពោះសេរីភាពនៃការបញ្ចេញមតិ។

​យោងតាមការរបាយការណ៍​​​របស់អង្គការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សអ៊ីរ៉ង់ មកទល់នឹងពេលនេះមានមនុស្សចំនួន៤៨០នាក់  បានបាត់បង់ជីវិត ដោយសារបាតុកម្ម​ខាងលើ។

​មុននឹងរដ្ឋសភាបារាំងធ្វើការបោះឆ្នោតលើសេចក្តីសម្រេចនេះ លោកស្រីCatherine Colonna រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង បានឆ្លៀតឱកាសនោះធ្វើការអំពាវនាវ​ជាថ្មី​ម្តងទៀត ឱ្យមានការដោះលែងជនជាតិបារាំងចំនួន៧រូប កំពុងជាប់ឃុំក្នុងប្រទេសអ៊ីរ៉ង់។ លោកស្រី​​ Catherine ធ្លាប់បានធ្វើការអំពាវនាវបែបនេះម្តង កាលពីថ្ងៃទី១២ ខែវិច្ឆិកា។

មានពលរដ្ឋនៃប្រទេសលោកខាងលិចជាង២០រូប ដែលភាគច្រើនជាអ្នកមានសញ្ជាតិពីរ ត្រូវបានជាប់ឃុំក្នុងប្រទេសអ៊ីរ៉ង់។ អង្គការអន្តរជាតិក្រៅរដ្ឋាភិបាលជាច្រើន បាន​ថ្កោលទោសទង្វើមួយនេះរបស់រដ្ឋា ភិបាលអ៊ីរ៉ង់ ដោយចាត់ថាជាទង្វើនៃការចាប់មនុស្សធ្វើជាចំណាប់ខ្មាំង ដើម្បីទាមទារឱ្យបរទេសធ្វើសម្ប ទានចំពោះប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងជាជនបរទេស…៕

http://ព័ត៌មានអន្តរជាតិ ៣០-១១-២២- មាស តូនី ប្រែសម្រួលពី៖ https://www.msn.com/en-in/news/world/french-national-assembly-unanimously-adopts-a-resolution-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`